ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង ត្រូវបានប្រគេនព្រះសង្ឃ ប្រគល់ជូនជនភៀសសឹក វីរៈកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តឧត្តរមានជ័យ
22-06-2026 16:48
(ឧត្តរមានជ័យ)៖ ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភានៃព្រះពុទ្ធសាសនា និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃកម្ពុជា នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំព្រះមន្រ្តីសង្ឃជាន់ខ្ពស់រាជធានីខេត្ត តាមឋានានុក្រម ចូលរួមសំណេះសំណាលសួរសុខទុក្ខ និងចែកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជន ប្រគេនជូនព្រះសង្ឃ ប្រគល់ជូនជនភៀសសឹក វីរកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជាចំនួន ១០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ ។
នាឱកាសនេះលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានក្រាបបង្គំទូលថ្វាយថ្លែងព្រះអំណរគុណដល់ព្រះសិរីសម្មតិវង្ស ទេព ផាន ដែលនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មកប្រគេនព្រះសង្ឃ ជូនជនភៀសសឹក វីរកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានចំនួនប្រមាន ១០០០គ្រួសារ។
លោកបានមានប្រសាសន៍ថា សកម្មភាពចែកអំណោយជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជននាពេលនេះ បានបង្ហាញនូវកម្លាំងដ៏រឹងមាំនៃស្មារតីមហាសាមគ្គីជាតិខ្មែរជាធ្លុងមួយ កម្លាំងមហាសាមគ្គីជាតិខ្មែរនេះ នឹងក្លាយជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិគ្រប់ៗរូប ដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងការពារឱ្យបាននូវដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
នាឱកាសនោះដែរព្រះសិរីសម្មតិវង្ស ទេព ផាន បានមានព្រះថេរដីការថា គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង តែងយកចិត្តទុកដាក់ពីសុខទុក្ខ នឹងបានផ្តល់នូវព្រះរាជអំណោយមានដូចជា គ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ចំបាច់ ដើម្បីជួយសម្រាលបន្ទុករបស់ ព្រះសង្ឃ ជូនជនភៀសសឹក វីរកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមួយអន្លើរ ។
គួរបញ្ជាក់ថា ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង ដែលមកចែកជូននាពេលនេះរួមមាន៖
១៖ ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ៖ អង្ករ ៤តោន, ទឹកបរិសុទ្ធ ៦០០កេស, ទឹកសុីអុីវ ១១៥យួរ, ទឹកត្រី ១១៥យួរ, ត្រីខ ១០កេសធំ និងបច្ច័យ ១៥លានរៀល។
២៖ ប្រគេនទេយ្យទានព្រះសង្ឃ ៦២វត្ត ស្មើនឹង ៣១៥អង្គ ដោយប្រគេនព្រះសង្ឃចំនួន ៣១៥អង្គ ក្នុងមួយអង្គ ត្រៃលៀងមួយឈុត និងបច្ច័យ, ប្រគេនទេយ្យទាន ៦២វត្ត ក្នុងមួយវត្តទេយ្យទានមួយចំនួនធំ និងបច្ច័យ ២០ម៉ឺនរៀន ស្មើនឹង ១២,៤០០,០០០រៀល។
៣៖ ជូនវីរកងទ័ព វីរនគរបាល និងកងរាជអាវុធហត្ថ ក្នុងខេត្តឧត្តរមានជ័យ ចំនួន ១៨អង្គភាពធំ ដោយក្នុង ១អង្គភាព និងទេយ្យទានមួយចំនួនធំ (ទឹកបរិសុទ្ធ ,មី, ទឹកត្រី ,ទឹកសុីអុីវ ,ត្រីខ ,ទឹកក្រូច, បារី ,ផ្អក និងសៀង )និងបច្ច័យ២ លានរៀល សរុបបច្ច័យ ៣,៦០០,០០០រៀល ជូនថវិកា វីរកងទ័ព១៧០ ក្នុង ១នាក់ ២៥,០០០រៀល ជូនម៉ូតូវីរកងទ័ព ១២គ្រឿង។
៤៖ ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១ ០៥០គ្រួសារ ដោយក្នុង ១គ្រួសារទទួលបាន៖ ថវិកា ៣០០០០រៀល ,មី ទឹកត្រី ,ទឹកសុីអុីវ ,ត្រីខ និងទេយ្យទានផ្សេងៗទៀត។
សរុបថវិកាដែលចំណាយទាំងអស់មានចំនួន ១០៧,០២៥,០០០រៀល៕























