លោក រូប៊ីយ៉ូ ធ្វើដំណើរទៅតំបន់ឈូងសមុទ្រ ដើម្បីពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ជុំវិញកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

22-06-2026 22:55

(អាប៊ុយដាប៊ី)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) នឹងបំពេញទស្សនកិច្ចចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងដំណើរទស្សនកិច្ចនេះ លោក រូប៊ីយ៉ូ ក៏នឹងជួបប្រជុំជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ផងដែរ។ ថ្វីត្បិតតែមេដឹកនាំអារ៉ាប់គាំទ្រការបញ្ចប់សង្គ្រាមក្តី ប៉ុន្តែពួកគេព្រួយបារម្ភយ៉ាងខ្លាំងចំពោះលក្ខខណ្ឌមួយចំនួនក្នុងកិច្ចព្រមព្រៀងនេះ ជាពិសេសលទ្ធភាពនៃការផ្តល់មូលនិធិកសាងប្រទេស ៣០០ពាន់លានដុល្លារដល់អ៊ីរ៉ង់ ដែលពួកគេខ្លាចថាទីក្រុងតេហេរ៉ង់នឹងយកទៅពង្រឹងកងទ័ព និងផ្គត់ផ្គង់ក្រុមប្រដាប់អាវុធតំណាងខ្លួន។ ការដែលកិច្ចព្រមព្រៀងមិនបានរឹតត្បិតកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ក៏ជាក្តីកង្វល់ដ៏ធំមួយទៀតផងដែរ។

ប្រទេសទាំងនេះសុទ្ធតែជាទីតាំងមូលដ្ឋានយោធាយុទ្ធសាស្ត្ររបស់អាមេរិកនៅមជ្ឈិមបូព៌ា ហើយប្រសិនបើពួកគេបាត់បង់ទំនុកចិត្ត វានឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់យុទ្ធសាស្ត្រយោធារបស់ទីក្រុងវ៉ាស៊ីនតោន។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលអាមេរិក និងអ៊ីរ៉ង់ទើបតែបញ្ចប់ការចរចាជុំទី១ នៅប្រទេសស្វីស ហើយមានពេល ៦០ថ្ងៃ ដើម្បីសម្រេចកិច្ចព្រមព្រៀងជាស្ថាពរ ខណៈលោក រូប៊ីយ៉ូ នឹងព្យាយាមពន្យល់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះ ក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ និងស្តារសន្តិភាពក្នុងតំបន់៕