គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាល នៅអគារខុនដូរ ភ្នំពេញកាឡាក់ស៊ីហ្គាដេន រកឃើញជនជាតិចិន ២នាក់ នៃអគារB ជាប់សង្ស័យ Online Scams
22-06-2026 21:53
(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ លោក ចេង មុនីរ៉ា បានដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាល នៅអគារខុនដូរ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ស្ថិតនៅភូមិបន្លារស្អិត សង្កាត់ឃ្មួញ ដោយបានជួបជនបរទេសស្នាក់នៅ ចំនួន ២២បន្ទប់ ស្មើនឹង២៤នាក់ ស្រី ០៧នាក់ និងមានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យ Online Scams ឡើយ។
ដោយឡែក អគារ B បន្ទប់លេខ១៦០៤ មានជនជាតិចិនចំនួន ០២នាក់ ភេទប្រុស និងសម្ភារវត្ថុតាង៖ IPAD ចំនួន ០៤គ្រឿង និងទូរសព្ទចំនួន ០១គ្រឿង និងបន្ទប់២៤០២ រកឃើញទូរសព្ទចំនួន ១៣គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន ០១គ្រឿង ជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបន្ទប់១៩០៤ រកឃើញវត្ថុតាង កាំភ្លើងខ្លីចំនួន ០២ដើម ម្ស៉ៅសក្រាមចំនួន ០២កញ្ចប់ ជញ្ជីងថ្លឹង ០១គ្រឿង គ្រាប់អាវុធខ្លី ៩MM ចំនួន ៥១គ្រាប់ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ០១ ខ្នោះដៃដែក ចំនួន ០១ កុំព្យូទ័រ LAPTOP APPLE ចំនួន ០១គ្រឿង ទូរសព្ទដៃចំនួន ០២គ្រឿង លិខិតឆ្លងដែនចំនួន ០៣ក្បាល អត្តសញ្ញាណបណ្ណសញ្ជាតិចិនចំនួន ០៧សន្លឹក បណ្ណការងារជនបរទេសចំនួន ០៣សន្លឹក កាតធនាគារ ១០សន្លឹក និងត្រា សម្គាល់ក្រុមហ៊ុនចំនួន០១។
ជនជាតិចិនចំនួន ០២នាក់ និងសម្ភារ:វត្ថុតាងខាងលើ ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត និងសម្រេចបិទឃ្លុំបន្ទប់លេខ១៦០៤ និងបន្ទប់១៩០៤ នៃអគារB ជាបណ្ដោះអាសន្ន៕



















