លោក ទេព អស្នារិទ្ធ៖ យុវជនត្រូវជ្រើសរើសផ្លូវក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ដើម្បីចៀសឆ្ងាយពីព័ត៌មានក្លែងក្លាយ
20-06-2026 19:21
(តាកែវ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាក់សំណួរពិចារណាដល់យុវសិស្សថាឦក្នុងនាមជាយុវជន តើប្អូនៗនឹងជ្រើសរើសផ្លូវមួយដែលប្រឈមនឹងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ឬជ្រើសរើសផ្លូវមួយទៀតដែលក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន»?
សំណួរដែលមានលក្ខណៈឱ្យមានការពិចារណានេះ មានគោលបំណងលើកទឹកចិត្តដល់យុវជន ជាពិសេសសិស្សានុសិស្ស ឱ្យចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខព័ត៌មានជាតិ។ ការងារនេះស្របទៅនឹងបេសកកម្មរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ការចោទសួរនេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ «យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលបានរៀបចំឡើងនៅវិទ្យាល័យ សុខ អាន ថ្នល់បំបែក ស្ថិតក្នុងទ្រាំង ខេត្តតាកែវ ដោយមានសិស្សានុសិស្សចូលរួមប្រមាណជាង១ ១០០នាក់។
ឆ្លើយតបនឹងសំណួរភ្លាមសិស្សានុសិស្សដែលបានចូលរួមក្នុងយុទ្ធនាការនេះ បានឆ្លើយយ៉ាងស្រុះ ព្រមៗគ្នាថា ក្នុងនាមជាយុវជន យើងត្រូវជ្រើសរើសផ្លូវដែលក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ក្នុងសង្គម។
លោក ទេព អស្នារិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់យុវសិស្ស ដែលបានជ្រើសរើសធ្វើជាភ្នាក់ងារសុវត្ថិភាពព័ត៌មានសម្រាប់សហគមន៍ និងសង្គមកម្ពុជា។
លោកបានជំរុញឱ្យយុវវ័យយើងប្រែក្លាយការប្តេជ្ញានេះទៅជាសកម្មភាពជាក់ស្តែង សម្រាប់ការអនុវត្តប្រចាំថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ការផ្សាយ ឬចែករំលែកព័ត៌មានបែបបំពុល ប្រឌិតក្លែងបន្លំ ឱ្យអស់ពីក្នុងលំហព័ត៌មានក្នុងសង្គម។
លោកក៏បានលើកទឹកចិត្តយុវសិស្សទាំងអស់ ឱ្យប្រើប្រាស់ឧបករណ៍ស្មាតហ្វូន (smart phone) ឱ្យចំគោលដៅ នោះគឺ ការប្រើដែលបម្រើសកម្មដល់ការសិក្សាប្រកបដោយប្រសិទ្ធភាព។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់ស្រទាប់យុវវ័យ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ១ការពារ» គឺកុំទាន់ជឿភ្លាមតាមអារម្មណ៍ឬការរំជើបរំជួលនៅពេលឃើញព័ត៌មានប្លែកដោយត្រូវផ្អាកហើយគិតសិន, កុំទាន់ចែករំលែក (Share) ប្រភពមិនច្បាស់លាស់ដើម្បីជៀសវាងការចែកចាយមេរោគនៃព័ត៌មានក្លែងក្លាយ និងកុំប្រហែសពេលប្រើប្រាស់បណ្តាញសង្គម ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានហូរចូល និងមិនត្រូវចុចលើតំណភ្ជាប់ (link) ចម្លែកឬមានភាពទាក់ទាញហួសហេតុឡើយ រួមផ្សំនឹង «១ការពារ» គឺការពារសន្តិសុខព័ត៌មានខ្លួនឯង៖ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងយកចំណេះដឹងនេះទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួនឱ្យបានយល់ដឹងទាន់ល្បិចកលនៃព័ត៌មានក្លែងក្លាយ៕

















