ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឲ្យបានម៉ឺងម៉ាត់
22-06-2026 14:38
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យបានម៉ឺងម៉ាត់ ដោយអនុវត្តតាមវិធានការណ៍ជំនាញ និងគោលការណ៍ច្បាប់ឲ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំឲ្យមន្រ្តីជំនាញ ពង្រឹងការងារបង្ការទប់ស្កាត់ដ៏ម៉ឺងម៉ាត់ចំពោះបទល្មើសជួញដូរមនុស្ស និងបន្តបង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌឲ្យមានប្រសិទ្ធភាព។
ការណែនាំបន្តរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបន្តពង្រឹងលើការងារអនុវត្តតួនាទីភារកិច្ច និងការងារជំនាញឲ្យកាន់តែមាន ប្រសិទ្ធភាព ដែលមានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំឲ្យតាមបណ្តាអង្គភាព ត្រូវមានការគ្រប់គ្រងកម្លាំងក្រោមឱវាទឲ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់សួរសុខទុក្ខចំពោះមន្រ្តីដែលសម្រាកព្យាបាលជំងឺ និងមន្រ្តីខ្វះខាតក្នុង ជីវភាព៕







































