មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បង្កើនការចែកចាយ និងផ្សព្វផ្សាយលេខបន្ទាន់ 1292 (Hote Line) ដើម្បីឲ្យពលរដ្ឋផ្តល់ព័ត៌មាន ងាយស្រួលកម្លាំងអាវុធហត្ថចុះអន្តរាគមន៍ទាន់ពេលវេលា (Video inside)

20-06-2026 14:59

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានណែនាំឲ្យមន្រ្តីបង្កើនចែកចាយ និងផ្សព្វផ្សាយលេខហតឡាញ 1292 (Hote Line) សម្រាប់ផ្តល់ជូនឲ្យប្រជាពលរដ្ឋរាយការណ៍ នៅពេលទទួលបានព័ត៌មាន និងហេតុការណ៍ផ្សេងៗកើតតាមមូលដ្ឋានងាយស្រួលកម្លាំងអាវុធហត្ថចុះជួយអន្តរាគមន៍។

សម្រាប់លេខ 1292 (Hote Line) នេះដែរ គឺទទួលការហៅចូលបានគ្រប់ប្រពន្ធ័ដោយមិនអស់លុយនោះទេ។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ តែងតែគិតគូរ និងយកចិត្តទុកដាក់ជួយសម្រួលការចំណាយ និងការលំបាករបស់ប្រជាពលរដ្ឋ ដើម្បីឱ្យមានភាពងាយស្រួល ក្នុងការផ្តល់ព័ត៌មានមកកាន់កម្លាំងជំនាញ់ឱ្យទាន់ពេល និងដើម្បីឱ្យកម្លាំងជំនាញចុះអន្តរាគមន៍ទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ។

លោកឧត្តមសេនីយ៍ត្រី បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ 1292 ឬហៅ (Hote Line) នេះយើងទាំងអស់គ្នាត្រូវមានការទទួលខុសត្រូវឱ្យបានខ្ពស់ជាកស្តែងនូវពេលយើងប្រើប្រាស់លេខ1292 (Hote Line) និងមានការរវល់ច្រើន។ តែទោះជាយ៉ាងណាដ៏ដោយ យើងទាំងអស់គ្នាត្រូវតែលះការហត់នឿយហើយធ្វើឱ្យបាននូវការងារនេះដើម្បីធានាសន្តិសុខ សុវត្តិភាព និងធានាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងអ្នកវិនិយោគ នៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថាសម្រាប់ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពអាចខលមកលេខអន្តរគមន៍បន្ទាន់ 1292 (ហើយការហៅចូលគ្រប់ប្រពន្ធ័មិនអស់ថវិកា)៕