បន្តក្តីសង្ឃឹមលើ «ភូមិរង់ចាំ»៖ ជនភៀសសឹកនាំគ្នាដាំដំណាំទ្រទ្រង់ជីវភាព ប្រកួតយកថវិកាឧបត្ថម្ភ​ពីរដ្ឋមន្ត្រីកសិកម្ម (Video inside)

23-06-2026 11:25

(បន្ទាយមានជ័យ)៖ វិបត្តិ និងទុក្ខលំបាកកើតចេញពីការឈ្លានពានបំពានច្បាប់របស់កងទ័ពថៃ មក​លើភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរក្នុងទឹកដីខេត្តបន្ទាយមានជ័យ មិនបានផ្តាច់នូវក្តីសង្ឃឹមរបស់​ពួក​គេ​នោះឡើយ។ ពីលើទឹកដីភូមិរង់ចាំ រង់ចាំការដណ្តើមមកវិញនូវផ្ទះ និងដីកំណើតរបស់ខ្លួន ប្រជា​ពល​រដ្ឋជាជនភៀសសឹក បាននឹងកំពុងប្រឹងតស៊ូជម្នះការលំបាកទាំងឡាយ ចាប់យកពន្លឺជីវិត និង​ក្តី​សង្ឃឹមជាថ្មី។

ជាមួយនឹងផ្ទះសម្បែង ក៏ដូចជាដីដែលរាជរដ្ឋាភិបាល បានផ្តល់ជូនពួកគេនោះ ពួកគេបានប្រែក្លាយដី​ធ្លាប់ជាទីវាលរហោឋានទៅជាដីបោរពេញដោយផលដំណាំលូតលាស់យ៉ាងល្អ។ ផលដំណាំ​ដែល​លូត​លាស់ដ៏ល្អនេះ បាន​បង្ហាញឱ្យឃើញនូវភាពឧស្សាហ៍ព្យាយាមរបស់ប្រជាពលរដ្ឋជ​ន​ភៀស​សឹក។ ពន្លកដំណាំដែលលូតលាស់បានបង្ហាញច្បាស់ពីពន្លកនៃក្តីសង្ឃឹម ការអំណត់ព្យាយាមរបស់ជនភៀសសឹកពីសម្ពាធជីវិតបន្សល់ដោយទង្វើឈ្លានពានរបស់កងទ័ពថៃ។

សូមបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់ការដាំដុះផលដំណាំនៅលើភូមិរង់ចាំនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមការងារ បានផ្តល់គោលការណ៍ឱ្យជន​ភៀសសឹករៀបចំការប្រឡងប្រណាំងផ្ទះស្អាត(៣ខែម្តង)។ ចលនាប្រឡងប្រណាំងនេះ គឺជ្រើសយក៣ខ្នងផ្ទះ និងការប្រឡងប្រណាំងភូមិស្អាតផងដែរ។

ក្នុងនោះផ្ទះទទួលបានលេខ១ ទទួលបានថវិកា ៣ ០០០ដុល្លារ ផ្ទះទទួលលេខ២ ទទួលបានថវិកា ២ ០០០ដុល្លារ និងផ្ទះទទួលបានលេខ៣ ទទួលបានថវិកា ១ ០០០ដុល្លារ។ រីឯភូមិស្អាតនឹងមានការឧបត្ថម្ភដែរ៕