អ្នកនាំពាក្យក្រសួងព័ត៌មាន៖ «៣កុំ ១ការពារ» ជារបាំងការពារសង្គមពីព័ត៌មានក្លែងក្លាយ និងជំរុញផលិតមាតិកាផ្សព្វផ្សាយសក្តានុពលខេត្តកែប

20-06-2026 14:39

(កែប)៖ ខណៈព័ត៌មានក្លែងក្លាយកំពុងរីករាលដាលកាន់តែខ្លាំងតាមបណ្តាញសង្គម លោក ទេព​ អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវឱ្យមន្ត្រីព័ត៌មាន និងសាធារណជនរួមគ្នាបង្កើន ការប្រុងប្រយ័ត្ន និងអនុវត្តវិធីសាស្ត្រ «៣កុំ ១ការពារ» ដើម្បីទប់ស្កាត់ការរីករាលដាលព័ត៌មានមិនពិត និងការពារសុវត្ថិភាពព័ត៌មាន។

ការលើកឡើងដូចនេះ ខណៈលោក ទេព​ អស្នារិទ្ធ និងលោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប និងខេត្តកំពត ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប។

លោក ទេព​ អស្នារិទ្ធ បានបញ្ជាក់ថា វិធីសាស្ត្រ «៣កុំ ១ការពារ» រួមមាន៖

*ទី១៖ «កុំទាន់ជឿ» ពោលនៅពេលឃើញព័ត៌មានប្លែក ធ្វើឱ្យរំជើបរំជួល ឬគួរឱ្យភ័យខ្លាច ត្រូវគិតពិចារណា និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់ មុននឹងវាយតម្លៃថាជាការពិត ព្រោះព័ត៌មានទាំងនោះអាចជាការប្រឌិតឡើង ដើម្បីទាក់ទាញការចូលមើល (View)។
*ទី២៖ «កុំទាន់ចែករំលែក» ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ១៥វិនាទី ដើម្បីពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ហើយបើមិនប្រាកដប្រជា មិនត្រូវចែករំលែកបន្តឡើយ។
*ទី៣៖ «កុំប្រហែស» ដោយត្រូវថែរក្សាលេខកូដសម្ងាត់គណនីផ្ទាល់ខ្លួន និងចៀសវាងការចុចលើតំណភ្ជាប់ (Link) ប្លែកៗ ដែលគ្មានប្រភពច្បាស់លាស់។

លោកអនុរដ្ឋលេខាធិការ បានបន្ថែមថា «១ការពារ» គឺត្រូវការពារខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ តាមរយៈការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋ មានសមត្ថភាពក្នុងការវិភាគ ផ្ទៀងផ្ទាត់ និងប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ។

លោក ទេព​ អស្នារិទ្ធ បានគូសបញ្ជាក់ថា ក្នុងយុគសម័យឌីជីថល ប្រជាពលរដ្ឋគ្រប់រូប មិនត្រឹមតែជាអ្នកទទួលព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកផ្សព្វផ្សាយព័ត៌មានផងដែរ។ ដូច្នេះការគិតមុនជឿ ការផ្ទៀងផ្ទាត់មុនចែករំលែក និងការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយទំនួលខុសត្រូវ គឺជាកត្តាសំខាន់ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងរក្សាបាននូវសុខដុមរមនាក្នុងសង្គម។

ជាមួយគ្នានេះ លោក ទេព​ អស្នារិទ្ធ បានជំរុញមន្ត្រីព័ត៌មានខេត្តកែប ឱ្យខិតខំផលិតមាតិកាព័ត៌មាន និងកម្មវិធីផ្សព្វផ្សាយដែលឆ្លុះបញ្ចាំងពីសក្តានុពល និងសមិទ្ធផលរបស់ខេត្តកែប ដោយផ្តោតលើវិស័យទេសចរណ៍ កសិកម្ម វប្បធម៌ បរិស្ថាន សុខាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីលើកកម្ពស់មុខមាត់ខេត្ត និងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាការវិនិយោគបន្ថែម។

លោកបន្តថា ខេត្តកែបមានសក្តានុពលជាច្រើន ទាំងធនធានធម្មជាតិ តំបន់ទេសចរណ៍ និងផលិតផលក្នុងស្រុក ដែលចាំបាច់ ត្រូវមានការផលិតមាតិកាប្រកបដោយភាពច្នៃប្រឌិត និងគុណភាព ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជននាសម័យឌីជីថល។

លោក សោម កុសល អនុរដ្ឋលេខាធិការ ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប-កំពត.បានជំរុញឱ្យមន្ត្រីមន្ទីរព័ត៌មានខេត្តបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈ និងផលិតព័ត៌មានប្រកបដោយភាពត្រឹមត្រូវ ទាន់ពេលវេលា និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារព័ត៌មាន និងសាធារណមតិ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយទំនើប នាពេលបច្ចុប្បន្ន៕