ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកឆែប ចុះពិនិត្យផ្លូវរងការខូចខាតនៅភូមិដងផ្លិត ដើម្បីត្រៀមជួសជុល   និងនាំអំណោយចុះសួរសុខទុក្ខសមាជិកបក្សមានជំងឺប្រចាំកាយ

21-06-2026 14:03

(ព្រះវិហារ)៖ លោក អ៊ូ សៅឌី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ចុះមូលដ្ឋានស្រុកឆែប និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំឆែបពីរ ស្រុកឆែប នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាតក្នុងភូមិដងផ្លិត ឃុំឆែបពីរ ដើម្បីត្រៀមលក្ខណៈជួសជុលកែលម្អឡើងវិញ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងមានសុវត្ថិភាព។

នៅក្នុងឱកាសនោះ លោក អ៊ូ សៅឌី បានថ្លែងគូសបញ្ជាក់ថា ការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រុមការងារនឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ដើម្បីពន្លឿនការជួសជុលផ្លូវនេះឱ្យបានឆាប់រហ័ស ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ លោក អ៊ូ សៅឌី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខសមាជិកគណបក្សដែលមានជំងឺប្រចាំកាយ និងបាននាំយកអំណោយរបស់លោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកឆែប ទៅប្រគល់ជូនដោយផ្ទាល់ ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងនាមលោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆែប លោក អ៊ូ សៅឌី បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខ និងការផ្តាំផ្ញើឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព រក្សាកម្លាំងកាយចិត្ត និងបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

សមាជិកបក្ស និងប្រជាពលរដ្ឋនៅភូមិដងផ្លិត ឃុំឆែបពីរ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងក្រុមការងារ ដែលបានចុះដល់មូលដ្ឋានជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕