និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចូលរួមវគ្គបណ្តុះបណ្តាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន (Video Inside)
20-06-2026 16:40
(ចិន)៖ ដោយអនុវត្តតាមអនុស្សារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប(AEU) និងវិទ្យាស្ថានសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហ្សឺជាំង និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចូលរួមកម្មវិធីបោះជំរំសិក្សា និងវគ្គបណ្តុះបណ្តាលឯកទេសស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិតនៅវិទ្យាស្ថានសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហ្សឺជាំង ទីក្រុងហាន់ចូវ ខេត្តហ្សឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦។
លោក យឹម រដ្ឋា ប្រធានការិយាល័យ ទំនាក់ទំនងអន្តរជាតិ និងមុខរបរនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបរាប់ថា ដំណើរទស្សនកិច្ចសិក្សានេះ គឺជាកម្មវិធីបោះជំរំសិក្សា និងវគ្គបណ្តុះបណ្តាលឯកទេស ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត (Study Camp: Training Program on E-commerce and Artificial Intelligence)។
កម្មវិធីនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់និស្សិតកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវ និងទទួលយកចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពីសាស្រ្តាចារ្យ និងនិស្សិតមកពីជំនាញ អក្សរសាស្ត្រចិនអក្សរសាស្ត្រអង់គ្លេស ពាណិជ្ជកម្មអន្តរជាតិ គ្រប់គ្រងពាណិជ្ជកម្ម នីតិសាស្ត្រគណនេយ្យ បច្ចេកវិទ្យាព័ត៌មាន និងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។
លោកបានលើកឡើងពីមូលហេតុ និងគោលបំណងចម្បងៗនៃដំណើរទស្សនកិច្ចសិក្សានេះថា៖
១៖ ការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យា៖ ដើម្បីបើកឱកាសឱ្យនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទទួលបានការបណ្តុះបណ្តាលផ្ទាល់លើវិស័យបច្ចេកវិទ្យាឈានមុខ គឺពាណិជ្ជកម្មអេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត (AI) ដែលជាតម្រូវការខ្ពស់ក្នុងសម័យកាលឌីជីថល។
២៖ ការផ្លាស់ប្តូរវប្បធម៌ និងភាសា៖ ដើម្បីពង្រឹងការយល់ដឹងបន្ថែមលើផ្នែកភាសានិងរៀបចំការផ្លាស់ប្តូរវប្បធម៌រវាងនិស្សិតខ្មែរ និង និស្សិតចិន។
៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ដើម្បីកសាងបណ្តាញទំនាក់ទំនង និងពង្រឹងរឹតចំណងមិត្តភាព
កិច្ចសហប្រតិបត្តិការអប់រំរវាងស្ថាប័នទាំងពីរឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។
ចំពោះអត្ថប្រយោជន៍ដែលគណៈប្រតិភូ និងនិស្សិតទទួលបានរួមមាន៖ ជំនាញផ្នែក E-Commerce ជំនាន់ថ្មី៖ យល់ដឹងស៊ីជម្រៅពីយុទ្ធសាស្ត្រទីផ្សារវីដេអូខ្លី (Short video market insights) និងរបៀបបង្កើត Multi-channel network ដើម្បីកសាងម៉ាកយីហោផ្ទាល់ខ្លួន (Personal IP)។ ការអនុវត្តប្រព័ន្ធ AI កម្រិតខ្ពស់៖ ទទួលបានបទពិសោធអនុវត្តជាក់ស្តែងក្នុងបន្ទប់ពិសោធន៍បញ្ញាសិប្បនិម្មិត (AI Comprehensive Practice) ព្រមទាំងចុះធ្វើកម្មសិក្សាដោយផ្ទាល់នៅក្រុមហ៊ុន Zhejiang iFLYTEK Intelligence Technology Co., Ltd. ដែលជាក្រុមហ៊ុនជំនាញខាង AI នៅប្រទេសចិន ផងដែរ។
ការយល់ដឹងពីវប្បធម៌ និងការអប់រំទំនើប៖ ទទួលបានការបើកចំហទស្សនវិស័យតាមរយៈកម្មវិធីសិក្សានៅក្រៅបរិវេណសាលា (Outdoor Study) ការទស្សនកិច្ចនៅ Shaoxing និងការស្វែងយល់ពីបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនទៀត។ សិក្សាស្វែងយល់ពីដ្រូន និងរបៀបបញ្ជាដ្រូនដោយផ្ទាល់ នៅវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍ ហ្សឺជាំង (ZPTC) ដែលមានទីតាំងស្ថិតក្នុងទីក្រុង Shaoxing ខេត្តហ្សឺជាំង ប្រទេសចិនប្រទេសចិន
ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនោះផងដែរ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ក៏បានចុះMoU ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍ ហ្សឺជាំង ដោយផ្តោតសំខាន់ចំនួន ៧ចំណុចដូចជា ៖ (១)បង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួមចំណែកជំរុញវិស័យអប់រំ ។ (២)ការផ្លាស់ប្តូរនិស្សិត៖ បើកឱកាសឱ្យនិស្សិតទៅសិក្សា និងស្រាវជ្រាវនៅសាកលវិទ្យាល័យដៃគូ។ (៣) ការផ្លាស់ប្តូរបទពិសោធរវាងសាស្ត្រាចារ្យ និងសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវ។ (៤)កម្មវិធីបណ្តុះបណ្តាលរួមគ្នា «ភាសាចិន និងជំនាញវិជ្ជាជីវៈ» ទាំងសាស្ត្រាចារ្យ និងនិស្សិត។ (៥) ការអភិវឌ្ឍធនធានអប់រំ៖ សហការគ្នាក្នុងការបង្កើតដេប៉ាតឺម៉ង់/ជំនាញសិក្សា ព្រមទាំងស្រាវជ្រាវអភិវឌ្ឍធនធាននិងស្តង់ដារបង្រៀនរួមគ្នា។ (៦) ចូលរួមចំណែកពង្រីកការផ្សព្វផ្សាយការអប់រំនៅក្រៅប្រទេស។ (៧)កម្មវិធីបោះជំរំសិក្សា។
សូមគូសបញ្ជាក់ផងដែរថា និស្សិតទាំងអស់នៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ទទួលបានការកោតសរសើរ
យ៉ាងខ្លាំងពីសំណាក់សាស្រ្តាចារ្យដែលបង្រៀន ជាពិសេសគឺថ្នាក់ដឹកនាំវិទ្យាស្ថាន បានលើកឡើងពីភាពឆ្លាតវៃ ភាពសកម្ម និងមានវិន័យ សីលធម៌ ចេះត្រង់ត្រាប់ងាយចាប់បាននូវមេរៀនដែលសាស្រ្តាចារ្យបានបង្រៀន។
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលរួចមក និស្សិតទាំងអស់នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីវិទ្យាស្ថានសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហ្សឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបានវិលត្រឡប់មកកាន់កម្ពុជាវិញដោយនាំមកនូវចំណេះដឹង និងបទពិសោធថ្មីៗប្រកដដោយមោទនភាព និងសុខសុវត្ថិភាពគ្រប់ៗគ្នា៕


















