អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅប្រទេសចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា
23-06-2026 21:14
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយសហគមន៍ធុរកិច្ចចិន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ស្របតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន៕






