ភរិយារដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខមន្ត្រីរាជការជានិវត្តជននៃក្រសួងព័ត៌មាន នៅតាមគេហដ្ឋាន
23-06-2026 13:51
(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញបានចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការមប្រើការងារនៅក្រសួងព័ត៌មាន ចំនួន២រូប។
និវត្តជនទាំង២រូបនេះរួមមាន៖ ទី១. លោក ធន់ សារឹម ជាអតីតមន្ត្រីរាជការបម្រើការងារនៅអគ្គលេខាធិការដ្ឋាន និងទី២. លោកស្រី ហួត ផល្លីន ជាអតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
ពិធីនេះអមដំណើរដោយលោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាសមាជិក អ.ន.ក វិស័យព័ត៌មាន, លោកស្រី ទេស ផល្លីន អគ្គលេខាធិការ ជាសមាជិក អ.ន.ក វិស័យព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន និងលោក លោកស្រី ជាសមាជិក សមាជិកាលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន។
ក្នុងឱកាសនោះនិវត្តជនទាំង២រូប ដោយម្នាក់ៗទទួលបានអង្ករ ៣បេ មី ២កេស ត្រីខ ១កេសធំ ទឹកសុទ្ធ ២កេសធំ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានជូនដំណឹងអំពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ជូនដល់និវត្តជនទាំងពីររូប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និត និងទទួលបានការយកចិត្តទុកដាក់បន្ថែម។
ការចុះសួរសុខទុក្ខនេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះអតីតមន្ត្រីរាជការ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ ក្នុងវិស័យព័ត៌មាននាពេលកន្លងមក។
សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានិវត្តជននៃក្រសួងព័ត៌មានជិត ២០០រូប លក្ខណៈទ្រង់ទ្រាយធំជាលើកទី១ផងដែរ។
ក្នុងឱកាសជួបសំណេះសំណាលសាកសួរសុខទុក្ខនិវត្តជនក្រសួងព័ត៌មាន លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក នេត្រ ភក្ត្រា ហើយជានិច្ចកាលលោករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មានព័ត៌មាន តែងតែនឹករលឹកដល់គុណបំណាច់របស់និវត្តជនដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
ក្នុងជំនួបលើកទី១ ជាមួយនិវត្តជនក្រសួងព័ត៌មានជិត២០០នាក់ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការចូលនិវត្តន៍ គឺជាការបញ្ចប់ភារកិច្ចផ្លូវការក្នុងក្របខ័ណ្ឌរដ្ឋបាល ប៉ុន្តែ មិនមែនជាការបញ្ចប់តម្លៃ បទពិសោធន៍ និងការចូលរួមចំណែកចំពោះសង្គមជាតិឡើយ។ និវត្តជន នៃក្រសួងព័ត៌មាន នៅតែជាធនធានដ៏មានតម្លៃ ជាអ្នកណែនាំជាអ្នកផ្តល់បទពិសោធន៍ និងជាម្លប់គំនិតសម្រាប់មន្ត្រីជំនាន់ក្រោយ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «សម្រាប់ក្រសួងព័ត៌មាន ការចូលនិវត្តន៍មិនមែនជាការចាកចេញពីគ្រួសារក្រសួងនោះទេ វាគ្រាន់តែជាការផ្លាស់ប្តូរតួនាទី ពីអ្នកដែលបំពេញភារកិច្ចប្រចាំថ្ងៃ ទៅជាម្លប់បទពិសោធន៍ ម្លប់គំនិត និងកម្លាំងស្មារតីសម្រាប់អ្នកជំនាន់ក្រោយ។ ក្រសួងព័ត៌មាន នៅតែចាត់ទុកនិវត្តជន ជាសមាជិកនៃគ្រួសាររបស់ក្រសួងព័ត៌មាន ជានិច្ច បើទោះបីមិនបានបម្រើការងារប្រចាំថ្ងៃ នៅក្នុងក្រសួងដូចមុនក៏ដោយ»៕




























