មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ សុខភាពផ្លូវចិត្ដរបស់បុគ្គលិកពេលបំពេញការងារ ជាកត្ដាគន្លឹះដែលមិនអាចខ្វះបាន ក្នុងការធានាដល់សុវត្ថិភាពអ្នកជំងឺ
23-06-2026 22:26
(ភ្នំពេញ)៖ លោកស្រីសាស្ដ្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា ការថែទាំសុខភាពផ្លូវចិត្តរបស់បុគ្គលិកសុខាភិបាលក្នុងពេលបំពេញការងារ គឺជាកត្តាគន្លឹះមិនអាចខ្វះបានក្នុងការធានាដល់សុវត្ថិភាពអ្នកជំងឺ ដោយស្នើឱ្យគ្រប់ថ្នាក់ដឹកនាំកុំមើលរំលងចំណុចនេះ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាល ស្តីពី «បរិយាកាសការងារមានសុវត្ថិភាព ស្មារតីបុគ្គលិកមានភាពរឹងមាំ គុណភាពថែទាំ និងព្យាបាលមានការរីកចម្រើន» នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នៅមន្ទីរពេទ្យព្រះអង្គឌួង។
លោកស្រីសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ បានថ្លែងថា «យើងត្រូវយល់ថា សុខភាពផ្លូវចិត្ត របស់បុគ្គលិកសុខាភិបាល គឺជាកត្តាគន្លឹះដែលមិនអាចខ្វះបានក្នុងការធានាដល់សុវត្ថិភាពអ្នកជំងឺ។ ការបំពេញការងារក្នុងវិស័យសុខាភិបាល គឺជាការងារដែលមានសម្ពាធខ្ពស់។ នៅពេលដែលបុគ្គលិកមានភាពតានតឹងក្នុងអារម្មណ៍ ឬមានបញ្ហាសុខភាពផ្លូវចិត្តដោយមិនបានដោះស្រាយ កត្តានេះអាចនឹងជះឥទ្ធិពលដល់ការផ្ចង់អារម្មណ៍ ការសម្រេចចិត្ត និងការផ្តល់សេវាថែទាំ និងព្យាបាល ដែលជាហានិភ័យអាចកើតមានចំពោះសុវត្ថិភាពរបស់អ្នកជំងឺផ្ទាល់»។
លោកស្រីបានបន្តថា «ដូច្នេះការបង្កើតឱ្យមានបរិយាកាសការងារដែលជួយគាំទ្រផ្នែកស្មារតី ការចេះជួយគ្នា ក្នុងគ្រាលំបាក និងការលើកកម្ពស់វប្បធម៌មិនស្តីបន្ទោសគ្នា គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីធានាថាបុគ្គលិករបស់យើងមានភាពរឹងមាំទាំងកាយ និងផ្លូវចិត្ត។ នៅពេលដែលអ្នកផ្តល់សេវាក្រោកឈរឡើងដោយក្តីស្រឡាញ់ និងភាពស្ងប់ស្ងាត់ក្នុងចិត្ត នោះគុណភាពនៃការព្យាបាល និងសុវត្ថិភាពរបស់អ្នកជំងឺនឹងត្រូវបានធានាឡើងដល់កម្រិតខ្ពស់បំផុត»។
លោកស្រីបន្តទៀតថា ដើម្បីឱ្យគុណភាពនៃការ ថែទាំ និងព្យាបាលអ្នកជំងឺកាន់តែមានការរីកចម្រើន យើងចាំបាច់ត្រូវតែផ្តោតការយកចិត្ត ទុកដាក់ខ្ពស់លើបរិយាកាសការងារដែលមានសុវត្ថិភាព និងការកសាងស្មារតីបុគ្គលិកឱ្យ មានភាពរឹងមាំ។
លោកស្រីបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តល់នូវចំណេះដឹងថ្មីៗអំពីវប្បធម៌សុវត្ថិភាព ការថែទាំដែលផ្តោតលើអ្នកជំងឺជាចម្បង និងការថែទាំសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់យើងទាំងអស់គ្នាផ្លាស់ប្តូរបទពិសោធន៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារនៅ ក្នុងអង្គភាពផងដែរ។
លោកស្រីសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ បានឱ្យដឹងទៀតថាក្រៅពីនេះការអនុវត្ត វប្បធម៌គ្មានការស្តីបន្ទោស គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយ ដើម្បីធានាបាននូវសុវត្ថិភាពអ្នកជំងឺ ប្រកបដោយប្រសិទ្ធភាព។ ព្រោះថានៅក្នុងបរិយាកាសដែលគ្មាន ការស្តីបន្ទោស បុគ្គលិកមិនមានការភ័យខ្លាចក្នុងការរាយការណ៍អំពីកំហុស ឬឧប្បត្តិហេតុដែលមិនរំពឹងទុកឡើយ។ ងនេះទៀតយើងត្រូវផ្តោតលើការកែលម្អប្រព័ន្ធជាជាងការដាក់ទោសបុគ្គលដែលវប្បធម៌នេះ ជឿជាក់ថាកំហុសភាគច្រើនកើតចេញពីប្រព័ន្ធការងារមិនល្អ ឬចំណុចខ្វះខាតក្នុងដំណើរការផ្តល់សេវា។ ជំនួសឱ្យការស្វែងរកអ្នកខុសដើម្បីដាក់ទោស ការផ្តោតការកែសម្រួលប្រព័ន្ធការងារ ដើម្បីកុំឱ្យកំហុសដដែលៗនោះកើតឡើងម្តងទៀត ដែលជាការ ការពារអ្នកជំងឺដោយផ្ទាល់។
ជាមួយគ្នានេះដែរការថែទាំដែលផ្តោតលើអ្នកជំងឺជាចម្បង និងសុវត្ថិភាព អ្នកជំងឺ គឺជាធាតុផ្សំពីរដែលមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយដើម្បីធានាគុណភាពសេវាសុខាភិបាល
ដោយសារការចូលរួមរបស់អ្នកជំងឺក្នុងដំណើរការព្យាបាលផ្តោតលើអ្នកជំងឺជាចម្បង លើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទងដោយបើកចំហរ រវាងបុគ្គលិកសុខាភិបាល និងអ្នកជំងឺ ដែលនេះជាកត្តាជួយកាត់បន្ថយការយល់ច្រឡំ និងកំហុស ឆ្គងក្នុងការប្រើប្រាស់ថ្នាំ ឬការអនុវត្តនីតិវិធីវេជ្ជសាស្ត្រ។
លោកស្រីបានបញ្ជាក់ទៀតថា បន្ថែមពីនេះការគោរពតម្លៃ និងតម្រូវការរបស់អ្នកជំងឺនៅពេលដែលការថែទាំត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការ និងចំណូលចិត្តរបស់អ្នកជំងឺជាចម្បង វានឹងជួយឱ្យអ្នកជំងឺមានទំនុកចិត្ត ហើយការធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលនឹងកាន់តែមានភាព ជាក់លាក់ ដែលជាការបង្កើនសុវត្ថិភាពអ្នកជំងឺដោយផ្ទាល់។
ទន្ទឹមនឹងនោះលោកស្រីបានថ្លែងការកោតសរសើរចំពោះមន្ទីរពេទ្យព្រះអង្គឌួង ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង ហើយសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំត្រងត្រាប់ស្តាប់ និងចូលរួមពិភាក្សាយ៉ាងសកម្ម ដើម្បីយកចំណេះដឹងដែលទទួលបានពីវគ្គនេះ ទៅអនុវត្តក្នុងការងារជាក់ស្តែងឱ្យទទួលបានលទ្ធផលជោគជ័យ។
ព្រមជាមួយគ្នានេះលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងគាំទ្រ និងបានបញ្ជាក់ថាបរិយាកាសការងារដែលមានសុវត្ថិភាព និងគាំទ្រដល់សុខុមាលភាពរបស់បុគ្គលិក គឺជាមូល ដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ជាពិសេស គិលានុបដ្ឋាក និងឆ្មប ដែលជាកម្លាំងស្នូលនៅជួរមុខនៃការផ្តល់សេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋ តែងតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនទាំងផ្នែកការងារ ផ្នែកអារម្មណ៍ និងផ្នែកសង្គម។ ដូច្នេះការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តការកសាងស្មារតីការងាររឹងមាំ ការពង្រឹងទំនាក់ទំនងល្អក្នុងក្រុមការងារ និងការបង្កើតបរិយាកាសការងារវិជ្ជមាន គឺជាកត្តាសំខាន់ដែលជួយឱ្យបុគ្គលិកអាច បំពេញភារកិច្ចបានប្រកបដោយប្រសិទ្ធភាព និងផ្តល់សេវាថែទាំដែលមានគុណភាពខ្ពស់ជូនអ្នកជំងឺ។
លោកសាស្ត្រាចារ្យរង លូ លីឃាងបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងយន្តការថ្មីៗក្នុងការលើក កម្ពស់បរិយាកាសការងារ សុខុមាលភាពបុគ្គលិក និងគុណភាពសេវាថែទាំ និងព្យាបាលឱ្យកាន់តែប្រសើរឡើង៕























