ក្រសួងកិច្ចការនារី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធី «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០»

24-06-2026 15:18

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធី «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។

ពិធីនេះ ក៏មានការអញ្ជើញចូលរូម ពីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រេស៊ីល អង់គ្លេស និងអូស្រ្តាលី ព្រមទាំងតំណាងអង្គទូតទាំងអស់ប្រចាំកម្ពុជា, តំណាងមកពីក្រសួង ស្ថាប័ន, ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ ពិធីនេះ ធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងថា «ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី» គឺជាកិច្ចការអាទិភាពមួយ នៅក្នុងផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ និងជាផ្នែកមួយនៃកម្មវិធី «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» ដែលជាក្របខណ្ឌកម្មវិធីថ្មីមួយ របស់ក្រសួងកិច្ចការនារី។

លោកស្រីរដ្ឋមន្ដ្រីបន្ថែមថា ក្រសួងកិច្ចការនារី បានរៀបចំ តាក់តែងកម្មវិធី «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណង លើកកម្ពស់បរិយាកាសអំណោយផល ប្រកបដោយបរិយាបន្ន ដែលអនុញ្ញាតឱ្យក្មេងស្រីបាន បណ្តុះនិងអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីក្លាយជាមូលធនមនុស្ស និងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់។

កម្មវិធីនេះ អនុវត្តតាមអភិក្រមបរិវត្តកម្មយេនឌ័រ ដើម្បីដោះស្រាយឧបសគ្គ ឫសគល់នៃវិសមភាពយេនឌ័រ ទំនាក់ទំនងអំណាច និងពង្រឹងភាពអង់អាចរបស់ក្មេងស្រី លើភាពជាអ្នកដឹកនាំ របស់ពួកគេនៅកម្រិតបុគ្គល សហគមន៍ ស្ថាប័ន និងប្រព័ន្ធ តាមរយៈសមាសភាគ ដែលភ្ជាប់គ្នាយ៉ាងស៊ីចង្វាក់ និងបង្កើតជាប្រព័ន្ធអេកូឡួស៊ី ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី។

កម្មវិធីនេះ ផ្តោតលើក្មេងស្រី និងស្ត្រីវ័យក្មេងអាយុចន្លោះ១០-២៤ឆ្នាំ ដែលជាក្រុមគោលដៅ អាទិភាព រួមទាំងក្មេងស្រីជនជាតិភាគតិច ក្មេងស្រីមានពិការភាព យុវជនដែលមាន អត្តសញ្ញាណយេនឌ័រចម្រុះ ក្មេងស្រីមកពីតំបន់ជនបទដាច់ស្រយាល និងក្មេងស្រីមកពីគ្រួសារក្រីក្រ ដែលជាញឹកញាប់បានប្រឈម នឹងភាពងាយរងគ្រោះ និងការរើសអើងគ្រប់ទម្រង់។

មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏បានផ្តោតលើ ក្មេងប្រុសនិងបុរសវ័យក្មេង ដើម្បីលើកកម្ពស់បរិវត្តកម្មយេនឌ័រ នៅក្នុងចំណោមក្រុមមនុស្សវ័យក្មេង ព្រមទាំងសហគមន៍ គ្រួសារ អាណាព្យាបាលមេដឹកនាំសហគមន៍ អាជ្ញាធរមូលដ្ឋាន ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានាផងដែរ។ កម្មវិធីនេះ មានគោលដៅចំនួន៥រួមមាន៖

១៖ បណ្តុះភាពជឿជាក់ ស្វ័យភាព និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ជាពិសេសក្មេងស្រី ក្នុងក្រុមជនងាយរងគ្រោះ ដើម្បីក្លាយជាភ្នាក់ងារក្នុងការផ្លាស់ប្តូរជាវិជ្ជមាន និងមានឥទ្ធិពលក្នុងការធ្វើសេចក្តីសម្រេច ក្នុងជីវិតផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គម។
២៖ ពង្រឹងសមត្ថភាពរបស់ភ្នាក់ងារអនុវត្ត និងការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី។
៣៖ លើកកម្ពស់បរិយាកាសគាំទ្រ ពីគ្រួសារ និងសហគមន៍ តាមរយៈការបណ្តុះនិយាមសង្គមវិជ្ជមាន ដែលលើកកម្ពស់សមភាពយេនឌ័រ។ ៤៖ លើកកម្ពស់ការសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ និងការគាំទ្រកម្រិតគោលនយោបាយ
និង៥៖ ពង្រឹង និងពង្រីកកិច្ចសហការ និងយន្តការសម្របសម្រួលរវាងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការអនុវត្តកម្មវិធី។

ទន្ទឹមគ្នានេះ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានលើកឡើងថា «ក្មេងស្រី គឺជាទំពាំងស្នងឬស្សី ដែលសង្គមគ្រួសារអាចតម្រង់ផ្លូវឱ្យក្លាយទៅជាមូលធនមនុស្សល្អ ជាបុគ្គលគម្រូល្អ ហើយទៅអនាគតក្មេងស្រី នឹងក្លាយជាភរិយា ម្តាយ និងជីដូន ដែលអាចតម្រង់ទិស សម្រាប់មនុស្សជំនាន់ក្រោយ»

លោកស្រីបន្ដថា «ការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់នៅក្នុងសង្គម និងការមិនទុកនរណាម្នាក់ឱ្យនៅឯកាជាមូលដ្ឋានគ្រឹះ ដើម្បីកសាងសង្គមមួយ ប្រកបដោយបរិយាបន្ន សមធម៌ សីលធម៌ និងភាពធន់ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលអាចកើតមានឡើងនៅក្នុងជីវិត និងសង្គម»

ក្នុងន័យនេះ កិច្ចការទាំងនេះ ពិតជាមានតម្រូវការការចូលរួម ពីតួអង្គគ្រប់រូបនៅក្នុងសង្គម រួមទាំងក្មេងស្រីខ្លួនឯងផ្ទាល់ អាណាព្យាបាល គ្រួសារ ស្ថាប័នពាក់ព័ន្ធ និងសង្គមទាំងមូល ក៏ដូចជាយើងទាំងអស់គ្នា។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី៕