អំណោយ និងថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវនាំទៅប្រគល់ជូនគ្រួសារកងទ័ពជួរមុខកំពុងជួបការខ្វះខាត ៥គ្រួសារ នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង
24-06-2026 12:00
(បាត់ដំបង)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកទៅប្រគល់ជូនដល់ក្រុមគ្រួសារកងទ័ពជួរមុខ ដែលកំពុងជួបការខ្វះខាតផ្នែកជីវភាពចំនួន៥គ្រួសារ រស់នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
អំណោយទាំងនោះក្នុង ១គ្រួសារទទួលបានអំណោយអង្ករ ៥០គីឡូ, មី១កេស, ទឹកបរិសុទ្ធ១កេស, ទឹកដោះគោ១យួរ, ត្រីខ១យួរ ទឹកសុីអុីវ១យួរ និងទឹកត្រី១យួរ ព្រមទាំងថវិកាចំនួន ៥០មុឺន នៅក្នុង១គ្រួសារ។ ដោយឡែក ១គ្រួសារ ដែលកំពុងតែមានជំងឺធ្ងនធ្ងរប្រចាំកាយ ត្រូវបានផ្តល់ថវិកាជូន ១លានរៀល។
ជំនួសមុខឱ្យក្រុមគ្រួសារវីរកងទ័ព, លោក កែវ ផុង បានពាំនាំនូវការសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលសម្តេចជានិច្ចជាកាលតែងតែគិតគូរជានិច្ចដល់សុខទុក្ខប្រជាពលរដ្ឋ និងបានណែនាំដល់ក្រុមការងារ ជាពិសេសអាជ្ញាធរមូលដ្ឋានឱ្យចុះជាប្រចាំ ស្វែងយល់ពីសុខទុក្ខ និងខ្វះខាតរបស់ប្រជាពលរដ្ឋ ដេីម្បីជួយគាត់ឱ្យបានទាន់ពេលវេលា។
លោក កែវ ផុង បានសំណូមដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ រាប់តាំងពីខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រហូតដល់ភូមិ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ ដូចជាការផ្តល់សេវាសាធារណៈឱ្យបានលឿន និងទាន់ពេលវេលា ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងមូលដ្ឋាន។





















