ទេសរដ្ឋមន្រ្តី ថោង ខុន ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅបន្តរបស់គណបក្សស្រុកតាំងគោក

20-06-2026 14:35

(កំពង់ធំ)៖ លោកទេសរដ្ឋមន្រ្តី ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅបន្តរបស់គណបក្សស្រុកតាំងគោក ដោយមានការចូលរួមពីលោកអនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក លោកប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ លោកប្រធាន អនុប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៨, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំជាច្រើននាក់ទៀត។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណបក្សស្រុក បានឡើងធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់គណបក្សស្រុកតាំងគោកប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត និងលោក ថោង សុគន្ធ ប្រធានលេខាធិការដ្ឋាននៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក បានឡើងអានសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណបក្សប្រជាជនកម្ពុជា។

ក្រោយពីបានស្តាប់សេចក្តីរាយការណ៍ និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧រួច, លោកទេសរដ្ឋមន្ត្រី ថោង ខុន បានថ្លែងកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក និងបានណែនាំបន្ថែមឱ្យក្រុមការងារទាំងអស់ បន្កចុះអប់រំផ្សព្វផ្សាយឱ្យប្រជាជន និងមហាជនឱ្យបានយល់ច្បាស់អំពីជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមរយៈយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ, រួមគ្នាបំផុសស្មារតីរួបរួមកម្លាំងសាមគ្គីជាតិជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល និងចូលរួមគាំទ្រសមរភូមិមុខ ទាំង ស្មារតី សម្ភារៈ និងលើកទឹកចិត្តការប្រើប្រាស់ផលិតផលក្នុងស្រុក។

លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំឱ្យរួមគ្នាបណ្តុះស្មារតីស្នេហាជាតិ ចូលរួមអប់រំណែនាំឱ្យប្រជាជនដែលគ្រប់អាយុ ១៨ឆ្នាំ ដល់២៥ឆ្នាំ ឱ្យទៅចុះឈ្មោះបំពេញកាតព្វកិច្ចយោធា ដើម្បីពង្រឹងវិស័យការពារជាតិ ការពារបូរណភាពទឹកដី និងជាកិត្តិយសសម្រាប់ខ្លួនឯង, ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងករណីកើតមានឡើងនៅមូលដ្ឋានស្រុកតាំងគោក និងឃុំទាំង០៨។

ក្នុងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ លោកទេសរដ្ឋមន្រ្តី ថោង ខុន បានណែនាំដល់ក្រុមការងារ គណបក្សស្រុក គណបក្សឃុំ យកចិត្តទុកដាក់អនុវត្តឲ្យបានហ្មឺងម៉ាត់ទាំង ០៤ដំណាក់កាល ដោយត្រៀមលក្ខណៈសម្បត្តិពីចម្ងាយចាប់ពីពេលនេះតទៅ ពិសេសការពិនិត្យ និងជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់គណបក្ស សំដៅធ្វើឱ្យគ្រប់ឃុំទាំងអស់រក្សា និងពង្រឹងប្រៀបឈ្នះក្នុងការបោះឆ្នោត ហើយឃុំទាំង០៨ត្រូវធានានូវតំណែងជាប្រធានក្រុមប្រឹក្សាឃុំទាំង០៨ និងសម្រេចបង្កើនមួយអាសនៈបន្ថែមលើអាសនៈបច្ចុប្បន្ន, យកចិត្តទុកដាក់កសាងសមាជិកគណបក្សក្នុងជួរយុវជនដែលទើបគ្រប់អាយុបោះឆ្នោត សំដៅធានាសមាជិកបក្សមួយរូបសម្លេងឆ្នោតគាំទ្រមួយសន្លឹក និងធ្វើយ៉ាងណាកុំឱ្យគណបក្សប្រឆាំងឡើងសំលេងឆ្នោតឱ្យសោះ។

អ្វីដែលសំខាន់នោះ លោកទេសរដ្ឋមន្រ្តី ថោង ខុន ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋមូលដ្ឋាន, បន្តបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋ, បន្តដោះស្រាយប្រឈមរបស់ប្រជាពលរដ្ឋ ពិសេសការស្តារ និងជួសជុលផ្លូវដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ, ដោះស្រាយបញ្ហាសមធម៌ និងយុត្តិធម៌សង្គម និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរ។ ជាងនេះទៀត ក្រុមការងារ និងគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះជាប់នៅមូលដ្ឋាន ដើម្បីដឹងសុខទុក្ខ ក្តីកង្វល់ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងរួមគ្នាពិនិត្យ ដោះស្រាយឱ្យបានទាន់ពេលវេលា សំដៅបង្កើនភាពជឿជាក់មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជន៕