រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្តលើការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
22-06-2026 20:24
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្ត លើការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត លេខាធិការដ្ឋាន ក្រុមការងារចល័ត ស្ថានីយជញ្ជីងអចល័ត និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើការងារដែលសម្រេចបាន និងបញ្ហាប្រឈមដែលជួបប្រទះក្នុងអំឡុងពេលអនុវត្តការងាររបស់មន្រ្តីជំនាញ ព្រមទាំងលើកឡើងពីដំណោះស្រាយ និងទិសដៅការងារ ដែលគ្រោងនឹងដាក់ចេញ ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា នៅតាមស្ថានីយជញ្ជីង ក្នុងការជំរុញការងារតាមដានត្រួតពិនិត្យការងារឱ្យកាន់តែមានប្រសិទ្ធភាព និងក្នុងគោលដៅក្នុងការកាត់បន្ថយការដឹកលើសទម្ងន់បំផ្លាញផ្លូវជាតិ និងជាការចូលរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍លើដងវិថីផងដែរ៕
















