Fresh Exclusive: ក្រោយការចរចា អាមេរិក-អ៉ីរ៉ង់៖ តើតម្លៃប្រេងពិភពលោក កំពុងធ្វើដំណើរទៅរកទិសដៅណា? (Video inside)
23-06-2026 17:45
(ភ្នំពេញ)៖ ក្រោយការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តម្លៃប្រេងពិភពលោក បានធ្លាក់ចុះជា លំដាប់។ប្រេង Brent បានធ្លាក់ចុះមកក្រោម ៨០ ដុល្លារក្នុងមួយបារ៉ែល ខណៈទីផ្សារកំពុងរំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកដំណើរការធម្មតាវិញ។ តើទិសដៅប្រេងនាអនាគត នឹងធ្វើដំណើរទៅកាន់ទីណា?
Fresh Exclusive មានអត្ថបទ ស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
កាលពីប៉ុន្មានខែមុន ពិភពលោក បានត្រៀមខ្លួនសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុតមួយ គឺតម្លៃប្រេងអាចកើនឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់រីករាលដាល ហើយច្រកសមុទ្រ Hormuz ត្រូវបានបិទទាំងស្រុងនោះ។ ប៉ុន្តែថ្ងៃនេះ ទីផ្សារប្រេង កំពុងផ្ញើសារផ្ទុយគ្នាទាំងស្រុង។
បន្ទាប់ពីកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់នៅប្រទេសស្វីស និងសញ្ញាវិជ្ជមាននៃការបើកច្រកសមុទ្រ Hormuz ឡើងវិញ សំណួរធំមួយបានលេចឡើងថា៖ តើពិភពលោកកំពុងធ្វើដំណើរចេញពីការភ័យខ្លាចអំពីការខ្វះប្រេង ទៅរកសម័យនៃការផ្គត់ផ្គង់ប្រេងលើសវិញដែរឬទេ?
ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនត្រឹមតែជាការប៉ុនប៉ងបញ្ចប់សង្គ្រាមប៉ុណ្ណោះទេ។ វាក៏អាចកំណត់ទិសដៅអនាគតនៃទីផ្សារថាមពលពិភពលោកផងដែរ។
ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានបន្ធូរទណ្ឌកម្មលើការលក់ប្រេងអ៊ីរ៉ង់ជាបណ្តោះអាសន្ន ហើយចរាចរណ៍នាវាឆ្លងកាត់ច្រក Hormuz កំពុងកើនឡើងវិញនោះ អ្នកវិភាគជាច្រើនជឿថា ទីផ្សារប្រេងពិភពលោក អាចឈានទៅរកការផ្គត់ផ្គង់លើសនៅឆ្នាំក្រោយ។
ទោះជាយ៉ាងណាក៏ដោយ អនាគតនៃតម្លៃប្រេងនៅតែពឹងផ្អែកលើកត្តាសំខាន់មួយ គឺ៖ តើចិននឹងបន្តទិញប្រេងក្នុងទំហំធំបន្ថែមទៀតដែរឬទេ?
*ពីការភ័យខ្លាចប្រេង ២០០ ដុល្លារ ទៅការធ្លាក់ចុះក្រោម ៨០ ដុល្លារ
នៅដំណាក់កាលដំបូងនៃសង្គ្រាមអាមេរិក-អ៊ីរ៉ង់ អ្នកវិភាគជាច្រើនបានព្រមានថា តម្លៃប្រេងអាចហក់ឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើច្រកសមុទ្រ Hormuz ត្រូវបានបិទ ពីព្រោះច្រកដ៏សំខាន់នេះ គឺជាផ្លូវដឹកជញ្ជូនប្រេងប្រមាណមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងពិភពលោក។ ប៉ុន្តែ សេណារីយ៉ូដ៏អាក្រក់បំផុតនោះ មិនបានកើតឡើងឡើយ។
ផ្ទុយទៅវិញ ប្រេង Brent ដែលជាស្តង់ដារតម្លៃប្រេងពិភពលោក បានធ្លាក់ចុះមកក្រោម ៧៨ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីទីផ្សារចាប់ផ្តើមរំពឹងថា ច្រកសមុទ្រ Hormuz អាចនឹងត្រឡប់ទៅរកប្រតិបត្តិការធម្មតាវិញក្នុងពេលឆាប់ៗ ខណៈការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងបន្តទៅមុខ។
ក្នុងបរិបទនេះ ខណៈដែលពិភពលោកផ្តោតការយកចិត្តទុកដាក់ទៅលើសង្គ្រាមនៅមជ្ឈិមបូព៌ា ទីផ្សារប្រេងពិភពលោក ហាក់ដូចជាត្រូវបានរក្សាស្ថិរភាពដោយ «ដៃគ្មានស្រមោល»មួយ Invisible Hand ដែលស្ថិតនៅទីក្រុងប៉េកាំង។
អ្នកវិភាគជាច្រើនជឿថា កត្តាសំខាន់មួយ ដែលបានទប់ស្កាត់ការផ្ទុះឡើងនៃតម្លៃប្រេងពិភពលោក គឺតួនាទីរបស់ប្រទេសចិន ដែលបានកាត់បន្ថយការនាំចូលប្រេង ប្រើប្រាស់ស្តុកប្រេងយុទ្ធសាស្ត្រដ៏ធំ និងពន្លឿនការប្រើប្រាស់ថាមពលស្អាត។
លោក Daan Walter អ្នកជំនាញផ្នែកថាមពលនៃអង្គការ Ember បាននិយាយក្នុងចំណុចនេះថា៖ «ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ផលប៉ះពាល់នេះសម្រាប់តំបន់អាស៊ី ហើយតាមរយៈនោះ ក៏បានជួយការពារសេដ្ឋកិច្ចពិភពលោកផងដែរ»។
ភាពជាក់ស្តែងនោះ គឺនៅក្នុងពេលដែលសង្គ្រាម បានធ្វើឱ្យពិភពលោកព្រួយបារម្ភអំពីការខ្វះប្រេង ចិនបានក្លាយជាកត្តាសំខាន់បំផុតមួយក្នុងការទប់ស្កាត់វិបត្តិថាមពលសកល មិនឱ្យឈានដល់ចំណុចផ្ទុះឡើយ។
*អ៊ីរ៉ង់អាចត្រឡប់មកទីផ្សារប្រេងវិញក្នុងទ្រង់ទ្រាយធំ
កិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននាំឱ្យទីក្រុងវ៉ាស៊ីនតោនបន្ធូរទណ្ឌកម្មជាបណ្តោះអាសន្នលើការលក់ប្រេងអ៊ីរ៉ង់រយៈពេល ៦០ ថ្ងៃ។ ទូរទស្សន៍ Al Jazeera បានរាយការណ៍ថា ការសម្រេចចិត្តនេះ អាចអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងក្នុងតម្លៃទីផ្សារពេញលេញ ដោយមិនចាំបាច់បញ្ចុះតម្លៃ ដូចកាលពីស្ថិតក្រោមទណ្ឌកម្មតឹងរ៉ឹងនាពេលកន្លងមកទៀតឡើយ។
អ្នកវិភាគស្រាវជ្រាវជាន់ខ្ពស់ផ្នែកប្រេងឆៅនៃក្រុមហ៊ុនស៊ើបការណ៍ទំនិញ Kpler លោកស្រី Muyu Xu បានថ្លែងថា៖ «ប្រសិនបើច្រកសមុទ្រ Hormuz បើកឡើងវិញយ៉ាងឆាប់រហ័ស នោះមានន័យថា ប្រេងដែលជាប់គាំងប្រមាណ ១០០ លានបារ៉ែល នឹងត្រូវបញ្ចូលចូលទៅក្នុងទីផ្សារវិញ»។
សម្តីនេះបង្ហាញថា ការផ្គត់ផ្គង់ប្រេងពិភពលោកអាចកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី ដែលអាចបង្កើនសម្ពាធឱ្យតម្លៃប្រេងបន្តធ្លាក់ចុះ ប្រសិនបើតម្រូវការពិភពលោក មិនកើនឡើងស្របតាមការផ្គត់ផ្គង់នោះទេ។
*ចិន៖ កត្តាសំខាន់បំផុតសម្រាប់អនាគតតម្លៃប្រេង
ទូរទស្សន៍ CNN បានពណ៌នាចិនថាជា «ដៃគ្មានស្រមោល» ដែលកំពុងធ្វើឱ្យទីផ្សារប្រេងពិភពលោកមានតុល្យភាពឡើងវិញ ("the invisible hand that is rebalancing the market")។ មូលហេតុគឺថា ចិនមានសមត្ថភាពកាត់បន្ថយការនាំចូលប្រេងរហូតដល់ប្រមាណ ៣ លានបារ៉ែលក្នុងមួយថ្ងៃ ដែលស្ទើរតែស្មើនឹងតម្រូវការប្រើប្រាស់ប្រេងសរុបរបស់ប្រទេសជប៉ុន។
លោក David Fishman អ្នកជំនាញផ្នែកថាមពលនៃក្រុមហ៊ុន Lantau Group បាននិយាយចាត់ទុកចិនថា៖«ជា«វ៉ាល់» ឬសន្ទះបញ្ចេញសម្ពាធដ៏អស្ចារ្យមួយសម្រាប់ទីផ្សារប្រេងឆៅពិភពលោក»។ ទោះជាយ៉ាងណា លោក Fishman ក៏បានព្រមានផងដែរថា៖ «អ្វីដែលមិនអាចបន្តរក្សាបានជារៀងរហូតនោះ គឺស្តុកប្រេងឆៅ»។
ការព្រមាននេះបង្ហាញថា សមត្ថភាពរបស់ចិនក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងពិភពលោក អាចមានដែនកំណត់។ ប្រសិនបើទីក្រុងប៉េកាំង ចាប់ផ្តើមទិញប្រេងដើម្បីបំពេញស្តុកយុទ្ធសាស្ត្រឡើងវិញ នោះតម្រូវការប្រេងពិភពលោកអាចកើនឡើងភ្លាមៗ ដែលអាចជំរុញឱ្យតម្លៃប្រេងហក់ឡើងវិញយ៉ាងឆាប់រហ័ស។
*ពិភពលោកអាចឈានទៅរកសម័យប្រេងលើស
ខណៈដែលពិភពលោក ទើបតែឆ្លងកាត់វិបត្តិប្រេងដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើប អ្នកជំនាញមួយចំនួន កំពុងព្រមានអំពីសេណារីយ៉ូផ្ទុយគ្នាទាំងស្រុង គឺការផ្គត់ផ្គង់ប្រេងលើសនៅក្នុងទីផ្សារពិភពលោក។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករថា ការផ្គត់ផ្គង់ប្រេងពិភពលោកនៅឆ្នាំក្រោយ អាចលើសតម្រូវការរហូតដល់ ៤,៧ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈផលិតកម្មប្រេងនៅមជ្ឈិមបូព៌ាកំពុងត្រឡប់ទៅរកកម្រិតធម្មតាវិញ។ នៅក្នុងរបាយការណ៍របស់ខ្លួន IEA បានសរសេរថា៖ «នេះអាចផ្តល់នូវការធូរស្រាលដ៏គួរឱ្យស្វាគមន៍មួយដល់ទីផ្សារ និងជាឱកាសសម្រាប់បំពេញស្តុកប្រេងដែលបានថយចុះ ឬកសាងស្តុកយុទ្ធសាស្ត្រថ្មីៗឡើងវិញ»។ ("This may provide a welcome respite to the market and an opportunity to replenish depleted inventories.")។
ជាមួយគ្នានេះដែរ ការកើនឡើងនៃការប្រើប្រាស់ថាមពលស្អាត ក៏កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការកាត់បន្ថយតម្រូវការប្រេងឥន្ធនៈផូស៊ីល។ លោក Cosimo Ries អ្នកវិភាគនៃស្ថាប័ន Trivium China បានលើកឡើងថា៖ «ការបង្កើនល្បឿនឆ្ពោះទៅរកការប្រើប្រាស់អគ្គិសនី កំពុងកើនឡើងជាលំដាប់» ផងដែរពេលនេះ។ ("This acceleration to electrification is picking up.")
និយាយម្យ៉ាងទៀត ប្រសិនបើការចរចាអាមេរិក-អ៊ីរ៉ង់បន្តរីកចម្រើន ការផ្គត់ផ្គង់ប្រេងកើនឡើង ខណៈការប្រើប្រាស់រថយន្តអគ្គិសនី និងថាមពលស្អាតបន្តពង្រីកខ្លួន, នោះទីផ្សារប្រេងពិភពលោកអាចនឹងឈានចូលសម័យថ្មីមួយ ដែលការផ្គត់ផ្គង់លើស អាចក្លាយជាបញ្ហាប្រឈមធំជាងការខ្វះប្រេង។
សេចក្តីសន្និដ្ឋាន៖
បន្ទាប់ពីជាច្រើនខែនៃសង្គ្រាម ពិភពលោកកំពុងចាកចេញពីការភ័យខ្លាចអំពីការខ្វះប្រេង ហើយប្រហែលជាកំពុងឈានចូលសម័យថ្មីនៃការផ្គត់ផ្គង់ប្រេងលើស។ ប៉ុន្តែ មុននឹងទស្សន៍ទាយថា តម្លៃប្រេងនឹងឡើង ឬចុះ ពិភពលោកប្រហែលជាត្រូវរង់ចាំមើលសិនថា តើ «ដៃគ្មានស្រមោល» នៅទីក្រុងប៉េកាំង នឹងធ្វើអ្វីបន្ទាប់។ ដូចដែលអ្នកវិភាគ Muyu Xu បានលើកឡើងថា៖ «តើប្រទេសចិនចង់ទិញអ្វី?»
ជាក់ស្តែង នៅក្នុងយុគសម័យថ្មីនៃថាមពលសកល អនាគតនៃតម្លៃប្រេងប្រហែលជាមិនត្រូវបានកំណត់ដោយសង្គ្រាមនៅមជ្ឈិមបូព៌ាតែមួយមុខទៀតឡើយ ប៉ុន្តែអាចត្រូវបានកំណត់ដោយការសម្រេចចិត្តរបស់ «ដៃគ្មានស្រមោល» នៅទីក្រុងប៉េកាំងផងដែរ៕


























