កាកបាទក្រហមកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី «ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!»
22-06-2026 17:22
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ២០២៦ ក្រោមប្រធានបទ «ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាក បាទក្រហមកម្ពុជា និងមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសមាជិកក្រុមយុវជន និស្សិត អ្នកស្ម័គ្រចិត្តចូលរួមបន្តការបរិច្ចាគឈាមសរុបជិត ៤០០នាក់ និងទទួលបានឈាម ២២៦ប្លោក។
នៅក្នុងឱកាសនោះលោកស្រី ពុំ ចន្ទីនី បានឱ្យដឹងថាកាកបាទក្រហមកម្ពុជា ដែលមានព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកទាំងទ្វេតែងតែយកព្រះទ័យ យកចិត្តទុកដាក់ចំពោះ កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តកក្រក ដែលជាកម្លាំង ចលករ/ឆ្អឹងខ្នងរបស់សមាគមជាតិ កាកបាទក្រហមកម្ពុជា (កក្រក) ដោយជំរុញ និងបណ្ដុះនូវឆន្ទៈ ផ្នត់គំនិត បំពេញការងារស្ម័គ្រចិត្តដោយ មិនគិតប្រយោជន៍តបស្នងវិញ ស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្ដរជាតិ និងអនុវត្តតាម យុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កក្រកដែលមានវិស័យអាទិភាពចំនួន៤ ក្នុងនោះវិស័យអាទិភាពសុខភាព និងការថែទាំ សុខភាពក្នុងសហគមន៍ ដោយគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ, ការពារ និងលុបបំបាត់ ជំងឺឆ្លង មិនឆ្លង, អន្ដរាគមន៍សុខភាពគ្រាអាសន្ន, សុខភាពមនុស្សចាស់ សង្គ្រោះបឋម និងលើកកម្ពស់សុខភាពបឋម។
លោកស្រីបន្តថា «ការបរិច្ចាគឈាមនាពេលព្រឹកនេះ មិនត្រឹមតែផ្តល់ការលើកទឹកចិត្តដល់អ្នកបរិច្ចាគឈាមតែប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយពីការយល់ដឹង និងសារៈសំខាន់នៃការ បរិច្ចាគឈាមជាប្រចាំ ដើម្បីជួយសង្គ្រោះជីវិត និងការលើកកម្ពស់ការយល់ដឹងពីវិជ្ជាសង្រ្គោះបឋម សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ថែមទៀតផង។ ប្រធានបទ “តំណក់ឈាមមនុស្សធ៌ម ! ផ្តល់ឈាមសង្រ្គោះជីវិត ! ” បង្ហាញឱ្យឃើញពីភាពមនុស្សធម៌ ក្តីមេត្តាករុណា និងទស្សនៈសន្តិភាពរបស់យើងទាំងអស់គ្នា។ ឈាមមួយប្លោក អាចជួយរក្សាជីវិតមនុស្ស៣នាក់។ ហើយការបរិច្ចាគរបស់យើងម្នាក់ៗ មិនត្រឹមជាការផ្តល់ឈាមប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺដែល កំពុងរង់ចាំ។ នៅពេលដែលមនុស្សម្នាក់ទទួលបានឱកាសរស់រានមានជីវិតឡើងវិញគឺជាសញ្ញានៃការកសាងសន្តិភាពក្នុងសហគមន៍ និងសង្គមទាំងមូល»។
លើសពីនេះទៅទៀត អ្នកបរិច្ចាគឈាម នឹងទទួលបានអត្ដប្រយោជន៍៦យ៉ាង ដូចជា៖ (១)កាត់បន្ថយជំងឺមហារីកនានា, (២)កាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹងក្នុងចិត្ត, (៣)កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល, (៤)កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឲ្យប៉ះពាល់ដល់ថ្លើមនិងលំពែង, (៥)ជួយឲ្យប្រសើរឡើងនូវសុខភាពបេះដូងនិងកាត់បន្ថយការឡើងទម្ងន់មនុស្សធ៌មប្រកបដោយសុឆន្ទៈក្នុងការជួយសង្រ្គោះជីវិតអ្នកជំងឺ។
លោកស្រីអគ្គលេខាធិការកាក បាទក្រហមកម្ពុជាបានថ្លែងបន្តថា ពាក្យស្លោកនៃកម្មវិធីពេលនេះ «តំណក់ឈាមមនុស្សធ៌ម ! ផ្តល់ឈាមសង្រ្គោះជីវិត ! » បានរំលេចពីគុណសម្បត្តិនៃការផ្លាស់ប្តូរជីវិត ដែលអ្នកបរិច្ចាគឈាមបានធ្វើ ចំពោះអ្នកដែលត្រូវការឈាម។ ដើម្បីសង្រ្គោះជីវិតការបង្ហាញអំពីអំណាចនៃសហគមន៍ និងសាមគ្គីភាពក្នុងការសង្គ្រោះជីវិត តាមរយៈទង្វើដ៏សាមញ្ញគឺ ផ្តល់ឈាម។ មួយវិញទៀតកម្មវិធីនេះស្វែងរកការបំផុសគំនិត ដោយការចែករំលែករឿងពិតរបស់មនុស្ស ដែលជីវិតរបស់ពួកគេត្រូវបានសង្គ្រោះ ដោយសារការបរិច្ចាគឈាម ឬបទពិសោធន៍ផ្ទាល់ខ្លួនពីម្ចាស់ជំនួយផ្ទាល់ ការលើកទឹកចិត្តអ្នកបរិច្ចាគទៀងទាត់ ឱ្យបន្តការផ្តល់ឱ្យ និងការលើកទឹកចិត្តបុគ្គលដែលមានសុខភាពល្អ ជាពិសេសមនុស្សវ័យជំទង់ ឱ្យក្លាយជាអ្នកបរិច្ចាគមុនគេបង្អស់។
ជាមួយគ្នាលោកស្រី បានអំពាវនាវដល់យុវជនទាំងអស់ សូមចូលរួមក្នុងបេសកកម្មសង្គ្រោះជីវិតតាមរយៈការក្លាយជាម្ចាស់ជំនួយជាប្រចាំ និងជាអ្នករួមចំណែកដល់ការផ្គត់ផ្គង់ឈាមមានសុវត្ថិភាព ដែលអាចទុក ចិត្តបាន។ សូមចងចាំថា ការបរិច្ចាគនីមួយៗអាចជួយសង្គ្រោះជីវិតបានដល់ទៅបីនាក់ អំពើសប្បុរសរបស់អ្នកអាចមានឥទ្ធិពលដល់ក្តីសង្ឃឹម និងការព្យាបាល។
ទន្ទឹមនឹងនេះលោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថាមជ្ឈមណ្ឌលជាតិផ្តល់ឈាមទទួលបានឈាមពីអ្នកស្ម័គ្រចិត្តច្រើនយ៉ាងកុះករពីគ្រប់ស្រទាប់វណ្ណៈ (កសិករ មន្ត្រីរាជការ ប៉ូលីស និងទាហាន) ប្រមាណ ៣២% នៃចំនួនប្រជាជនសរុប។ ទោះជាយ៉ាងណាចំនួនអ្នកស្ម័គ្រចិត្តមកបរិច្ចាគនៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់ជាមួយនឹងតម្រូវការប្រចាំថ្ងៃនៅឡើយទេ ជាក់ស្តែងគ្រាន់តែក្នុងរាជធានីភ្នំពេញមួយប៉ុណ្ណោះ គឺត្រូវការឈាមពី ៤០០ ទៅ ៥០០ ប្លោកក្នុងមួយថ្ងៃទៅហើយ។ ដូចនេះលោកស្រីសូមអំពាវនាវដល់សប្បុរសជនទាំងឡាយ (ទាំងអ្នកធ្លាប់ និងមិនធ្លាប់) ឱ្យអញ្ជើញមកចូលរួមបរិច្ចាគឈាម ដើម្បីឱ្យអត្រាអ្នកស្ម័គ្រចិត្តនៅកម្ពុជានៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងឱកាសនេះលោកស្រីវេជ្ជបណ្ឌិតឯកទេស ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់ និងការយកចិត្តទុកដាក់ដ៏ធំធេងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានជូនពរសម្តេចឱ្យមានសុខភាពមាំមួនដើម្បីគង់ជាម្លប់ដល់ប្រជាជាតិទាំងមូល។
ដោយឡែកលោក ហេង ពិទូ ទីប្រឹក្សាយុវជនកាកបាទក្រហម និងជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យមេគង្គកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែរៀបចំកម្មវិធីបរិច្ចាគឈាមនេះឡើង និងតែងតែយកចិត្តទុកដាក់ គិតគូរ ក៏ដូចជាចុះជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ទីកន្លែងដោយមិនខ្លាចនឿយហត់។ ក្នុងនាមជាយុវជន លោកនិងក្រុមការងារបានប្ដេជ្ញាចិត្តយកវីរភាពមនុស្សធម៌ និងសកម្មភាពខ្នះខ្នែងរបស់ថ្នាក់ដឹកនាំមកធ្វើជាគំរូប្រចាំខ្លួន ដើម្បីចូលរួមចំណែកជួយសង្គមទាំងកម្លាំងកាយ និងកម្លាំងចិត្ត។ លើសពីនេះលោកក៏បានចែករំលែក បទពិសោធន៍ផ្ទាល់ខ្លួនក្នុងការបរិច្ចាគឈាមជា លើកទី១០ក្នុងឱកាសនេះផងដែរ។
នៅក្នុងឱកាសនោះដែរយុវជនកាកបាទក្រហមកម្ពុជា បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណទៅដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកមានទឹកចិត្ត ហើយក៏បានរៀបចំកម្មវិធីនេះឡើង ដើម្បីបរិច្ចាគឈាមជូនទៅដល់អ្នកខ្វះខាត និងអ្នកដែលត្រូវការឈាមជាចាំបាច់ ព្រមទាំងជំរុញឱ្យសាធារណជន ប្រជាពលរដ្ឋ និងយុវជនកាកបាទក្រហម ចូលរួមបរិច្ចាគឈាមឱ្យបាន ២ដងក្នុងមួយឆ្នាំ។ ការកៀរគរកម្លាំងយុវជនឱ្យមកបរិច្ចាគឈាម គឺជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ ក្នុងការរួមចំណែកជួយសង្គម និងជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។ ហើយការបរិច្ចាគឈាមបានទៀងទាត់ មិនត្រឹមតែជាការជួយសង្គ្រោះអ្នកដទៃនោះទេ តែវាថែមទាំងផ្តល់ផលល្អដល់សុខភាពអ្នកបរិច្ចាគផ្ទាល់ ដូចជា៖ ជៀសផុតពីជំងឺដាច់សរសៃឈាម ការពារជំងឺមហារីក ជំងឺបេះដូង និងធ្វើឱ្យរាងកាយកាន់តែមានសុខភាពល្អប្រសើរ៕















































