លោក ខូយ រីដា៖ កម្ពុជាប្រកាន់ខ្ជាប់សន្តិភាព ប៉ុន្តែដាច់ខាតមិនលើកលែងចំពោះសត្រូវ ដែលមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាឡើយ
21-06-2026 17:08
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំធំ នៃស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បានរៀបចំពិធីជួបសំណេះសំណាល ជាមួយប្រធាន និងអនុប្រធានក្រុមបក្សសង្កាត់ព្រៃញី សរុបចំនួន៦០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់។
អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមាន លោក ម៉ក់ រ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមប្រឹក្សាខេត្ត, លោក ងួន ប៉ោសេង ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់ព្រៃញី រួមជាមួយថ្នាក់ដឹកនាំគណបក្សក្រុង មូលដ្ឋាន សាលារៀន មណ្ឌលសុខភាព និងតំណាងយុវជនទាំង៨ភូមិ។
ក្នុងឱកាសដ៏មានសារៈសំខាន់នោះ លោក ខូយ រីដា បានថ្លែងសារយ៉ាងមុតស្រួច ពាក់ព័ន្ធនឹងកិច្ចការការពារបូរណភាពទឹកដីថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាបាននឹងកំពុងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវយន្តការដោះស្រាយដោយសន្តិវិធី និងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាស្រឡាញ់សន្តិភាព និងចង់បានមិត្តភាពជាមួយប្រទេសជិតខាង ប៉ុន្តែប្រសិនបើភាគីណាមួយ នៅតែបន្តមហិច្ឆតាឈ្លានពានមកលើទឹកដីកម្ពុជា យើងក៏មិនលើកលែង ឬអត់ឱនឱ្យជាដាច់ខាត។ កម្ពុជាមានសិទ្ធិពេញលេញ និងត្រៀមខ្លួនជាស្រេចក្នុងការការពារអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស។
ថ្លែងក្នុងពិធីសំណេះសំណាល លោកប្រធានគណបក្សខេត្ត បានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ ត្រូវពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកបានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់គណបក្ស គឺកើតចេញពីការរួបរួមគ្នា។ ដូច្នេះសូមឱ្យលោក លោកស្រី រួមរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ប្រកាន់ខ្ជាប់នូវវិន័យបក្ស និងចុះជាប់មូលដ្ឋាន ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។
លោក ខូយ រីដា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងសមាជិកបក្សមូលដ្ឋាន ក្នុងការចូលរួមចំណែកការពារសន្តិសុខ និងអភិវឌ្ឍន៍សង្កាត់ព្រៃញី ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូល ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
































