ការរៀបចំរួមគ្នាល្បុក្កតោ និងយោគៈ ជាស្ពានវប្បធម៌ថ្មីរវាងកម្ពុជា និងឥណ្ឌា អាចនឹងកើតឡើងនៅពេលខាងមុខ

22-06-2026 12:03

(ភ្នំពេញ)៖ ក្នុងបរិបទដែលការទូតវប្បធម៌កំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិ ការផ្តួចផ្តើមគំនិតរៀបចំការសម្តែងរួមគ្នារវាងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងយោគៈរបស់ឥណ្ឌា គឺជាគំនិតដ៏មានអត្ថន័យ និងគួរឱ្យចាប់អារម្មណ៍។

កន្លងទៅ កម្ពុជា និងចិន បានសហការគ្នារៀបចំការសម្តែងរួមរវាងក្បាច់គុនល្បុក្កតោ និងថៃជី នៅតំបន់ប្រាសាទអង្គរវត្ត ក្រុងសៀមរាប ប្រទេសកម្ពុជា។ កម្មវិធីនេះមិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជានិមិត្តរូបនៃមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក។ កន្លងទៅ ក៏មានការរៀបចំសម្តែងរួមគ្នារវាងយោគៈ និងថៃជី នៅទីក្រុងឆាងអាន ប្រទេសចិន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។

ដោយមើលឃើញពីភាពជោគជ័យនៃគំនិតនេះ មានការលើកឡើងថា កម្ពុជានិងឥណ្ឌា គួរពិចារណារៀបចំការសម្តែងរួមគ្នារវាងក្បាច់គុនល្បុក្កតោ និងយោគៈផងដែរ។ ជាការពិត ល្បុក្កតោ និងយោគៈ ទោះបីមានប្រភព និងគោលបំណងខុសគ្នាក៏ដោយ ប៉ុន្តែទាំងពីរសុទ្ធតែជាបេតិកភណ្ឌវប្បធម៌បុរាណដែលផ្តោតលើការអភិវឌ្ឍរាងកាយ ចិត្ត និងវិន័យផ្ទៃក្នុង។

ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ និងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិដោយអង្គការ UNESCO ។ ក្បាច់គុននេះបង្ហាញពីប្រាជ្ញា ភាពក្លាហាន និងអត្តសញ្ញាណរបស់ជាតិខ្មែរ។ ចំណែកយោគៈវិញ ជាវប្បធម៌បុរាណរបស់ឥណ្ឌា ដែលផ្តោតលើសុខភាព ការគ្រប់គ្រងអារម្មណ៍ និងការសម្រេចបាននូវតុល្យភាពរវាងរាងកាយ និងចិត្ត។ យោគៈក៏ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិផងដែរ។

ការរៀបចំការសម្តែងរួមគ្នារវាងល្បុក្កតោ និងយោគៈ នឹងក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏ពិសេសមួយ ដែលអាចបង្ហាញពីការជួបប្រទះគ្នារវាងអរិយធម៌បុរាណដ៏អស្ចារ្យពីរនៅអាស៊ី។ ប្រសិនបើការសម្តែងនេះត្រូវបានរៀបចំនៅតំបន់ប្រាសាទអង្គរវត្ត ឬទីតាំងបេតិកភណ្ឌសំខាន់ណាមួយរបស់កម្ពុជា នោះវានឹងជួយផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ។

នៅក្នុងជំនួបមួយ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានលើកឡើងថា ជាទូទៅស្ថានទូតរីករាយសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់យោគៈនៅកម្ពុជា។

ឆ្លើយតបសំណួរពី Fresh News ពាក់ព័ន្ធនឹងលទ្ធភាពនៃការរៀបចំព្រឹត្តិការណ៍រួមដែលក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនបុរាណខ្មែរ និងយោគៈ លោកទូតថ្លែងថា រហូតមកដល់ពេលនេះមិនមានគម្រោងរៀបចំព្រឹត្តិការណ៍រួមណាមួយនោះទេ ហើយរឿងនេះ ប៉ុន្តែជាទូទៅស្ថានទូតរីករាយសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់យោគៈនៅកម្ពុជា។

ជាមួយគ្នានេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកព្រឹទ្ធាចារ្យគុនល្បុក្កតោ អំ យុំ គ្រូនៅសាលាក្បាច់គុនល្បុក្កតោដំបងដែកខេត្តកំពង់ឆ្នាំង បានចាត់ទុកថា បើសិនជាមានការរៀបចំរួមគ្នា ល្បុក្កតោ និងយោគៈ វាជារឿងដ៏ល្អបំផុត ព្រោះល្បុក្កតោ និងយោគៈ សុទ្ធតែត្រូវបានទទួលស្គាល់ទូទាំងពិភពលោកដូចគ្នា។

បើតាមលោកព្រឹទ្ធាចារ្យ សម្រាប់សាលាក្បាច់គុនល្បុក្កតោដំបងដែកខេត្តកំពង់ឆ្នាំង មានបទពិសោធន៍គ្រប់គ្រាន់ ដោយធ្លាប់សម្តែងទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ ហើយសូម្បីតែជនជាតិអាមេរិកក៏ធ្លាប់មកហាត់នៅសាលាគុននេះដែរ។

ទំនាក់ទំនងកម្ពុជា-ឥណ្ឌា មានប្រវត្តិយូរលង់រាប់ពាន់ឆ្នាំ តាមរយៈការផ្លាស់ប្តូរវប្បធម៌ សាសនា ស្ថាបត្យកម្ម និងអរិយធម៌។ ដូច្នេះ ការសម្តែងរួមគ្នារវាងល្បុក្កតោ និងយោគៈ នឹងមិនមែនគ្រាន់តែជាកម្មវិធីសិល្បៈ ឬកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាការរំលេចឡើងវិញនូវចំណងមិត្តភាពប្រវត្តិសាស្ត្ររវាងប្រជាជាតិទាំងពីរ និងជាសារមួយអំពីសន្តិភាព ការគោរពគ្នា និងការរួបរួមតាមរយៈវប្បធម៌។

នៅក្នុងពិភពលោកដែលកំពុងប្រឈមមុខនឹងការប្រែប្រួល និងបញ្ហាប្រឈមជាច្រើន ការប្រើប្រាស់វប្បធម៌ជាស្ពានភ្ជាប់មនុស្ស និងប្រជាជាតិនានា គឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាព។ ការរួមបញ្ចូលគ្នារវាងល្បុក្កតោ និងយោគៈ អាចក្លាយជាគំរូថ្មីមួយនៃការទូតវប្បធម៌ ដែលនាំឱ្យកម្ពុជា និងឥណ្ឌា កាន់តែខិតជិតគ្នាថែមទៀតនៅក្នុងសតវត្សទី២១៕