ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិខេត្តព្រះសីហនុ និងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយ AI
21-06-2026 12:57
(ព្រះសីហនុ)៖ ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានលើកទឹកចិត្តដល់មន្រ្តីព័ត៌មាន និងសាធារណមតិ ឱ្យបង្កើនកិច្ចសហការក្នុងការបំពេញភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់បណ្តាញសង្គមគ្រប់ទម្រង់ផងដែរ ដែលមានសារៈសំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការតាមដានក្តាប់ស្ថានភាពសាធារណមតិនៅក្នុងមូលដ្ឋាន ដើម្បីអាចចាត់វិធានការឆ្លើយតប និងបកស្រាយបំភ្លឺបានទាន់ ពេលវេលា ចំពោះក្តីកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសចំពោះព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI)។
ការលើកទឹកចិត្តបែបនេះរបស់ ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានធ្វើឡើនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» ជូនមន្ត្រីព័ត៌មាន និងសាធារណមតិខេត្តព្រះសីហនុ និងខេត្តកោះកុង។
ក្រោយវាគ្មិនចំនួន ២រូប ដែលរួមមានលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជំនាញជាន់ខ្ពស់មកពីលេខាធិការដ្ឋាន គ.ស.ព.ស. បានបញ្ចប់ការធ្វើបទបង្ហាញលើប្រធានបទដ៏មានសារៈសំខាន់, ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា ការរៀបចំពង្រឹងយន្តការការងារព័ត៌មាននិងសាធារណមតិ ជាពិសេសការពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងការអប់រំពន្យល់សាធារណជន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាស្ថិរភាពសង្គម ស្ថិរភាពនយោបាយ និងសន្តិភាពរបស់ប្រទេសជាតិទាំងមូល នៅចំពោះមុខបញ្ហាប្រឈមជាច្រើន ដែលកំពុងកើតឡើងទាំងនៅក្នុងពិភពលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសរបស់យើងផ្ទាល់។
មុននឹងបញ្ចប់វគ្គបណ្តុះបណ្តាល ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានផ្ដាំផ្ញើដល់សិក្ខាកាម ដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិទាំងអស់ទាំងនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ឱ្យបន្តពង្រឹងទំនាក់ទំនង និងស្មារតីនៃការធ្វើការងារជាក្រុមបន្ថែមទៀត ដោយហេតុថា ការងារព័ត៌មាននិងសាធារណមតិនេះមិនអាចធ្វើទៅបានដោយមនុស្សតែម្នាក់ ឬមនុស្សមួយក្រុមឡើយ ដោយទាមទារឱ្យមានការចូលរួមសហការពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់រាប់ចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន។
វគ្គបណ្តុះបណ្តាលបានបិទបញ្ចប់ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និងភាតរៈបំផុត៕




















