តំបន់ទេសចរណ៍ធម្មជាតិប្រៀបឋានសួគ៌ «ភ្នំខ្នងផ្សារ» ទាក់ទាញភ្ញៀវទេសចរខ្ពស់, សប្តាហ៍នេះទទួលបានអ្នកទៅលេងកម្សាន្តជាង ១ពាន់នាក់
22-06-2026 12:00
(កំពង់ស្ពឺ)៖ តំបន់ទេសចរណ៍ធម្មជាតិសម្រស់ប្រៀបនឹងឋានសួគ៌ «ភ្នំខ្នងផ្សារ» កំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញក្នុងរដូវ «ទេសចរណ៍បៃតង» អន្ទងដួងចិត្តអ្នកទេសចរក្មេងចាស់ជាច្រើនឱ្យទៅលេងកម្សាន្ត។
របាយការណ៍ពីក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងសប្តាហ៍កន្លងទៅនេះ ពោលចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ មានភ្ញៀវទេសចរ ១,០១៤នាក់ បានទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ។
ភ្នំខ្នងផ្សារតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បាញល្បីនាទឹកដីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយសាងភាពល្បីរន្ទឺគ្រប់ទីកន្លែងព្រោះតែសម្រស់ដងគិរីបព្វតាដ៏ស្រស់បំព្រង។ ភ្នំខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុម៣ នៃខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ សម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំទាបខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។
តំបន់ទេសចរណ៍ធម្មជាតិ មានចម្ងាយពីរាជធានីភ្នំពេញប្រមាណតែ១៦៥គីឡូម៉ែត្រ ហើយកម្ពស់ភ្នំក៏មិនសូវខ្ពស់ ដែលជាលក្ខខណ្ឌមួយឱ្យអ្នកទេសចរពីរាជធានីភ្នំពេញ មិនចំណាយពេលយូរនោះឡើយក្នុងការទៅលេងកម្សាន្ត។ កម្ពស់ភ្នំ ដែលមិនសូវខ្ពស់ ក៏អនុញ្ញាតឱ្យអ្នកទេសចរមិនក្មេង ឬចាស់នោះទេ គឺពួកគាត់អាចធ្វើដំណើររួមគ្នាដោយថ្មើរជើងឡើងទៅលេងលើកំពូលភ្នំ ដែលជាបទពិសោធន៍ថ្មីនៃដំណើរកម្សាន្តផ្សារភ្ជាប់ជាមួយធម្មជាតិ។
បន្ថែមពីលើលក្ខណៈអំណោយផលទាំងនេះ ក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងផ្តើមចេញពីដំណើរចុះទៅដល់ផ្ទាល់របស់សម្តេចកាលពីកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនោះ មានហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានសាងសង់ឡើង ជួយសម្រួលបន្ថែមដល់អ្នកទេសចរទៅលេងកម្សាន្តនៅទីនោះ។
អនុវត្តផ្ទាល់ដោយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅតំបន់ទេសចរណ៍ធម្មជាតិភ្នំខ្នងផ្សារនេះ មានហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ត្រូវបានសាងសង់រួចរាល់មានដូចជា ផ្លូវលំក្រាលគ្រួសតភ្ជាប់ពីភូមិតាំងបំពង់ ទៅកាន់ជើងភ្នំ ដែលពីមុនផ្លូវនេះលំបាកធ្វើដំណើរខ្លាំង ហើយត្រូវចំណាយពេលយូរក្នុងការធ្វើដំណើរ។ ប៉ុន្តែបច្ចុប្បន្នអាចបើករថយន្តបាន ហើយធ្វើដំណើរបានលឿន។
នៅជើងភ្នំបានរៀបចំទីសំចត រួមមានមណ្ឌលព័ត៌មានជាមួយទីសង្គ្រោះបន្ទាន់ ផ្សារសហគមន៍ ហាងកាហ្វេសសហគមន៍ ចំណតរថយន្តក្រុង រថយន្តទេសចរណ៍ ទោចក្រយានយន្ត ប្រព័ន្ធទឹកអណ្ដូងអនាម័យដើរដោយថាមពលពន្លឺព្រះអាទិត្យ ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ សួនច្បារ បន្ទប់ងូតទឹកប្រុស-ស្រី បន្ទប់អនាម័យ ប្រុស-ស្រី-ជនពិការ ផ្ទះស្នាក់នៅរបស់ប្រជាសហគមន៍ដែលជាអ្នកគ្រប់គ្រងគោលដៅលម្ហែបៃតង។
ក្រៅពីនេះ ក្រសួងក៏បានរៀបចំផ្លូវថ្មើរជើងឡើងភ្នំថ្មី ពីជើងភ្នំ ទៅដល់ទីតាំងដានព្រះអង្គចម្ងាយប្រមាណជា៤គីឡូម៉ែត្រ ដោយមានកន្លែងដាក់សំរាម និងកន្លែងអង្គុយសម្រាកតាមដងផ្លូវក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃផងដែរ។
ក្រៅពីសមិទ្ធផលដែលបានរៀបរាប់នេះទៅ ក្រសួងបរិស្ថាន ក៏បានអភិវឌ្ឍនៅទីតាំងដានព្រះអង្គ (ចង្កេះភ្នំខ្នងផ្សារ) ដោយបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ រួមមានមណ្ឌលព័ត៌មានជាមួយនឹងទីសង្គ្រោះបន្ទាន់ ហាងលក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន ចំណតរថយន្តទេសចរណ៍-ទោចក្រយានយន្ត អាងស្តុកទឹក អណ្តូងទឹកសម្រាប់អ្នកថ្មើរជើងប្រើប្រាស់ បន្ទប់ងូតទឹកប្រុស-ស្រី បន្ទប់អនាម័យប្រុស-ស្រី-ជនពិការ និងជាពិសេសកន្លែងអង្គុយលម្ហែ បណ្តែតអារម្មណ៍គយគន់ទេសភាព និងស្រូបខ្យល់អាកាសដ៏ល្អបរិសុទ្ធពីធម្មជាតិបៃតង។
ជាអ្នកប្រតិបត្តិតាមការចង្អុលបង្ហាញរបស់សម្តេចនាយករដ្ឋមន្ត្រី, លោក អ៊ាង សុផល្លែត បានបង្ហាញនូវក្តីរីករាយ ក្រោយឃើញតំបន់ទេសចរណ៍ធម្មជាតិ «ភ្នំខ្នងផ្សារ» ក្លាយជាកន្លែងលំហែដ៏ទាក់ទាញសម្រាប់ប្រជាពលរដ្ឋខ្មែរ៕









