សមត្ថកិច្ចខេត្តស្វាយរៀង បន្ដប្រតិបត្តិការធ្វើរដ្ឋបាលចំហរ អគារទីតាំងរោងចក្រ២៦បន្ថែមទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រែងលបលួចប្រព្រឹត្តបទល្មើស Online Scams
20-06-2026 14:36
(ស្វាយរៀង)៖ ក្រោមការចង្អុលបង្ហាញ និងការដាក់ចេញនៅផែនការយ៉ាងម៉ឺងម៉ាត់មុតស្រួចរបស់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត, លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារគណ:បញ្ជាការឯកភាពបង្ក្រាប (Online Scams) ទទួលខុសត្រូវភូមិសាស្ត្រក្រុងស្វាយរៀង បន្តចុះធ្វើរដ្ឋបាលចំហរចំនួន ២៦រោងចក្របន្ថែមទៀត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្នុងភូមិសាស្ត្រក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក សរ សុដានី បានឲ្យដឹងថា រដ្ឋបាលចំហរយើងបន្តធ្វើជាប្រចាំដូចភ្លៀងរលឹម គឺមិនបន្ធូរដៃឡើយ ចំពោះទីតាំងដែលមិនមានការសង្ស័យពាក់ព័ន្ធការលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams) គឺក្រុមការងារបន្តចុះអប់រំណែនាំដាស់តឿន សម្រាប់ទីតាំងដែលសង្ស័យមានលួចលាក់ធ្វើសកម្មភាពឆបោក (Online Scamms) គឺក្រុមការងារគណ:បញ្ជាការឯកភាពនឹងចុះបង្ក្រាបភ្លាមៗ ដើម្បីធានាបានថា អាចតាមជីកដល់ឬសគល់ នៃបទល្មើសនេះឲ្យខានតែបានជាដាច់ខាត។
លោកបានគូសបញ្ជាក់ថា ដើម្បីអនុវត្តបទបញ្ជាលេខ០១បប ស្តីពីយុទ្ធនាការសម្អាតការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams) និងដើម្បីអនុវត្តផ្សព្វផ្សាយអនុក្រឹត្យលេខ០៣អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងតសើនៅប្រមូលផ្តុំ ដើម្បីធានាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណ: របស់រាជេដ្ឋាភិបាល លោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់មុតស្រួចបំផុតដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ភូមិ និងតួអង្គពាក់ព័ន្ធទាំងអស់ ត្រូវចុះធ្វើរដ្ឋបាលចំហរជាប្រចាំ នៅក្នុងភូមិសាស្ត្រជាក់ស្តែងរបស់ខ្លួន ដើម្បីធានាបានថា ក្នុងភូមិសាស្ត្រទាំងនោះ មិនមានការលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យាជាដាច់ខាត។
ការចុះធ្វើរដ្ឋបាលចំហរនេះ មិនមែនក្នុងចេតនារំខានដល់អ្នកវិយោគ ឬមុខរបរប្រចាំថ្ងៃរបស់បងប្អូនឡើយ ប៉ុន្តែធ្វើឡើងដើម្បីចូលរួមទាំងអស់គ្នាក្នុងគោលបំណងការការពារផ្ទះយើង ការពារមុខរបរសុច្ចរិតរបស់យើង ការពារកិត្តិយសមុខមាត់ខេត្តយើង ប្រទេសយើងទាំងអស់គ្នា។
លោកបានបន្តថា ទាំងម្ចាស់តំបន់សេដ្ឋកិច្ចពិសេស ទាំងថ្នាក់ដឹកនាំរោងចក្រទាំងអស់បានផ្តល់កិច្ចសហការយ៉ាងល្អ និងពេញលេញជាមួយក្រុមការងារ នេះបង្ហាញឲ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយរដ្ឋបាលខេត្ត ដើម្បីឈានឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុងនូវសកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams)នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងទាំងមូល នាពេលឆាប់ៗខាងមុខនេះ៕































