* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ឈួរ សុបញ្ញា បន្តយកការអប់រំតាមព្រះពុទ្ធមាគ៌ា ដល់សិស្សអនុវិទ្យាល័យត្រពាំងល្ពាក់

24-06-2026 11:05

(កំពង់ស្ពឺ)៖ លោក ឈួរ សុបញ្ញា សមាជិកគណៈកម្មាធិការនាយកពុទ្ធិកសមាគមកម្ពុជរដ្ឋ បានបន្តយកទ្រឹស្តីអប់រំតាមព្រះពុទ្ធមាគ៌ា ជូនដល់សិស្សានុសិស្ស ចំនួន ៦៥០នាក់ នៃអនុវិទ្យាល័យត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

សកម្មភាពនេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសលោកអញ្ជើញចូលរួមជាវាគ្មិន លើប្រធានបទ «សុ ចិ បុ លិ ជាមូលដ្ឋាននៃការសិក្សាប្រកបដោយស្មារតីជាតិរបស់សិស្សានុសិស្ស» ក្នុងកម្មវិធីអប់រំតាមព្រះពុទ្ធមាគ៌ា ក្រោមប្រធានបទ «វិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ» ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ព្រះវិរញ្ញាណ អ៊ុំ ផេង ព្រះលេខាគណខេត្តកំពង់ស្ពឺ និងជាព្រះអនុគណស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

កម្មវិធីនេះមានគោលបំណងរួមចំណែកលើកកម្ពស់សីលធម៌ ចរិយាធម៌និងការដាស់ស្មារតីដល់សិស្សានុសិស្សឱ្យស្គាល់តម្លៃនៃការសិក្សា ការអប់រំតាមបែបព្រះពុទ្ធសាសនា និងការយកព្រះត្រៃបិដកជាគោលក្នុងការកសាងខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ និងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ។

មតិបទបង្ហាញនាឱកាសនោះ លើប្រធានបទ «សុ ចិ បុ លិ» ជាមាគ៌ានៃការសិក្សា និងស្មារតីជាតិ លោក ឈួរ សុបញ្ញា បានលើកយកពន្យល់អំពីគោលការណ៍ «សុ ចិ បុ លិ» ដែលជាពុទ្ធឱវាទដ៏មានតម្លៃសម្រាប់ការសិក្សារៀនសូត្រ និងការកសាងមនុស្សឱ្យក្លាយជាធនធានដ៏មានគុណភាព គឺ៖

*១. សុ (សុតៈ) – ស្តាប់ឱ្យបានច្រើន៖ សិស្សត្រូវចេះស្តាប់ការណែនាំពីលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងអ្នកមានបទពិសោធន៍។ ការស្តាប់គឺជាច្រកចូលនៃចំណេះដឹង និងជាមូលដ្ឋាននៃការយល់ដឹងត្រឹមត្រូវ។

*២. ចិ (ចិន្តៈ) – គិតពិចារណាឱ្យបានជ្រាលជ្រៅ៖ ការរៀនមិនមែនគ្រាន់តែចាំមេរៀននោះទេ ប៉ុន្តែត្រូវចេះវិភាគ ស្វែងយល់ និងសួរសំណួរដើម្បីរកការពិត។ ការគិតបានល្អ នឹងនាំឱ្យមានការសម្រេចចិត្តបានត្រឹមត្រូវ។

*៣. បុ (បុច្ឆៈ) – ចេះសួរ និងស្វែងរកចំណេះដឹង៖ មនុស្សដែលចេះសួរ គឺជាមនុស្សដែលចង់រីកចម្រើន។ ការសួរជួយបំពេញចន្លោះខ្វះខាតនៃចំណេះដឹង និងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ។

*៤. លិ (លិខិត:) – កត់ត្រា និងអនុវត្តជាប្រចាំ៖ ការកត់ត្រា និងការអនុវត្ត គឺជាវិធីធ្វើឱ្យចំណេះដឹងស្ថិតស្ថេរ និងអាចប្រើប្រាស់បានជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ។

លោកបានបន្តថា «សុ ចិ បុ លិ» មិនមែនជាគន្លឹះសម្រាប់តែការរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែជាគោលការណ៍សម្រាប់ការកសាងជីវិត និងភាពជាអ្នកដឹកនាំផងដែរ។ សម្រាប់យុវជនខ្មែរ ការមានស្មារតីជាតិចាប់ផ្តើមពីការខិតខំសិក្សា ការគោរពវិន័យ ការស្គាល់ប្រវត្តិសាស្ត្រជាតិ ការគោរពច្បាប់ ការថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិ និងការត្រៀមខ្លួនឱ្យក្លាយជាពលរដ្ឋល្អ។ យុវជនដែលមានចំណេះដឹង មានសីលធម៌ និងមានការទទួលខុសត្រូវ គឺជាកម្លាំងដ៏សំខាន់ក្នុងការការពារ និងអភិវឌ្ឍប្រទេសជាតិ។

លោកក៏បានជំរុញឱ្យសិស្សានុសិស្សប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈ កតញ្ញូ និងខន្តី ព្រោះគុណធម៌ទាំងនេះជាគ្រឹះនៃភាពជោគជ័យក្នុងការសិក្សា ការងារ និងការរស់នៅក្នុងសង្គម។ កម្មវិធី «ការអប់រំតាមព្រះពុទ្ធមាគ៌ា» បានបង្ហាញយ៉ាងច្បាស់ថា ព្រះពុទ្ធសាសនាមិនត្រឹមតែជាសាសនានៃជំនឿប៉ុណ្ណោះទេ ប៉ុន្តែជាសាលាជីវិតដ៏ធំមួយ ដែលរួមចំណែកបណ្តុះសីលធម៌ បញ្ញា ស្មារតីជាតិ និងការទទួលខុសត្រូវក្នុងសង្គម ដើម្បីកសាងយុវជនជំនាន់ក្រោយឱ្យក្លាយជាពលរដ្ឋល្អ មានគុណភាព និងមានឆន្ទៈរួមគ្នាក្នុងការការពារ អភិវឌ្ឍ និងលើកតម្កើងកិត្យានុភាពជាតិខ្មែរ ឱ្យរុងរឿងស្ថិតស្ថេរតរៀងទៅ។

ក្នុងមតិបើកកម្មវិធី លោក ភោគ សុខ បានលើកឡើងថា ការអប់រំមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយសីលធម៌ និងគុណធម៌ផងដែរ។ លោកបានសង្កត់ធ្ងន់ថា សង្គមដែលមានការរីកចម្រើនពិតប្រាកដ គឺជាសង្គមដែលមានមនុស្សប្រកបដោយចំណេះដឹង គុណធម៌ និងការទទួលខុសត្រូវ ហើយបានជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ គោរពវិន័យ និងចូលរួមថែរក្សាតម្លៃល្អរបស់ជាតិ។

ចំណែកព្រះធម្មនន្ទោ ឈៀន វីរៈ បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនាជាសាសនានៃការអប់រំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍមនុស្សពីខាងក្នុង ដោយផ្តោតលើការកែប្រែចិត្តគំនិត អត្តចរិត និងការប្រព្រឹត្តឱ្យប្រសើរឡើង។ ព្រះអង្គបានមានសង្ឃដីកាបញ្ជាក់ថា ការអប់រំពិតប្រាកដមិនមែនផ្តោតតែលើការប្រមូលចំណេះដឹងពីខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការអប់រំចិត្តឱ្យស្គាល់ខុសត្រូវ ល្អអាក្រក់ បុណ្យបាប និងចេះគ្រប់គ្រងខ្លួនឯងផងដែរ។

យុវជនដែលមានចំណេះដឹង ប៉ុន្តែខ្វះសីលធម៌ និងវិន័យ អាចក្លាយជាបញ្ហាសម្រាប់សង្គម ប៉ុន្តែយុវជនដែលមានទាំងចំណេះដឹង និងគុណធម៌ នឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ។ ការខិតខំកសាងខ្លួនជាមនុស្សល្អ មានវិន័យ មានការគោរពច្បាប់ មានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គម គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យក្នុងជីវិត។ ព្រះធម្មនន្ទោក៏បានមានសង្ឃដីកាដាស់តឿនសិស្សានុសិស្សឱ្យចេះប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ ខិតខំសិក្សារៀនសូត្រ គោរពឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងជៀសវាងអំពើអបាយមុខទាំងឡាយ ជាពិសេសគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សា និងអំពើដែលនាំឱ្យបាត់បង់អនាគត។

ថ្លែងបិទក្នុងឱកាសនោះ លោកបណ្ឌិត អ៊ុក កោសា បានកោតសរសើរចំពោះការរៀបចំកម្មវិធីអប់រំតាមព្រះពុទ្ធមាគ៌ា ដែលជាកម្មវិធីមានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការរួមចំណែកបណ្តុះសីលធម៌ ចរិយាធម៌ និងស្មារតីទទួលខុសត្រូវដល់សិស្សានុសិស្សនៅតាមមូលដ្ឋាន។ ក្នុងបរិបទសង្គមដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ការអប់រំមិនអាចផ្តោតតែលើចំណេះដឹងបច្ចេកទេស ឬចំណេះវិជ្ជាប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការកសាងមនុស្សឱ្យមានគុណធម៌ សីលធម៌ មនសិការ និងការទទួលខុសត្រូវខ្ពស់ផងដែរ។ ចំណេះដឹង និងគុណធម៌ គឺដូចជាកង់ទាំងពីររបស់រទេះ ដែលត្រូវដើរទន្ទឹមគ្នា ទើបអាចនាំមនុស្សម្នាក់ទៅរកភាពជោគជ័យពិតប្រាកដ។

លោកបណ្ឌិតបានជំរុញឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពខ្លួនឯង បង្កើនវិន័យ និងការទទួលខុសត្រូវ ព្រោះយុវជនគឺជាធនធានមនុស្សដ៏សំខាន់បំផុតសម្រាប់អនាគតប្រទេសជាតិ។ ការវិនិយោគលើការសិក្សារបស់ខ្លួននៅថ្ងៃនេះ គឺជាការវិនិយោគលើអនាគតគ្រួសារ សហគមន៍ និងជាតិទាំងមូលនៅថ្ងៃខាងមុខ។ តម្លៃនៃ «វិន័យ» ដែលជាប្រធានបទស្នូលនៃកម្មវិធី ដោយបញ្ជាក់ថា វិន័យគឺជាគ្រឹះនៃភាពថ្លៃថ្នូរ និងជាមូលដ្ឋាននៃភាពជោគជ័យ។ មនុស្សដែលមានវិន័យក្នុងការសិក្សា ការងារ និងការរស់នៅ តែងតែអាចគ្រប់គ្រងខ្លួនឯងបានល្អ និងអាចសម្រេចគោលដៅជីវិតបានប្រសើរជាងអ្នកដែលខ្វះវិន័យ។

លោកបណ្ឌិតបានអំពាវនាវឱ្យសិស្សានុសិស្សទាំងអស់ ចេះដឹងគុណឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចិញ្ចឹមបីបាច់ និងបណ្តុះបណ្តាលខ្លួនឱ្យក្លាយជាមនុស្សល្អ។ ការដឹងគុណ គឺជាមូលដ្ឋាននៃមនុស្សថ្លៃថ្នូរ និងជាគុណធម៌ដែលសង្គមតែងតែគោរព និងឱ្យតម្លៃ។ សិស្សានុសិស្សជៀសឆ្ងាយពីគ្រឿងញៀន អំពើហិង្សា ក្រុមទំនើង និងអបាយមុខទាំងឡាយ ព្រោះសកម្មភាពទាំងនេះមិនត្រឹមតែបំផ្លាញអនាគតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គ្រួសារ និងសង្គមទាំងមូលផងដែរ។

ជាទីបញ្ចប់ លោកបណ្ឌិត អ៊ុក កោសា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវពាក្យអប់រំ «សុ ចិ បុ លិ» និង «វិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ» ជាគោលការណ៍ប្រចាំជីវិត ដើម្បីក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាធនធានមនុស្សដ៏មានគុណភាពសម្រាប់ប្រទេសជាតិនាពេលអនាគត។ សន្តិភាពដែលប្រទេសជាតិកំពុងមាននាពេលបច្ចុប្បន្ន គឺជាឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការសិក្សា និងអភិវឌ្ឍខ្លួន៕