សម្បទានិកនៃគម្រោងបែងចែកដីសម្បទានសង្គមកិច្ចដំណាក់កាលទី៣ នៅស្រុកសេសាន ៦៥០គ្រួសារ ទទួលពូជដំណាំជិត ៣ម៉ឺនដើម ពីអភិបាលខេត្តស្ទឹងត្រែង

23-06-2026 21:59

(ស្ទឹងត្រែង)៖ លោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អមដំណើរជាមួយលោលអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ នៅថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២៦ បានចុះពិនិត្យស្ថានភាព និងចែកពូជដំណាំដល់សម្បទានិក នៃគម្រោងបែងចែកដី សម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (ដំណាក់កាលទីIII)។

គម្រោងនេះស្ថិតនៅឃុំស្រែគរ និងឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង ដែលមានសម្បទានិក ៦៥០គ្រួសារ តាំងទីលំនៅថ្មីជាបណ្ដាលៗ ព្រមជាមួយនឹងការចូលរួមបន្តអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដោយបង្កើនផលដំណាំ កែលម្អបច្ចេកទេសកសិកម្ម និងរក្សាសភាពបរិស្ថានឱ្យប្រកបដោយចីរភាព។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការចែផលដំណាំនេះ មានដូចជាពូជដំណាំ (ស្វាយ ដូង ទៀប ខ្នុរ ក្រូចឆ្មារ) ប្រមាណជិត ៣០ ០០០ដើម ដែលទទួលបានពីគម្រោង LASED III គឺជាការជំរុញឱ្យប្រជាពលរដ្ឋសម្បទានិក ដាំដុះ បង្កើនប្រភពចំណូល បង្កើតមុខរបរថ្មី និងលើកកម្ពស់សន្តិសុខស្បៀងនៅតាមសហគមន៍។

ទន្ទឹមនឹងនោះ លោក សរ សុពុត្រា បានជំរុញយ៉ាងមុតមាំដល់ប្រជាពលរដ្ឋ និងសម្បទានិកទាំងអស់ដែលទទួលបានដីនេះ ត្រូវចូលមករស់នៅឱ្យបានគ្រប់ក្រុមគ្រួសារ និងខិតខំដាំដំណាំកសិកម្មរបស់ខ្លួនលើផ្ទៃដីអាស្រ័យផលប្រមាណជា៣ហិកតា ក្នុង១គ្រួសារនេះ ឱ្យអស់ពីលទ្ធភាព កុំទុកដីនៅទំនេរចោល ដោយត្រូវប្រែក្លាយដីទាំងនោះទៅជាផលទុនសេដ្ឋកិច្ច។

គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III ដោយមានការគាំទ្រឥណទានពីធនាគារពិភពលោក និងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ក៏មានការបណ្ដុះបណ្ដាលប្រជាពលរដ្ឋ លើវិស័យកសិកម្ម ផ្ដល់ពូជសត្វ ពូជបន្លែ បង្កើតទីផ្សារ សាលារៀន ប៉ុស្តិ៍សុខភាព ស្រះទឹករួម ស្ថានីយផ្គត់ផ្គង់ទឹកស្អាត និងអគារស្នាក់ការមជ្ឈមណ្ឌលសហគមន៍ សាមឃួយ-ភ្លុក-ស្រែគរ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សម្រាប់អភិវឌ្ឍន៍សហគមន៍ ដែលជាដើមទុនចាំបាច់សម្រាប់ការងារកសិកម្ម និងសិប្បកម្មថែមទៀតផង។

លោកអភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ថា គម្រោង LASED III គឺជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា អាជ្ញាធរនឹងធ្វើការដកហូតដី និងលំនៅឋានទាំងនោះត្រឡប់មកវិញ ក្នុងករណីដែលប្រជាពលរដ្ឋមិនព្រមមករស់នៅ និងប្រើប្រាស់ដីមិនស្របតាមលក្ខខណ្ឌដែលគម្រោងបានកំណត់ ដើម្បីយកទៅប្រគល់ជូនប្រជាពលរដ្ឋផ្សេងទៀតដែលកំពុងខ្វះខាតពិតប្រាកដ។

គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) គឺជាគម្រោងរបស់រាជរដ្ឋាភិបាលដែលបន្តគាំទ្រសម្បទានដីសង្គមកិច្ចបន្ទាប់ពីគម្រោង (LASED) ដំណាក់កាលទី១ និងទី២ នៅថ្នាក់ឃុំ ជូនគ្រួសារក្រីក្រដែលគ្មានដីសម្រាប់សង់ទីលំនៅ និងបង្កបង្កើនផល ព្រមទាំងជួយគាំទ្រផងដែរដល់សហគមន៍ជនជាតិដើមភាគតិច។

គម្រោងនេះអនុវត្តដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ស្ថាប័នដឹកនាំការអនុវត្ត) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ស្ថាប័នអនុវត្ត) ក្រោមថវិកាហិរញ្ញប្បទាន ឥណទានធនាគារពិភពលោក រយៈពេល៦ឆ្នាំ (២០២០-២០២៦) និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា៕