ប្រកាសចូលកាន់តំណែងលោក ម៉ឹង ស៊ីនាថ ជាអភិបាលរងខេត្តរតនគិរី ជំនួសលោក មួង ប៉ាង ដែលត្រូវបានផ្ទេរភារកិច្ចថ្មី
23-06-2026 15:22
(រតនគិរី)៖ លោក អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែង លោក ម៉ឹង ស៊ីនាថ អភិបាលរងខេត្តរតនគិរី ជំនួសលោក មួង ប៉ាង ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារជាអភិបាលរងខេត្តមណ្ឌលគិរី។
ពិធីនេះមានការចូលរួមពីលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងលោក លោកស្រីគ ណៈប្រតិភូអមដំណើរ, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, សាលាដំបូងខេត្ត, មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោក លោកសី ប្រធាន- អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត, លោក លោកស្រីប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក, ប្រធានទីស្នាក់ការច្រកទ្វារព្រំដែន, លោក-លោកស្រីមេឃុំ ចៅសង្កាត់ជាច្រើនរូបទៀត។
បន្ទាប់ពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ស្វាគមន៍រួចមក, លោក អ៊ុត សំអន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា, គណៈអភិបាលខេត្តរតនគិរី ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល ជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលកំពុងដឹកនាំកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកបន្តថា ការរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណអភិបាលខេត្តរតនគិរី នាពេលនេះ គឺយោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធការងារកន្លងមក និងសំណូមពរចាំបាច់ រាជរដ្ឋាភិបាលបានសម្រេចតែងតាំង លោក ម៉ឹង ស៊ីនាថ ពីនាយករដ្ឋបាលសាលាខេត្តរតនគិរី មកជាអភិបាលរងនៃគណៈអភិបាលរតនគិរី ហើយលោកសង្ឃឹម និងជឿជាក់ថា លោកអភិបាលរងដែលទើបនឹងទទួលការផ្ទេរមុខតំណែង នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធការងាររបស់ខ្លួន ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានខេត្តរតនគិរីឲ្យកាន់តែមានភាពរីកចម្រើន និងទទួលបានសមិទ្ធផល ថ្មីៗថែមទៀត។
លោករដ្ឋលេខាធិការ ក៏បានស្នើឲ្យក្រុមប្រឹក្សា, គណៈអភិបាលខេត្តរតនគិរី, មន្ទីរអង្គភាព មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ សូមផ្តល់ការគាំទ្រដល់លោកអភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ដែលទើបចូលកាន់មុខតំណែងថ្មី ដើម្បីរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច-សង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងរួមគ្នាធ្វើការអភិវឌ្ឍមូលដ្ឋានខេត្តកាន់តែមានការរីកចម្រើនបន្ថែមទៀត៕





















