លោក ចាយ បូរិន ចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ជូនលោកបណ្ឌិត យុទ្ធ ភូថង នៅគេហដ្ឋាន

20-06-2026 18:25

(ភ្នំពេញ)៖ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនលោកបណ្ឌិត យុទ្ធ ភូថង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅគេហដ្ឋាន ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងសម្ដេច ថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់ ជូនលោកបណ្ឌិត យុទ្ធ ភូថង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាល សម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

លោកបណ្ឌិត យុទ្ធ ភូថង បានថ្លែងថា «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្ដែងកតញ្ញុតាធម៌គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា មកផ្ដល់ឱ្យខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយសនិងក្ដីរំភើបរីករាយឥតឧបមា ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់ ពីសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ ស្របតាមគោលការណ៍និងប្រពៃណីដ៏ផូរផង់របស់គណបក្សប្រជាជនកម្ពុជា»។

លោកបណ្ឌិត បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី តាមរយៈការប្រើប្រាស់គ្រប់យន្តការច្បាប់អន្តរជាតិ ការចរចារដោយសន្តិវិធី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ។

លោកបណ្ឌិត បានគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងសម្ដេច ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមកនេះ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកវឌ្ឍនភាពជានិរន្តរ៍។

ទន្ទឹមនេះ លោកបណ្ឌិត បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើន ដែលឯកឧត្តមបណ្ឌិតធ្លាប់បានចូលរួមបម្រើឱ្យផលប្រយោជន៍ជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីជាបទពិសោធចែករំលែកជូនដល់យុវជន មានដូចជា៖
ក.ការងារគណបក្ស៖ ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ខ.សិក្សាវគ្គអប់រំនយោបាយ៖ ១) ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨១ សិក្សានយោបាយវគ្គមធ្យម នៅសាលាង្វៀនអាយគួក នៅទីក្រុងហូជីមិញ។ ២) ឆ្នាំ១៩៨២ សិក្សាវគ្គជំនាញការងារចាត់តាំង កសាងបក្សនៅសាលាង្វៀនអាយគួក នៅទីក្រុងហូជីមិញ។ ៣) ឆ្នាំ១៩៨២ សិក្សាដកបទពិសោធការងារចាត់តាំងកសាងបក្សនៅប្រទេសប៊ុលហ្គារី ហុងហ្គារី និងប្រទេសអាឡឺម៉ង់ខាងកើត។ ៤) ឆ្នាំ១៩៩០ ទៅរៀនដកបទពិសោធការងារគ្រប់គ្រងរដ្ឋបាល នៅប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី។ ៥) ឆ្នាំ១៩៩១ ទៅសិក្សាការងារគ្រប់គ្រងរដ្ឋបាលនៅប្រទេសជប៉ុន។

គ.ប្រវត្តិការសិក្សា៖ ១) នៅឆ្នាំ២០០៨ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកទេសវិទ្យា។ ២) នៅឆ្នាំ ២០២២ បញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប។

ឃ.ប្រវត្តិការងារ៖ ១) ឆ្នាំ១៩៧៩ បានចូលបម្រើការងារនៅក្នុងគណៈចាត់តាំងមជ្ឈិមបក្ស។ ២)ឆ្នាំ១៩៨២ ជាអនុប្រធានមន្ទីរគណៈចាត់តាំងមជ្ឈិម។ ៣) ឆ្នាំ១៩៨៤ ជាប្រធាននាយកដ្ឋានចាត់តាំងកសាងបក្សនិងបណ្តាអង្គការមហាជន នៃគណៈចាត់តាំងមជ្ឈិមបក្ស។ ៤) ឆ្នាំ១៩៨៦ ជាលេខាគណៈកម្មាធិការបក្ស បណ្តោះអាសន្ននៅខេត្តព្រៃវែង។ ៥) ឆ្នាំ១៩៩១ ជាប្រធានគណៈកម្មាធិការប្រជាជនខេត្តព្រៃវែង។ ៦) ឆ្នាំ១៩៩៩ ជាអភិបាលខេត្តកោះកុង។ ៧) ឆ្នាំ២០០៨ ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រី។ ៨) ពីឆ្នាំ២០០៨ មកទល់បច្ចុប្បន្ន ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាងនេះទៅទៀត លោកបណ្ឌិត បានចែករំលែកបទពិសោធ និងប្រវត្តិតស៊ូមួយចំនួន ដល់យុវជនគណបក្ស ដូចខាងក្រោម៖
១៖ សម្ដេចអគ្គមហាសេនាបតីតេជោ តែងមានប្រសាសន៍ថា កម្លាំងសាមគ្គីជាកម្លាំងស្នូលរបស់គណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមយ៉ាងកក់ក្ដៅទៅលើកម្លាំងយុវជនបន្តវេន ដែលជាកម្លាំងចលករក្នុងការដឹកនាំនាវាកម្ពុជា ដើម្បីឈានឆ្ពោះទៅរកត្រើយវឌ្ឍនភាពនិងភាពរុងរឿងជានិរន្តរ៍។
២៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មិនដែលទុកមន្រ្តីណាម្នាក់ចោលនោះទេ លើកលែងតែមន្រ្តីនោះបោះបង់ចោលគណបក្ស ។
៣៖ ភាពជាអ្នកដឹកនាំដែលមានភាពជោគជ័យ គឺត្រូវអាស្រ័យមន្រ្តីល្អ សហការីល្អ និងចេះបែងចែកការងារគ្នាធ្វើព្រោះគ្មានការងារណាមួយដែលជោគជ័យ ដោយគ្មានការសាមគ្គីគ្នានោះទេ។
៤៖ មន្រ្តីគណបក្សត្រូវស្មោះត្រង់នឹងគណបក្ស ធ្វើការងារបម្រើគណបក្ស និងត្រូវខិតខំធ្វើខ្លួនឱ្យល្អ ដើម្បីចូលរួមបម្រើគណបក្សនិងប្រទេសជាតិឱ្យមានការរីកចម្រើន។
៥៖ សូមគាំទ្រ លើសកម្មភាពចុះសួរសុខទុក្ខ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលបន្តប្រពៃណីដ៏ល្អរបស់ សម្ដេចតេជោ សកម្មភាពនេះ ជាការផ្សារភ្ជាប់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរវាងសមាជិកគណបក្សគ្រប់រូប និងគ្រប់ជាន់ថ្នាក់ ហើយសូមឱ្យបន្តសកម្មភាពដ៏ប្រពៃនេះ ឱ្យបានទូលំទូលាយពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន។

លោកប្រធានប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ ការខិតខំប្រឹងប្រែង របស់ឯកឧត្តមបណ្ឌិត ដែលបានចូលរួមចំណែកបម្រើគណបក្សនិងប្រជាជននាពេលកន្លងមក ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះបណ្ឌិត យុទ្ធ ភូថង និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី តាមជួយបីបាច់ថែរក្សា ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕