ឯកអគ្គរដ្ឋទូតតួកគីយ៉េ​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីតួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ (Video inside)

22-06-2026 11:42

(ភ្នំពេញ)៖ លោក Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋ​តួកគី​យ៉េ​ប្រចាំកម្ពុជា ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងតួក​គី​យ៉េ និងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ។

ការប្តេជ្ញាបានធ្វើឡើង ក្នុងឱកាសលោកឯកអគ្គរដ្ឋទូត អញ្ជើញជួបសម្តែងការ​គួរ​សមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតតួកគីយ៉េបានបង្ហាញមោទនភាព ដែល​ត្រូវ​បាន​តែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បាន​វាយតម្លៃខ្ពស់​ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាងប្រទេសទាំងពីរនាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណដល់រាជ​រដ្ឋា​ភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងតួកគីយ៉េ និង​កម្ពុជា។

ក្នុងន័យនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញ ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីក​ចម្រើន​ ស៊ីជម្រៅ​ និង​ទូលំទូលាយបន្ថែមទៀតលើវិស័យជាច្រើន ក្នុងអាណត្តិ​ការ​ទូតរបស់លោកនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្ដែងការអបអរសាទរ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា និង​ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះភាពរីកចម្រើននៃ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាភាពជាដៃគូរ​កម្ពុជា-តួក​គីយ៉េ។

សម្ដេចមហាបវរធិបតី មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមអាណត្តិ​ការទូត​របស់លោក, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​នឹងកាន់​តែរឹងមាំ​ ស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតតួកគីយ៉េ ក៏បាន​ពិភាក្សាគ្នាក្នុងការបន្តពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​ ឱ្យកាន់តែ​រីក​ចម្រើនបន្ថែមទៀតលើវិស័យសំខាន់រួមមាន៖ សេដ្ឋកិច្ច វិនិយោគ​ និង​ ពាណិជ្ជ​កម្ម សន្តិសុខ និងការពារជាតិ​ អប់រំ​​ ទេសចរណ៍​ និង​បរិស្ថាន​ជាដើម។

មុននឹងបញ្ចប់ជំនួបនោះ សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យលោក​ឯក​អគ្គ​រដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បី​ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យ​កាន់តែទូលំ​ទូលាយ និងស៊ីជម្រៅបន្ថែមទៀត៕