ពិភពលោកសម័យពហុប៉ូល៖ តើអម្រែកអាមេរិកត្រូវបានគេជួយសម្រាលហើយមែនទេ?
24-06-2026 15:23
(ភ្នំពេញ)៖ លោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា សហរដ្ឋអាមេរិក ហាក់ទទួលនូវអម្រែកយ៉ាងខ្លាំងក្នុងការដឹកនាំពិភពលោកតែឯង ក្រោយការដួលរលំនៃសហភាពសូវៀតនៅឆ្នាំ១៩៩១។ ពេលនោះប្រព័ន្ធអន្តរជាតិបានឈានចូលដំណាក់កាលថ្មីមួយ ដែលសហរដ្ឋអាមេរិកបានក្លាយជាមហាអំណាចលេចធ្លោតែមួយគត់នៅលើពិភពលោក។
យើយស្តាប់ទៅហាក់ដូចជាសម្ពាធធំណាស់ តែធាតុពិតហាក់គ្មានប្រទេសណាមួយចង់បោះចោលអម្រែកក្នុងនាមជាបងធំពិភពលោកឡើយ ដ្បិតអាមេរិកបានប្រើពេលជាង៦ទស្សវត្សរ៍ ដើម្បីដណ្តើមកៅអីជាមេដឹកនាំពិភពលោកនេះ ជាមួយសហភាពសូវៀតតាំងពីឆ្នាំ១៩៤៦រហូតដល់១៩៩១ ទើបទទួលបានលទ្ធផល។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត។
អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ បានបន្តថា ដូចអ្វីដែលប្រវត្តិសាស្ត្របានបង្ហាញ គ្មានសណ្តាប់ធ្នាប់អន្តរជាតិណាមួយស្ថិតស្ថេរជារៀងរហូតនោះទេ ព្រោះការប្រែប្រួលនៃអំណាច គឺជាលក្ខណៈធម្មជាតិនៃនយោបាយអន្តរជាតិ។ ក្នុងន័យនេះ បើយើងរាប់ពីសណ្តាប់ធ្នាប់អន្តរជាតិជាង២០០ឆ្នាំចុងក្រោយ យើងនឹងឃើញបងធំពីភពលោកតែងប្រែប្រួលមានដូចជា សម័យអាណានិគមគឺ ចក្រភពអង់គ្លេស និងបារាំង ហាក់មានឥទ្ធិពលជាងគេក្នុងប្រព័ន្ធអន្តរជាតិ ក្រោយមកសម័យសង្គ្រាមលោកមានអាល្លឺម៉ង់ និងបន្តដោយអាមេរិក សូវៀតក្នុងសម័យកាលសង្គ្រាមត្រជាក់។
បើតាមលោកបណ្ឌិត ខែក វីរៈ គេកត់សំគាល់ឃើញថា ចាប់ពីដើមសតវត្សទី២១ តុល្យភាពអំណាចពិភពលោកបានចាប់ផ្តើមផ្លាស់ប្តូរយ៉ាងគំហុក។ ការកើនឡើងនៃមជ្ឈមណ្ឌលអំណាចថ្មីៗជាច្រើន បានធ្វើឱ្យការចែកអំណាចក្នុងប្រព័ន្ធអន្តរជាតិកាន់តែមានភាពចម្រុះ និងកាន់តែមានស្មុគស្មាញជាងមុនទៅទៀត។ ទន្ទឹមនឹងនេះ ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ថាមពល ខ្សែច្រវាក់ផ្គត់ផ្គង់ និងធនធានយុទ្ធសាស្ត្រ ក៏បានក្លាយជាកត្តាសំខាន់ក្នុងការកំណត់តុល្យភាពអំណាចថ្មីផងដែរ។
នៅក្នុងបរិបទនេះ អ្នកសិក្សាទំនាក់ទំនងអន្តរជាតិ និងភូមិសាស្ត្រនយោបាយជាច្រើន បានលើកឡើងថា ពិភពលោកកំពុងផ្លាស់ប្តូរពីប្រព័ន្ធឯកប៉ូល ទៅកាន់ប្រព័ន្ធដែលមានមជ្ឈមណ្ឌលអំណាចជាច្រើន ឬដែលគេស្គាល់ថា «ពិភពលោកពហុប៉ូល» (Multipolar World)។ ដើម្បីយល់អំពីការផ្លាស់ប្តូរដ៏សំខាន់នេះ ផ្នែកនេះនឹងពិភាក្សាអំពីដំណើរវិវត្តនៃសណ្តាប់ធ្នាប់ពិភពលោក កត្តាដែលធ្វើឱ្យឯកប៉ូលចាប់ផ្តើមប្រេះស្រាំ ការកើនឡើងនៃមជ្ឈមណ្ឌលអំណាចថ្មី និងនិន្នាការនៃតុល្យភាពអំណាចក្នុងសតវត្សទី២១ និងថាតើប្រទេសណាខ្លះដែលស្ម័គ្រចូលខ្លួនមកជួយសម្រាលអម្រែកអាមេរិក ដោយរូបភាពណាខ្លះ និងថាតើអាម៉េរិកពិតជាយល់ព្រមទទួលឱ្យប្រទេសដ៏ទៃសម្រាលបន្ទុកដោយវិធីណាខ្លះ?
សំណួរសំខាន់ ត្រូវបានលោកបណ្ឌិត ខែក វីរៈ បញ្ជាក់ថាមិនមែនត្រឹមតែថា ពិភពលោកកំពុងក្លាយជាពហុប៉ូល ឬ អត់នោះទេ ប៉ុន្តែថាតើមជ្ឈមណ្ឌលអំណាចថ្មីៗទាំងនេះ កំពុងជួយទទួលរ៉ាប់រងការគ្រប់គ្រងកិច្ចការអន្តរជាតិជំនួសអាមេរិក ឬក៏គ្រាន់តែជាអ្នកប្រជែងអំណាចជាមួយអាមេរិកប៉ុណ្ណោះ។
១. ពីពិភពលោកឯកប៉ូលទៅពហុប៉ូល
ក្នុងនាមជាបងធំពិភពលោកតែឯង ក្រោយពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ សហរដ្ឋអាមេរិកមានឥទ្ធិពលលេចធ្លោខ្លាំងទាំងផ្នែកយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងការទូត។ ក៏ប៉ុន្តែក្នុងរយៈពេលបីទសវត្សរ៍ក្រោយមក ការកើនឡើងរបស់ចិន ការវិលត្រឡប់របស់រុស្ស៊ី ការរីកចម្រើនរបស់ឥណ្ឌា និងការលេចធ្លោរបស់ក្រុម BRICS បានធ្វើឱ្យតុល្យភាពអំណាចពិភពលោកចាប់ផ្តើមផ្លាស់ប្តូរយ៉ាងខ្លាំងឈានទៅរកការវិវត្តន៍ថ្មីបន្តិចម្តងៗ។ ភាពកើនឡើងឥទ្ធិពលរបស់ប្រទេសដែលជាមណ្ឌលអំណាចថ្មីៗទាំងនោះ ហាក់បានខ្សឹបប្រាប់អាមេរិកថា បងហត់ហើយជាងបីទស្សវត្សរ៍នេះក្នុងការចាត់ចែងជោគវាសនាពិភពលោក សូមទុកភារៈដ៏លំបាកមួយនេះមកឱ្យក្រុមយើងខ្ញុំជាអ្នករ៉ាប់រងជំនួសម្តង។
ទឡ្ហីករណ៍នៃការវិវត្តទាំងនេះបានជំរុញឱ្យអ្នកវិភាគ និងអ្នកសិក្សាភូមិសាស្ត្រនយោបាយជាច្រើនចោទជាសំណួរថា តើសម័យឯកប៉ូលដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងឈានដល់ទីបញ្ចប់ហើយឬនៅ? ហើយតើពិភពលោកកំពុងឆ្ពោះទៅរកសណ្តាប់ធ្នាប់ថ្មីដែលមានមជ្ឈមណ្ឌលអំណាចជាច្រើនដែរឬទេ? ដើម្បីឆ្លើយសំណួរនេះ ចាំបាច់ត្រូវសិក្សាអំពីដំណើរការផ្លាស់ប្តូរពីពិភពលោកឯកប៉ូល ទៅកាន់ពិភពលោកពហុប៉ូល ដែលកំពុងក្លាយជាលក្ខណៈសំខាន់បំផុតមួយនៃនយោបាយអន្តរជាតិក្នុងសតវត្សទី២១។
១.១. យុគសម័យឯកប៉ូលក្រោយសង្គ្រាមត្រជាក់
ជាការពិតណាស់ ការដួលរលំនៃសហភាពសូវៀតនៅឆ្នាំ១៩៩១ បានបញ្ចប់ការប្រកួតប្រជែងរយៈពេលជិតកន្លះសតវត្សរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។ ជាមួយនឹងការបាត់បង់ឥទ្ធិពលខ្លួនក្នុងនាមជាមហាអំណាចមួយក្នុងចំណោមមហាអំណាចទាំងពីរ ប្រព័ន្ធអន្តរជាតិបានផ្លាស់ប្តូរពីពិភពលោកទ្វេរប៉ូល (Bipolar World) ទៅកាន់ពិភពលោកឯកប៉ូល (Unipolar World) ដែលសហរដ្ឋអាមេរិកក្លាយជាមហាអំណាចតែមួយគត់មានឥទ្ធិពលលេចធ្លោលើឆាកអន្តរជាតិ។
គេនៅចាំបានថា គឺក្នុងទសវត្សរ៍ឆ្នាំ១៩៩០នេះហើយ សហរដ្ឋអាមេរិកហក់ឡើងនូវឧត្តមភាពលើសគេនៅស្ទើរគ្រប់វិស័យ។ រាប់ទាំងផ្នែកសេដ្ឋកិច្ច អាមេរិកគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។ ចំណែកឯផ្នែកយោធាវិញ គឺអាមេរិកមានថវិកាការពារជាតិខ្ពស់ជាងប្រទេសដទៃទាំងអស់ និងមានបណ្តាញមូលដ្ឋានទ័ពរាប់រយកន្លែងនៅទូទាំងពិភពលោក។ ស្របជាមួយគ្នានេះផ្នែកបច្ចេកវិទ្យានិងវប្បធម៌ របស់អាមេរិកក៏បានក្លាយជាប្រភពនៃការច្នៃប្រឌិត និងការផ្សព្វផ្សាយឥទ្ធិពលវប្បធម៌ទៅកាន់តំបន់ផ្សេងៗផងដែរ។
ត្រង់នេះ អ្នកវិភាគអាមេរិកម្នាក់គឺលោក ឆាល ក្រោតហាមមើរ (Charles Krauthammer) បានហៅស្ថានភាពនេះថា «Unipolar Moment» ដែលសំដៅលើដំណាក់កាលប្រវត្តិសាស្ត្រមួយ ដែលមហាអំណាចតែមួយមានឧត្តមភាពលើសគូប្រជែងទាំងអស់។ តាមទស្សនៈនេះសហរដ្ឋអាមេរិកមិនត្រឹមតែជាមហាអំណាចធំបំផុតប៉ុណ្ណោះទេ ប៉ុន្តែជាមហាអំណាចដែលគ្មានប្រទេសណាអាចប្រជែងបានក្នុងពេលនោះ។ ស្ថានភាពឯកប៉ូលនេះបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដឹកនាំ និងកំណត់របៀបវារៈអន្តរជាតិលើបញ្ហាសំខាន់ៗជាច្រើនតែឯង មានដូចជា សង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩១ ការពង្រីកអង្គការណាតូទៅអឺរ៉ុបខាងកើត ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងការលើកកម្ពស់សេរីនិយមប្រជាធិបតេយ្យនៅតំបន់ផ្សេងៗនៃពិភពលោក ទាំងអស់នេះគឺជាឧទាហរណ៍នៃឥទ្ធិពលដ៏ធំធេងរបស់អាមេរិកនៅក្នុងសម័យឯកប៉ូល។ អ្នកគាំទ្រអាម៉េរិកមួយចំនួនក៏បានទាំងហៅដំណាក់កាលនេះថា «Pax Americana» ដែលមានន័យថា សន្តិភាព និងស្ថិរភាពអន្តរជាតិត្រូវបានធានាដោយឧត្តមភាពរបស់សហរដ្ឋអាមេរិកតែម្នាក់គត់។
ផ្ទុយទៅពីការយល់ឃើញរបស់ក្រុមអ្នកគាំទ្រអាមេរិកនេះ មានអ្នកវិភាគជាច្រើនបានក៏ព្រមានថា គ្មានសណ្តាប់ធ្នាប់អន្តរជាតិណាមួយមានស្ថិរភាពជារៀងរហូតឡើយ។ តាមរយៈបទពិសោធន៍ប្រវត្តិសាស្ត្របានបង្ហាញថា នៅពេលដែលមហាអំណាចថ្មីៗចាប់ផ្តើមកើនឡើង នោះតុល្យភាពអំណាចនឹងផ្លាស់ប្តូរជៀសមិនរួចឡើយ។ ដូច្នេះ សំណួរសំខាន់មួយដែលបានកើតឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ គឺថាតើសម័យឯកប៉ូលរបស់អាមេរិកនឹងបន្តបានយូរប៉ុណ្ណា? សំណួរនេះនឹងក្លាយជាប្រធានបទសំខាន់មួយនៃនយោបាយពិភពលោកក្នុងសតវត្សទី២១។
១.២. ហេតុផលដែលធ្វើឱ្យឯកប៉ូលចាប់ផ្តើមប្រេះស្រាំ
មែនហើយព្រះអាទិត្យរះគង់លិចទៅវិញ អ្វីៗក្នុងលោកមិនអាចស្ថិតស្ថេរយូរអង្វែងរាប់រយឆ្នាំដូចអាយុនៃភពផែនដីឡើយ។ ស្រដៀងគ្នានេះ បើទោះបីជាសហរដ្ឋអាមេរិកបានក្លាយជាមហាអំណាចតែមួយគត់ក្រោយការបញ្ចប់សង្គ្រាមត្រជាក់មែនពិត តែស្ថានភាពឯកប៉ូលនេះមិនបានបន្តដោយគ្មានការប្រឈមនោះឡើយ។ ចាប់ពីដើមសតវត្សទី២១ តុល្យភាពអំណាចពិភពលោកបានចាប់ផ្តើមផ្លាស់ប្តូរសន្សឹមៗបន្តិចម្តងៗ ដោយសារកត្តានយោបាយ សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជាច្រើន។ អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិយល់ថា គឺកត្តាទាំងនេះបានធ្វើឱ្យឥទ្ធិពលរបស់សហរដ្ឋអាមេរិកហាក់ថយចុះជាសមាមាត្រ (Relative Decline) ខណៈមជ្ឈមណ្ឌលអំណាចថ្មីៗបានចាប់ផ្តើមលេចធ្លោឡើងនៅលើឆាកអន្តរជាតិ។
- កត្តាទីមួយ គឺការចំណាយយ៉ាងច្រើនលើសង្គ្រាមក្រោយព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ពិតណាស់បន្ទាប់ពីការវាយប្រហារភេរវកម្មនៅសហរដ្ឋ អាមេរិក រដ្ឋាភិបាលអាមេរិកបានបើកសង្គ្រាមនៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០០១ និងអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣។ បើទោះបីជាអាមេរិកទទួលបានជោគជ័យផ្នែកយោធានៅដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែសង្គ្រាមទាំងពីរបានអូសបន្លាយជាច្រើនឆ្នាំ និងត្រូវចំណាយថវិការាប់ពាន់ពាន់លានដុល្លារ។ ជាលទ្ធផល សង្គ្រាមទាំងនេះបានបង្កើនបន្ទុកសេដ្ឋកិច្ច និងធ្វើឱ្យឥទ្ធិពលអាមេរិកក្នុងតំបន់មួយចំនួនរងការរិះគន់ពីសហគមន៍អន្តរជាតិ។
- កត្តាទីពីរ គឺវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨។ វិបត្តិនេះបានផ្ទុះឡើងចេញពីទីផ្សារហិរញ្ញវត្ថុអាមេរិក ហើយបានរីករាលដាលទៅកាន់សេដ្ឋកិច្ចពិភពលោកទាំងមូល។ សម្រាប់អ្នកវិភាគជាច្រើន វិបត្តិឆ្នាំ២០០៨ គឺជាសញ្ញាមួយដែលបង្ហាញពីដែនកំណត់នៃគំរូសេដ្ឋកិច្ចដែលដឹកនាំដោយលោកខាងលិច។ ស្របពេលដែលសហរដ្ឋអាមេរិក និងអឺរ៉ុបជួបវិបត្តិ ចិននិងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនបានបន្តរក្សាកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់។ ស្ថានភាពនេះបានជំរុញឱ្យមនុស្សជាច្រើនចាប់ផ្តើមនិយាយអំពី «ការផ្លាស់ទីមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោកពីអាត្លង់ទិកទៅអាស៊ី»។
- កត្តាទីបី គឺការកើនឡើងយ៉ាងឆាប់រហ័សរបស់ចិន។ ក្រោយការធ្វើកំណែទម្រង់ និងបើកទូលាយសេដ្ឋកិច្ច ចិនបានក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ នៅឆ្នាំ២០១០ សេដ្ឋកិច្ចចិនបានវ៉ាដាច់ជប៉ុន ហើយក្លាយជាបងធំសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោក ហើយបន្តពង្រីកឥទ្ធិពលតាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងគម្រោង Belt and Road Initiative (BRI)។ ការកើនឡើងរបស់ចិនបានក្លាយជាបញ្ហាយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយសម្រាប់សហរដ្ឋអាមេរិក និងបានផ្លាស់ប្តូរការគណនាអំណាចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
- កត្តាទីបួន គឺការស្តារឥទ្ធិពលរបស់រុស្ស៊ីនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ ចាប់ពីដើមទសវត្សរ៍ឆ្នាំ២០០០ រុស្ស៊ីបានស្តារឡើងវិញនូវសមត្ថភាពសេដ្ឋកិច្ច និងយោធារបស់ខ្លួន។ ព្រឹត្តិការណ៍ដែលបង្កឱ្យមានភាពភ្ញាក់ផ្អើលនានាដូចជា សង្គ្រាមហ្សកហ្ស៊ីឆ្នាំ២០០៨ ការបញ្ចូលគ្រីមៀឆ្នាំ២០១៤ និងសង្គ្រាមអ៊ុយក្រែនឆ្នាំ២០២២ ហាក់បានបង្ហាញថា រុស្ស៊ីនៅតែជាតួអង្គដែលមានសមត្ថភាពប្រឈមជាមួយសណ្តាប់ធ្នាប់ដែលដឹកនាំដោយលោកខាងលិច។ បើទោះបីជាសេដ្ឋកិច្ចរុស្ស៊ីមិនមានទំហំធំដូចអាមេរិក ឬ ចិនក៏ដោយ ប៉ុន្តែអំណាចយោធា ថាមពល និងនុយក្លេអ៊ែររបស់ខ្លួនវិញ បានធ្វើឱ្យរុស្ស៊ីនៅតែមានតួនាទីសំខាន់នៅក្នុងតុល្យភាពអំណាចពិភពលោកដដែល។
- កត្តាទីប្រាំ គឺការលេចធ្លោរបស់ក្រុម BRICS និងប្រទេស Global South។ ប្រទេសដូចជា ឥណ្ឌា ប្រេស៊ីល អាហ្វ្រិកខាងត្បូង ឥណ្ឌូនេស៊ី ទួរគី និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត បានចាប់ផ្តើមមានសំឡេងកាន់តែខ្លាំងនៅក្នុងកិច្ចការអន្តរជាតិ។ ពួកគេបានទាមទារការកែទម្រង់ ស្ថាប័នអន្តរជាតិ និងស្វែងរកតួនាទីកាន់តែធំក្នុងការគ្រប់គ្រងបញ្ហាពិភពលោក។ បាតុភូតនេះបានធ្វើឱ្យប្រព័ន្ធអន្តរជាតិកាន់តែមានភាពពហុមជ្ឈមណ្ឌល និងកាត់បន្ថយភាពផ្តាច់មុខរបស់លោកខាងលិច។ ជាពិសេស ការពង្រីកសមាជិកភាព BRICS ក្នុងទសវត្សរ៍ឆ្នាំ២០២០ បានឆ្លុះបញ្ចាំងពីបំណងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការស្វែងរកសំឡេង និងឥទ្ធិពលកាន់តែធំនៅក្នុងប្រព័ន្ធអន្តរជាតិ
ដូច្នេះ អ្នកវិភាគជាច្រើនយល់ស្របគ្នាថា កត្តាទាំងនេះមិនបានធ្វើឱ្យសហរដ្ឋអាមេរិកបាត់បង់ឋានៈជាមហាអំណាចនាំមុខនោះទេ ប៉ុន្តែបានធ្វើឱ្យស្ថានភាពឯកប៉ូលដែលកើតឡើងក្រោយឆ្នាំ១៩៩១ ចាប់ផ្តើមប្រេះស្រាំ។ អំណាចសកលកាន់តែត្រូវបានបែងចែកទៅកាន់រដ្ឋនានា និងនៅតាមតំបន់ផ្សេងៗ ដែលមានសមត្ថភាពជះឥទ្ធិពលលើកិច្ចការអន្តរជាតិ។ ដំណើរការនេះបានក្លាយជាមូលដ្ឋានសម្រាប់ការកកើតនៃពិភពលោកពហុប៉ូល ដែលកំពុងលេចចេញជារូបរាងកាន់តែច្បាស់នៅក្នុងសតវត្សទី២១។
១.៣. ពហុប៉ូល និងការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក
ដូចបានរៀបរាប់ខាងលើ ការកើនឡើងនៃមជ្ឈមណ្ឌលអំណាចថ្មីៗនៅក្នុងសតវត្សទី២១ បាននាំឱ្យប្រព័ន្ធអន្តរជាតិឈានចូលដំណាក់កាលនៃការផ្លាស់ប្តូរដ៏សំខាន់មួយ។ ត្រង់នេះបានពញ្ញាក់ឱ្យដឹងដឹងថា បើក្រោយការបញ្ចប់សង្គ្រាមត្រជាក់ សហរដ្ឋអាមេរិកអាចដើរតួនាទីជាមហាអំណាចដឹកនាំពិភពលោកបានយ៉ាងលេចធ្លោ តែឯង នោះស្ថានភាពបច្ចុប្បន្នការសម្រេចចិត្តលើបញ្ហាសំខាន់ៗជាច្រើន មិនអាចពឹងផ្អែកលើមហាអំណាចតែមួយបានទៀតឡើយ។
ចិន រុស្ស៊ី ឥណ្ឌា សហភាពអឺរ៉ុប និងក្រុមប្រទេស Global South កំពុងមានឥទ្ធិពលកាន់តែខ្លាំងក្នុងការកំណត់ទិសដៅនៃនយោបាយ សេដ្ឋកិច្ច និងសន្តិសុខពិភពលោក។ បាតុភូតនេះបានធ្វើឱ្យសណ្តាប់ធ្នាប់អន្តរជាតិកាន់តែមានលក្ខណៈពហុប៉ូល (Multipolarity) និងមានការបែងចែក អំណាចកាន់តែទូលំទូលាយជាងមុនរវាងបណ្តារដ្ឋនៃមណ្ឌលអំណាចធំៗ។ បើយើងនិយាយតាមមួបែបផ្សេងអាមេរិកក៏ត្រូវមើលមុខប្រទេសដ៏ទៃផ្សេងទៀតដែរ មុនពេលសម្រេចធ្វើធ្វីមួយក្នុងបរិបទសណ្តាប់ធ្នាប់ពិភពលោក។
ជាឧទាហរណ៍ជាក់ស្តែង ក្រោយការសហាធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលទល់នឹងអ៊ីរ៉ង់ក្នុងឆ្នាំ២០២៦នេះ បើទោះបីខ្លួនមានអំណាចយធាខ្លាំងជាគេមែនពិត តែជាង៤ខែមកនេះបញ្ហានៅជាប់គាំអវិបត្តច្រកហ័សម៉ូសនៅតែជាវិញ្ញាសារមួយដ៏ស្មុគស្មាញដែលអាមេរិកបានបោយដៃហៅ អឺរ៉ុប ចិន ក៏ដូចជា រុស្ស៊ី ជួយដោះស្រាយ ក្រោមហេតុផលស្តារមកវិញនូវផ្លូវនាវាចរណ៍នៃពាណិជ្ជកម្មអន្តរជាតិ។
គេក៏កត់សំគាល់ឃើញផងដែរថា ការផ្លាស់ប្តូរនេះហាក់បានប៉ះពាល់ដោយផ្ទាល់ដល់របៀបដំណើរការរបស់ស្ថាប័នអន្តរជាតិ។ បើធៀបនឹងពេលមុនពោលគឺក្នុងសម័យឯកប៉ូល ស្ថាប័នសំខាន់ៗជាច្រើនដូចជា អង្គការសហប្រជាជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានមើលឃើញថា ស្ថិតនៅក្រោមឥទ្ធិពលរបស់លោកខាងលិច។ ប៉ុន្តែក្នុងបរិការណ៍ថ្មីនេះ ជាមួយនឹងការកើនឡើងនៃប្រទេសកំពុងអភិវឌ្ឍន៍ និងក្រុម BRICS បានជំរុញឱ្យមានការទាមទារកែទម្រង់ស្ថាប័នទាំងនេះ ដើម្បីឱ្យឆ្លុះបញ្ចាំងពីតុល្យភាពអំណាចថ្មី។ ជាក់ស្តែង ការបង្កើតធនាគារ New Development Bank (NDB) និង Asian Infrastructure Investment Bank (AIIB) គឺជាឧទាហរណ៍នៃការលេចឡើងនៃស្ថាប័នថ្មីៗ ដែលបង្ហាញពីការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។
ងាកចេញពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បើយើងមកមើលក្នុងវិស័យសន្តិសុខឯណោះវិញ យុគសម័យពហុប៉ូលបានធ្វើឱ្យការប្រកួតប្រជែងរវាងមហាអំណាចកាន់តែស្មុគស្មាញសម្បើមណាស់។ កាលពីក្នុងសង្គ្រាមត្រជាក់ ពិភពលោកត្រូវបានបែងចែកជាពីរប្លុកធំៗទេ ប៉ុន្តែនៅក្នុងសតវត្សទី២១ ការប្រកួតប្រជែងកំពុងកើតឡើងក្នុងទម្រង់ចម្រុះជាងមុន។ប្រពន្ធអន្តរជាតិប្រៀបបាននឹងសួនច្បារមួយដែលមានផ្កាចម្រុះព័ណ៌រីកស្គុះស្គាយ លែងជាសួនផ្កាកូលាបដែលមានតែមួយប្រភេទផ្កាទៀតហើយ។ ច្បាស់ណាស់ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ការប្រឈមរវាងរុស្ស៊ី និងលោកខាងលិចនៅអឺរ៉ុប ក៏ដូចជាការកើនឡើងនៃជម្លោះភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា អាហ្វ្រិក និងតំបន់អាក់ទិក បានបង្ហាញថា ពិភពលោកកំពុងឈានចូលដំណាក់កាលថ្មីនៃការប្រកួតប្រជែងអំណាច។
ស្របជាមួយគ្នានេះដែរ ពហុប៉ូលក៏បានបង្កើតឱកាសថ្មីសម្រាប់ប្រទេសមធ្យម និងប្រទេសតូចៗផងដែរ។ គេចាំបានថា នៅក្នុងសម័យឯកប៉ូល ប្រទេសជាច្រើនត្រូវពឹងផ្អែកយ៉ាងខ្លាំងលើមហាអំណាចតែមួយ។ ប៉ុន្តែនៅក្នុងប្រព័ន្ធពហុប៉ូល ប្រទេសទាំងនេះអាចអនុវត្តយុទ្ធសាស្ត្រតុល្យភាព (Balancing Strategy) យុទ្ធសាស្ត្រទុកទ្វារក្រោយ (Hedging Strategy) ឬយុទ្ធសាស្ត្រពហុទិសដៅ (Multi-vector Foreign Policy) ដើម្បីបង្កើនផលប្រយោជន៍ជាតិរបស់ខ្លួន។ ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាហ្វ្រិក បានប្រើប្រាស់បរិយាកាសពហុប៉ូលនេះ ដើម្បីទាក់ទាញការវិនិយោគ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការពីមហាអំណាចជាច្រើនក្នុងពេលតែមួយ។ ជាឧទាហរណ៍ជាក់ស្តែងប្រទេសជាច្រើនក្នុងអាស៊ាន ដូចជា សិង្ហបុរី វៀតណាម និងឥណ្ឌូនេស៊ី បានអនុវត្តយុទ្ធសាស្ត្រ Hedging ដោយរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន ខណៈពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយសហរដ្ឋអាមេរិក និងដៃគូផ្សេងៗ។
បើទោះជាយ៉ាងនេះក្តី ក៏អ្នកវិភាគមិនទាន់មានទស្សនៈឯកភាពគ្នាអំពីផលប៉ះពាល់របស់ពហុប៉ូលឡើយ។ សម្រាប់ក្រុមអ្នកប្រាកដនិយម (Realists) មួយចំនួនយល់ថា ពហុប៉ូលអាចនាំមកនូវអស្ថិរភាព និងការប្រកួតប្រជែងកាន់តែខ្លាំង ដោយសារមានមជ្ឈមណ្ឌលអំណាចជាច្រើនកំពុងប្រជែងគ្នា។ ផ្ទុយពីនេះ អ្នកវិភាគមួយចំនួនទៀតយល់ថាផ្សេងថា ការបែងចែកអំណាចកាន់តែស្មើគ្នា អាចជួយទប់ស្កាត់ការគ្រប់គ្រងផ្តាច់មុខរបស់មហាអំណាចណាមួយ និងបង្កើតតុល្យភាពថ្មីនៅក្នុងប្រព័ន្ធអន្តរជាតិ។ ការជជែកវែកញែកនេះ នៅតែជាប្រធានបទសំខាន់មួយនៅក្នុងវិស័យទំនាក់ទំនងអន្តរជាតិ និងភូមិសាស្ត្រនយោបាយនៅឡើយ។
សរុបសេចក្តីមក ពហុប៉ូលមិនមែនគ្រាន់តែជាការផ្លាស់ប្តូរនៃចំនួនមហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរយ៉ាងខ្លាំង និងមានភាពជ្រាលជ្រៅណាស់នៃរបៀបដំណើរការរបស់សណ្តាប់ធ្នាប់ពិភពលោកទាំងមូល។ ការកើនឡើងរបស់ចិន ការវិលត្រឡប់របស់រុស្ស៊ី ការលេចធ្លោរបស់ឥណ្ឌា និងការកើនឡើងនៃ Global South បានធ្វើឱ្យប្រព័ន្ធអន្តរជាតិកាន់តែមានភាពចម្រុះ ស្មុគស្មាញ និងពិបាកព្យាករណ៍ជាងមុន។ ដូច្នេះការយល់ដឹងអំពីពហុប៉ូល គឺជាគន្លឹះសំខាន់សម្រាប់ការយល់ដឹងអំពីនយោបាយ និងភូមិសាស្ត្រនយោបាយពិភពលោកក្នុងសតវត្សទី២១។
២. មជ្ឈមណ្ឌលអំណាចថ្មីក្នុងសតវត្សទី២១
ការកើនឡើងនៃមជ្ឈមណ្ឌលអំណាចថ្មីៗ មិនមែនកើតឡើងតាមរយៈអំណាចយោធាតែមួយមុខនោះទេ។ នៅក្នុងសតវត្សទី២១ អំណាចសេដ្ឋកិច្ច បច្ចេកវិទ្យា ប្រជាសាស្ត្រ ថាមពល និងសមត្ថភាពបង្កើតបទដ្ឋានអន្តរជាតិ ក៏បានក្លាយជាប្រភពអំណាចដ៏សំខាន់ផងដែរ។ ដូច្នេះមជ្ឈមណ្ឌលអំណាចថ្មីៗនីមួយៗ មានចំណុចខ្លាំងខុសៗគ្នា ដែលរួមគ្នាបង្កើតនូវទិដ្ឋភាពពហុប៉ូលកាន់តែច្បាស់លាស់។ ជាមួយគ្នានេះ សូមចាំថាការកកើតឡើងនៃពិភពលោកពហុប៉ូល មិនមានន័យថា សហរដ្ឋអាមេរិកបាត់បង់ឋានៈជាមហាអំណាចនោះទេ។ ផ្ទុយទៅវិញ វាសំដៅលើការចែករំលែកអំណាចកាន់តែទូលំទូលាយទៅកាន់មជ្ឈមណ្ឌលអំណាចផ្សេងៗ ខណៈសហរដ្ឋអាមេរិកនៅតែរក្សាតួនាទីសំខាន់ក្នុងវិស័យយោធា បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងសម្ព័ន្ធភាពអន្តរជាតិដដែល។
ដើម្បីយល់កាន់តែច្បាស់អំពីរចនាសម្ព័ន្ធនៃពិភពលោកពហុប៉ូល ចាំបាច់ត្រូវពិនិត្យមើលមជ្ឈមណ្ឌលអំណាចសំខាន់ៗដែលកំពុងជះឥទ្ធិពលលើនយោបាយ សេដ្ឋកិច្ច និងសន្តិសុខអន្តរជាតិ។ មជ្ឈមណ្ឌលអំណាចទាំងនេះ មានប្រភពអំណាច និងសមត្ថភាពខុសៗគ្នា ប៉ុន្តែរួមគ្នាបង្កើតជាតុល្យភាពអំណាចថ្មីក្នុងសតវត្សទី២១ដែលកំពុងជះឥទ្ធិពលលើសណ្តាប់ធ្នាប់ពិភពលោកសម័យទំនើប។ ការផ្លាស់ប្តូរពីពិភពលោកឯកប៉ូលទៅពហុប៉ូល បានធ្វើឱ្យការចែករំលែកអំណាចនៅក្នុងប្រព័ន្ធអន្តរជាតិកាន់តែមានភាពចម្រុះ និងស្មុគស្មាញ។
ពិតហើយក្នុងទសវត្សរ៍ឆ្នាំ១៩៩០ សហរដ្ឋអាមេរិកគឺជាមហាអំណាចតែមួយដែលមានឥទ្ធិពលលេចធ្លោលើឆាកអន្តរជាតិ នោះ រីឯនៅក្នុងសតវត្សទី២១ មជ្ឈមណ្ឌលអំណាចជាច្រើនបានលេចចេញជារូបរាងកាន់តែច្បាស់។ ការកើនឡើងរបស់ចិន ការវិលត្រឡប់របស់រុស្ស៊ី ការរីកចម្រើនរបស់ឥណ្ឌា ឥទ្ធិពលរបស់សហភាពអឺរ៉ុប និងតួនាទីរបស់ក្រុមប្រទេស Global South បានធ្វើឱ្យអំណាចសកលមិនត្រូវបានប្រមូលផ្តុំត្រឹមតែមហាអំណាចមួយទៀតឡើយ។
មជ្ឈមណ្ឌលអំណាចនីមួយៗមានប្រភពអំណាច និងគោលបំណងយុទ្ធសាស្ត្រខុសៗគ្នា។ សហរដ្ឋអាមេរិកមានឧត្តមភាពផ្នែកយោធា និងបច្ចេកវិទ្យា ចិនមានកម្លាំងសេដ្ឋកិច្ច និងឧស្សាហកម្មដ៏ធំ រុស្ស៊ីមានអំណាចយោធា និងធនធានថាមពល ខណៈសហភាពអឺរ៉ុបមានឥទ្ធិពលផ្នែកសេដ្ឋកិច្ច និងបទដ្ឋានអន្តរជាតិ។ ទន្ទឹមនឹងនេះ ឥណ្ឌាក៏កំពុងក្លាយជាមហាអំណាចកំពុងលេចធ្លោ ដែលមានសក្តានុពលក្នុងការកំណត់តុល្យភាពអំណាចនៅសតវត្សទី២១។ ពីជ្រុងនៃទស្សនៈភូមិសាស្ត្រនយោបាយ ការយល់ដឹងអំពីមជ្ឈមណ្ឌលអំណាចទាំងនេះ គឺជាគន្លឹះសម្រាប់ការយល់ដឹងអំពីការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធអន្តរជាតិសម័យទំនើប។ ដូច្នេះ ផ្នែកនេះនឹងវិភាគអំពីលក្ខណៈពិសេស សមត្ថភាព និងឥទ្ធិពលរបស់មជ្ឈមណ្ឌលអំណាចសំខាន់ៗ ដែលកំពុងកំណត់ទិសដៅនៃសណ្តាប់ធ្នាប់ពិភពលោកថ្មី។
២.១. សហរដ្ឋអាមេរិក៖ មហាអំណាចដែលនៅតែនាំមុខ
បើទោះបីជាពិភពលោកកំពុងផ្លាស់ប្តូរទៅកាន់ប្រព័ន្ធពហុប៉ូលក៏ដោយ សហរដ្ឋអាមេរិកនៅតែជាមជ្ឈមណ្ឌលអំណាចដ៏សំខាន់បំផុតមួយនៅក្នុងប្រព័ន្ធអន្តរជាតិ។ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក អាមេរិកបានរក្សាឧត្តមភាពលើវិស័យជាច្រើន រួមមានយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងការទូត។ បើទោះបីជាប្រទេសដទៃកំពុងកើនឡើងក៏ដោយ ក៏មិនទាន់មានប្រទេសណាមួយអាចជំនួសតួនាទីរបស់អាមេរិកនៅក្នុងប្រព័ន្ធអន្តរជាតិបាននៅឡើយទេ។
- ផ្នែកយោធា សហរដ្ឋអាមេរិកមានថវិកាការពារជាតិធំបំផុតនៅលើពិភពលោក និងមានបណ្តាញមូលដ្ឋានទ័ពរាប់រយកន្លែងនៅទូទាំងពិភពលោក។ កងទ័ពជើងទឹកអាមេរិកមានសមត្ថភាពប្រតិបត្តិការនៅគ្រប់មហាសមុទ្រ ខណៈក្រុមនាវាផ្ទុកយន្តហោះ (Carrier Strike Groups) អនុញ្ញាតឱ្យអាមេរិកអាចបញ្ចេញអំណាចយោធាទៅកាន់តំបន់ណាមួយក្នុងពិភពលោកបានយ៉ាងឆាប់រហ័ស។ សមត្ថភាពនេះធ្វើឱ្យអាមេរិកនៅតែជាមហាអំណាចយោធាដែលគ្មានប្រទេសណាមួយអាចប្រៀបផ្ទឹមបាន។
- ផ្នែកសេដ្ឋកិច្ច សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតមួយរបស់ពិភពលោក និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល។ ប្រាក់ដុល្លារអាមេរិកនៅតែជារូបិយប័ណ្ណបម្រុងសំខាន់បំផុតរបស់ពិភពលោក និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពាណិជ្ជកម្ម និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ អ្វីដែលអ្នកវិភាគជាច្រើនហៅថា Dollar Hegemony បានផ្តល់ឱ្យអាមេរិកនូវឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជះឥទ្ធិពលលើសេដ្ឋកិច្ចពិភពលោក។
- ផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ អាមេរិកក៏មានឧត្តមភាពផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ផងដែរ។ ក្រុមហ៊ុនយក្សដូចជា Apple, Microsoft, Google, Amazon និង NVIDIA បានដើរតួនាទីនាំមុខក្នុងបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចចំណេះដឹង។ សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់អាមេរិក ក៏នៅតែជាប្រភពសំខាន់នៃការបង្កើតចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗផងដែរ។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនផងដែរ។ ការកើនឡើងរបស់ចិន ការវិលត្រឡប់របស់រុស្ស៊ី ការបែងចែកនយោបាយផ្ទៃក្នុង និងការប្រកួតប្រជែងបច្ចេកវិទ្យា ហាក់បានធ្វើឱ្យអាមេរិកត្រូវសម្របខ្លួនទៅនឹងបរិយាកាសអន្តរជាតិថ្មី។ ដូច្នេះ អ្នកវិភាគជាច្រើនយល់ថា សហរដ្ឋអាមេរិកមិនមែនកំពុងធ្លាក់ចុះជាដាច់ខាត (Absolute Decline) នោះទេ ប៉ុន្តែកំពុងប្រឈមនឹងការធ្លាក់ចុះជាសមាមាត្រ (Relative Decline) បើប្រៀបធៀបទៅនឹងការកើនឡើងរបស់មជ្ឈមណ្ឌលអំណាចថ្មីៗ។
ហេតុនេះហើយ បើទោះបីជាពិភពលោកកំពុងឆ្ពោះទៅកាន់ប្រព័ន្ធពហុប៉ូលក៏ដោយ សហរដ្ឋអាមេរិកនៅតែជាមជ្ឈមណ្ឌលអំណាចដ៏សំខាន់បំផុតមួយ ដែលមានសមត្ថភាពជះឥទ្ធិពលលើនយោបាយ សេដ្ឋកិច្ច និងសន្តិសុខពិភពលោក។ សំណួរសំខាន់មិនមែនថា អាមេរិកនឹងបាត់បង់អំណាចឬអត់នោះទេ ប៉ុន្តែគឺថា តើអាមេរិកនឹងអាចរក្សាតួនាទីជាអ្នកដឹកនាំនៅក្នុងពិភពលោកពហុប៉ូលបានដល់កម្រិតណា?
២.២. ចិន មហាអំណាចកំពុងកើនឡើង
ជាការពិតណាស់ ប្រសិនបើសហរដ្ឋអាមេរិកត្រូវបានចាត់ទុកថាជាមហាអំណាចដែលនៅតែនាំមុខនៅក្នុងប្រព័ន្ធអន្តរជាតិ នោះសាធារណរដ្ឋប្រជាមានិតចិន គឺជា មហាអំណាចដែលកំពុងកើនឡើងយ៉ាងលឿនបំផុតនៅក្នុងសតវត្សទី២១។ ក្នុងរយៈពេលត្រឹមតែបួនទសវត្សរ៍ ចិនបានផ្លាស់ប្តូរពីប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចទន់ខ្សោយ ទៅជាមហាអំណាចសេដ្ឋកិច្ច បច្ចេកវិទ្យា យោធា និងការទូត ដែលមានឥទ្ធិពលយ៉ាងសំខាន់លើទិសដៅនៃនយោបាយពិភពលោក។
មូលដ្ឋានសំខាន់បំផុតនៃការកើនឡើងរបស់ចិន គឺការធ្វើកំណែទម្រង់ និងបើកទូលាយសេដ្ឋកិច្ច ដែលត្រូវបានចាប់ផ្តើមដោយលោក Deng Xiaoping នៅឆ្នាំ១៩៧៨។ តាមរយៈគោលនយោបាយនេះ ចិនបានបើកទ្វារទទួលយកការវិនិយោគ បរទេស បង្កើតតំបន់សេដ្ឋកិច្ចពិសេស និងភ្ជាប់ខ្លួនទៅនឹងសេដ្ឋកិច្ចពិភពលោក។ លទ្ធផលគឺ សេដ្ឋកិច្ចចិន បានកើនឡើងក្នុងអត្រាខ្ពស់អស់រយៈពេលជាច្រើនទសវត្សរ៍ រហូតធ្វើឱ្យប្រទេសនេះក្លាយជារោងចក្រផលិតកម្មដ៏ធំបំផុតរបស់ពិភពលោក និងជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសជាច្រើន។
ជាក់ស្តែងនៅឆ្នាំ២០១០ ចិនបានវ៉ាដាច់ជប៉ុន ក្លាយជាសេដ្ឋកិច្ចធំទី២របស់ពិភពលោក ហើយនៅក្នុងទសវត្សរ៍ឆ្នាំ២០២០ ប្រទេសនេះបានក្លាយជាមជ្ឈមណ្ឌលសំខាន់នៃខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ទន្ទឹមនឹងនេះ ចិនក៏បានបង្កើនការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា 5G ថាមពលស្អាត និងឧស្សាហកម្មរថយន្តអគ្គិសនី។ ក្រុមហ៊ុនចិនដូចជា Huawei, BYD និង CATL បានក្លាយជាតួអង្គសំខាន់នៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាសកល។
ក្រៅពីអំណាចសេដ្ឋកិច្ច ចិនក៏បានពង្រឹងសមត្ថភាពយោធារបស់ខ្លួនយ៉ាងឆាប់រហ័សផងដែរ។ កងទ័ពរំដោះប្រជាជនចិន (PLA) ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដោយផ្តោតលើការអភិវឌ្ឍកងទ័ពជើងទឹក កម្លាំងមីស៊ីល បច្ចេកវិទ្យាអវកាស និងសមត្ថភាពសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត។ ការកសាងនាវាផ្ទុកយន្តហោះ ការពង្រីកវត្តមានយោធានៅសមុទ្រចិនខាងត្បូង និងការបង្កើនសមត្ថភាពប្រឆាំងការចូលជ្រៀតជ្រែក (Anti-Access/Area Denial) បានបង្ហាញពីមហិច្ឆតារបស់ចិនក្នុងការក្លាយជាមហាអំណាចយោធាសម័យទំនើប។ ការអភិវឌ្ឍសមត្ថភាពទាំងនេះ បានផ្លាស់ប្តូរតុល្យភាពយោធានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបង្កើនការព្រួយបារម្ភរបស់ប្រទេសជិតខាង និងសហរដ្ឋអាមេរិក។
ក្នុងផ្នែកការទូតនិងភូមិសាស្ត្រនយោបាយ ការប្រកាសគម្រោង ខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative - BRI) នៅឆ្នាំ២០១៣ បានក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ចិនក្នុងការពង្រីកឥទ្ធិពលអន្តរជាតិ។ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ផ្លូវដែក ថាមពល និងបណ្តាញដឹកជញ្ជូននៅអាស៊ី អាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន ចិនបានពង្រីកវត្តមានសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួនយ៉ាងទូលំទូលាយ។ សម្រាប់អ្នកគាំទ្រចិន BRI គឺជាគម្រោងជំរុញការតភ្ជាប់ និងការអភិវឌ្ឍសកល ខណៈអ្នករិះគន់មួយចំនួនវិញមើលឃើញថា វាជាឧបករណ៍ភូមិសាស្ត្រនយោបាយសម្រាប់ពង្រីកឥទ្ធិពលរបស់ប៉េកាំង។
វឌ្ឍនភាពនៃការកើនឡើងរបស់ចិនក៏បាននាំឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងតុល្យភាពអំណាចសកល។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានចាប់ផ្តើមមើល ឃើញចិនថាជាគូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់បំផុត។ ការប្រកួតប្រជែងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានពង្រីកពីវិស័យពាណិជ្ជកម្ម ទៅកាន់វិស័យបច្ចេកវិទ្យា សន្តិសុខ ខ្សែច្រវាក់ផ្គត់ផ្គង់ បញ្ញាសិប្បនិម្មិត និងឥទ្ធិពលភូមិសាស្ត្រនយោបាយនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បាតុភូតនេះបានធ្វើឱ្យអ្នកវិភាគជាច្រើនលើកឡើងអំពី «ការប្រកួតប្រជែងមហាអំណាចថ្មី» (New Great Power Competition) ដែលកំពុងក្លាយជាលក្ខណៈសម្គាល់សំខាន់មួយនៃសតវត្សទី២១។
ទន្ទឹមនឹងនេះ ចិនក៏ហាក់កំពុងប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា ការថយចុះនៃអត្រាកំណើត វិបត្តិវិស័យអចលនទ្រព្យ ការពឹងផ្អែកលើទីផ្សារបរទេស ការរឹតបន្តឹងផ្នែកបច្ចេកវិទ្យាពីលោកខាងលិច និងការប្រកួតប្រជែងយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក។ ដូច្នេះសំណួរសំខាន់មួយដែលអ្នកវិភាគជាច្រើនកំពុងសួរគឺថា តើចិននឹងអាចបន្តដំណើរឡើងក្លាយជាមហាអំណាចលេចធ្លោបំផុតនៅសតវត្សទី២១ ឬក៏នឹងជួបប្រទះដែនកំណត់ដែលអាចបន្ថយល្បឿននៃការកើនឡើងរបស់ខ្លួន?
សេចក្តីដូចបានរៀបរាប់ខាងលើ ការកើនឡើងរបស់ចិន គឺជាបាតុភូតភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុតមួយនៃសតវត្សទី២១។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា យោធា និងការទូត បានធ្វើឱ្យចិនក្លាយជាមជ្ឈមណ្ឌលអំណាចមួយដែលមិនអាចរំលងបាននៅក្នុងការពិភាក្សាអំពីអនាគតសណ្តាប់ធ្នាប់ពិភពលោក។ ក្នុងន័យនេះ ការកើនឡើងរបស់ចិនមិនត្រឹមតែផ្លាស់ប្តូរតុល្យភាពអំណាចនៅអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងកំណត់ទិសដៅនៃប្រព័ន្ធអន្តរជាតិទាំងមូលផងដែរ។
២.៣. រុស្ស៊ី មហាអំណាចយោធា និងថាមពល
បទពិសោធដ៏ក្វីងជូរចត់នៃការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ បានធ្វើឱ្យរុស្ស៊ីបាត់បង់ឋានៈជាមហាអំណាចសកលមួយរយៈក៏ដោយ ប៉ុន្តែនៅក្នុងសតវត្សទី២១ រុស្ស៊ីបានវិលត្រឡប់មកកាន់ឆាកអន្តរជាតិវិញ ក្នុងនាមជាមជ្ឈមណ្ឌលអំណាចដ៏សំខាន់មួយ។ ខុសពីចិនដែលផ្អែកជាចម្បងលើសេដ្ឋកិច្ច និងពាណិជ្ជកម្ម រុស្ស៊ីបានពង្រឹងឥទ្ធិពលរបស់ខ្លួនតាមរយៈអំណាចយោធា ធនធានថាមពល និងសមត្ថភាពនុយក្លេអ៊ែរ។ ជាលទ្ធផល រុស្ស៊ីបានក្លាយជាតួអង្គដែលមានសមត្ថភាពជះឥទ្ធិពលយ៉ាងខ្លាំងលើសន្តិសុខអឺរ៉ុប អឺរ៉ាស៊ី និងនយោបាយពិភពលោកទាំងមូល។
អ្នកតាមដានយល់ស្របគ្នាថា មូលដ្ឋានសំខាន់បំផុតនៃអំណាចរុស្ស៊ី គឺសមត្ថភាពយោធា។ ក្នុងនាមជារដ្ឋបន្តនៃសហភាពសូវៀត រុស្ស៊ីបានទទួលមរតកនូវកម្លាំងយោធាដ៏ធំ រួមទាំងអាវុធនុយក្លេអ៊ែរ កងទ័ពអាកាស កងទ័ពជើងទឹក និងឧស្សាហកម្មការពារជាតិដ៏រឹងមាំ។ ជាពិសេសក្រោមការដឹកនាំរបស់លោក Vladimir Putin រុស្ស៊ីបានចាប់ផ្តើមកម្មវិធីធ្វើទំនើបកម្មកងទ័ពយ៉ាងទូលំទូលាយ ដោយផ្តោតលើប្រព័ន្ធមីស៊ីលទំនើប សង្គ្រាមអេឡិចត្រូនិក សមត្ថភាពអវកាស និងអាវុធល្បឿនលឿនជាងសំឡេង (Hypersonic Weapons)។
ក្នុងពេលបច្ចុប្បន្ន រុស្ស៊ីនៅតែជាប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតមួយនៅលើពិភពលោក។ សមត្ថភាពនុយក្លេអ៊ែរនេះ បានក្លាយជាស្នូលនៃយុទ្ធសាស្ត្រទប់ស្កាត់ (Deterrence Strategy) និងជាកត្តាសំខាន់ដែលធានាឱ្យរុស្ស៊ីរក្សាឋានៈជា មហាអំណាចសន្តិសុខសកល។ ស្ថានភាពនេះនៅក្នុងទស្សនៈអ្នកប្រាកដនិយម (Realists) អាវុធនុយក្លេអ៊ែរមិនត្រឹមតែជាឧបករណ៍ការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍រក្សាតុល្យភាពអំណាចជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូផងដែរ។
ក្រៅពីអំណាចយោធា ថាមពលក៏ជាសសរស្តម្ភទីពីរនៃឥទ្ធិពលរុស្ស៊ីផងដែរ។ ប្រទេសនេះស្ថិតក្នុងចំណោមអ្នកផលិត និងនាំចេញប្រេងឆៅ ឧស្ម័នធម្មជាតិ និងធ្យូងថ្មធំបំផុតរបស់ពិភពលោក។ អស់រយៈពេលជាច្រើនទសវត្សរ៍ អឺរ៉ុបបានពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នរុស្ស៊ី ដែលធ្វើឱ្យទីក្រុងម៉ូស្គូមានឥទ្ធិពលយុទ្ធសាស្ត្រលើសន្តិសុខថាមពលរបស់ទ្វីបអឺរ៉ុប។ អ្នកវិភាគជាច្រើនបានពិពណ៌នាថា រុស្ស៊ីបានប្រើប្រាស់ថាមពលជា «អាវុធភូមិសាស្ត្រនយោបាយ» (Geopolitical Weapon) ដើម្បីការពារ និងពង្រីកផលប្រយោជន៍ជាតិរបស់ខ្លួន។
ក្នុងវិស័យភូមិសាស្ត្រនយោបាយ រុស្ស៊ីបានចាត់ទុកតំបន់អតីតសហភាពសូវៀតថាជាតំបន់ស្ថិតនៅក្នុង «ដែនឥទ្ធិពល» (Sphere of Influence) របស់ខ្លួន។ ការពង្រីករបស់អង្គការណាតូទៅកាន់អឺរ៉ុបខាងកើត និងអតីតសាធារណរដ្ឋសូវៀត ត្រូវបានទីក្រុងម៉ូស្គូមើលឃើញថា សកម្មភាពនេះគឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។ ទស្សនៈនេះបានក្លាយជាកត្តាសំខាន់មួយនៅពីក្រោយវិបត្តិហ្សកហ្ស៊ីឆ្នាំ២០០៨ ការបញ្ចូលឧបទ្វីបគ្រីមៀក្នុងឆ្នាំ២០១៤ និងសង្គ្រាមអ៊ុយក្រែនដែលបានផ្ទុះឡើងនៅឆ្នាំ២០២២។ ម្យ៉ាងវិញទៀត សង្គ្រាមអ៊ុយក្រែនបានក្លាយជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុតមួយនៅដើមសតវត្សទី២១។ សង្គ្រាមនេះមិនត្រឹមតែជាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានអ្នកវិភាគជាច្រើនចាត់ទុកថាជាការប្រឈមដោយប្រយោលរវាងរុស្ស៊ី និងលោកខាងលិចផងដែរ។ ជម្លោះនេះបានបង្កឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងលើស្ថាបត្យកម្មសន្តិសុខអឺរ៉ុប ទីផ្សារថាមពលពិភពលោក និងការប្រកួតប្រជែងរវាងមហាអំណាច។
ទន្ទឹមនឹងនេះ រុស្ស៊ីក៏បានពង្រឹងទំនាក់ទំនងជាមួយចិន ឥណ្ឌា អ៊ីរ៉ង់ និងប្រទេសជាច្រើនក្នុងតំបន់ Global South ផងដែរ។ ទំនាក់ទំនងទាំងនេះបានជួយឱ្យ រុស្ស៊ីកាត់បន្ថយផលប៉ះពាល់ពីទណ្ឌកម្មរបស់លោកខាងលិច និងរក្សាតួនាទីរបស់ខ្លួននៅក្នុងប្រព័ន្ធអន្តរជាតិ។ ការពង្រីកក្រុម BRICS និងអង្គការ Shanghai Cooperation Organization (SCO) ក៏បានផ្តល់ឱកាសថ្មីសម្រាប់រុស្ស៊ីក្នុងការពង្រឹងឥទ្ធិពលការទូតរបស់ខ្លួនផងដែរ។
ជាមួយនឹងភាពរីកចម្រើននៃឧត្តមភាព រុស្ស៊ីក៏ប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដូចជា កំណើនសេដ្ឋកិច្ចយឺត ការពឹងផ្អែកលើការនាំចេញថាមពល ការថយចុះចំនួនប្រជាជន និងផលប៉ះពាល់ពីទណ្ឌកម្មអន្តរជាតិ។ បញ្ហាទាំងនេះហាក់បានក្លាយជាឧបសគ្គចំពោះមហិច្ឆតារបស់រុស្ស៊ីក្នុងការរក្សាឋានៈជាមហាអំណាចសកលនៅក្នុងរយៈពេលវែង។
ហេតុនេះហើយ រុស្ស៊ីនៅតែជាមជ្ឈមណ្ឌលអំណាចដ៏សំខាន់មួយនៅក្នុងសតវត្សទី២១។ បើទោះបីជាមិនមានទំហំសេដ្ឋកិច្ចស្មើនឹងសហរដ្ឋអាមេរិក ឬចិនក៏ដោយ ប៉ុន្តែសមត្ថភាពយោធា អាវុធនុយក្លេអ៊ែរ ធនធានថាមពល និងទីតាំងភូមិសាស្ត្រដ៏ធំទូលាយ បានធ្វើឱ្យរុស្ស៊ីក្លាយជាតួអង្គដែលមិនអាចរំលងបាននៅក្នុងតុល្យភាពអំណាចពិភពលោក។ ក្នុងន័យនេះ រុស្ស៊ីមិនត្រឹមតែជាមហាអំណាចយោធា និងថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរស្តម្ភសំខាន់មួយនៃពិភពលោកពហុប៉ូលផងដែរ។
២.៤. សហភាពអឺរ៉ុប មហាអំណាចសេដ្ឋកិច្ច និងបទដ្ឋាន
ក្នុងន័យប្រៀបធៀប បើយើងយល់ថាសហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកថាជាមហាអំណាចយោធា ហើយចិនជាមហាអំណាចសេដ្ឋកិច្ចកំពុងកើនឡើង និងរុស្ស៊ីជាមហាអំណាចយោធានិងថាមពល នោះសហភាពអឺរ៉ុប (European Union - EU) ត្រូវបានមើលឃើញថាជាមជ្ឈមណ្ឌលអំណាចមួយដែលមានលក្ខណៈពិសេសខុសពីគេ។ ក៏ប៉ុន្តែបើទោះបីជាសហភាពអឺរ៉ុបមិនមែនជារដ្ឋឯកភាពមួយ និងមិនមានកម្លាំងយោធារួមដូចមហាអំណាចផ្សេងៗក៏ដោយ ក៏ទំហំសេដ្ឋកិច្ចដ៏ធំ កម្រិតអភិវឌ្ឍន៍ខ្ពស់ និងសមត្ថភាពក្នុងការបង្កើតបទដ្ឋានអន្តរជាតិ បានធ្វើឱ្យសហភាពអឺរ៉ុបក្លាយជាតួអង្គដ៏សំខាន់មួយនៅក្នុងប្រព័ន្ធអន្តរជាតិសតវត្សទី២១។
ពិតណាស់ ការបង្កើតសហភាពអឺរ៉ុប គឺជាលទ្ធផលនៃការខិតខំរយៈពេលវែងក្នុងការកសាងសន្តិភាព និងសមាហរណកម្មនៅអឺរ៉ុបក្រោយសង្គ្រាមលោកលើកទី២។ ចាប់ពីសហគមន៍ធ្យូងថ្ម និងដែកថែបអឺរ៉ុប (ECSC) រហូតដល់ការបង្កើតសហភាពអឺរ៉ុបតាមរយៈសន្ធិសញ្ញា Maastricht ឆ្នាំ១៩៩៣ អឺរ៉ុបបានវិវត្តខ្លួនជាបន្តបន្ទាប់ពីតំបន់ដែលធ្លាប់ពោរពេញដោយសង្គ្រាម ទៅជាតំបន់ដែលមានស្ថិរភាព និងសមាហរណកម្មសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅលើពិភពលោក។
ក្នុងផ្នែកសេដ្ឋកិច្ច សហភាពអឺរ៉ុបគឺជាទីផ្សាររួមដ៏ធំបំផុតមួយរបស់ពិភព លោក។ ជាមួយប្រជាជនជាង ៤៥០ លាននាក់ និងផលិតផលក្នុងស្រុកសរុប (GDP) ស្ថិតក្នុងចំណោមធំបំផុតរបស់ពិភពលោក EU មានតួនាទីសំខាន់ក្នុងពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការវិនិយោគអន្តរជាតិ។ រូបិយប័ណ្ណអឺរ៉ូ (€) ក៏បានក្លាយជារូបិយប័ណ្ណបម្រុងអន្តរជាតិដ៏សំខាន់បំផុតទីពីរបន្ទាប់ពីប្រាក់ដុល្លារអាមេរិក។
អ្វីដែលធ្វើឱ្យសហភាពអឺរ៉ុបមានភាពពិសេស គឺសមត្ថភាពក្នុងការជះ ឥទ្ធិពលតាមរយៈច្បាប់ បទដ្ឋាន និងតម្លៃ។ អ្នកសិក្សាស្រាវជ្រាវម្នាក់គឺលោក Ian Manners បានហៅបាតុភូតនេះថា «Normative Power Europe» ដែលមានន័យថា សហភាពអឺរ៉ុបអាចជះឥទ្ធិពលលើឥរិយាបថរបស់រដ្ឋដទៃ តាមរយៈការផ្សព្វផ្សាយគោលការណ៍ដូចជា ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងអភិបាលកិច្ចល្អ ជាជាងការប្រើប្រាស់កម្លាំងយោធា។
ឥទ្ធិពលរបស់សហភាពអឺរ៉ុបអាចមើលឃើញតាមរយៈការកំណត់បទដ្ឋានអន្តរជាតិលើវិស័យជាច្រើន។ ឧទាហរណ៍ បទប្បញ្ញត្តិការពារទិន្នន័យផ្ទាល់ខ្លួន (GDPR) របស់សហភាពអឺរ៉ុប បានក្លាយជាគំរូសម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ ដូចគ្នានេះដែរ គោលនយោបាយអាកាសធាតុ បរិស្ថាន និងស្តង់ដារផលិតកម្មរបស់ EU ក៏មានឥទ្ធិពលលើការសម្រេចចិត្តរបស់ក្រុមហ៊ុន និងរដ្ឋជាច្រើនផងដែរ។ អ្នកសិក្សាមួយចំនួនបានហៅបាតុភូតនេះថា «Brussels Effect» ដែលសំដៅលើសមត្ថភាពរបស់សហភាពអឺរ៉ុបក្នុងការធ្វើឱ្យបទដ្ឋាន និងស្តង់ដាររបស់ខ្លួនរីកសាយភាយទៅកាន់ទីផ្សារពិភពលោក។
ទោះបីជាយ៉ាងណាក្តី សហភាពអឺរ៉ុបក៏នៅតែមានការប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។ ពិសេសការចាកចេញរបស់ចក្រភពអង់គ្លេស (Brexit) ភាពខុសគ្នានៃផលប្រយោជន៍រវាងរដ្ឋសមាជិក វិបត្តិជនភៀសខ្លួន និងការកើនឡើងនៃនិន្នាការជាតិនិយមនៅក្នុងប្រទេសមួយចំនួន បានបង្កជាសំណួរអំពីអនាគតនៃសមាហរណកម្មអឺរ៉ុប។ បន្ថែមលើសពីនេះទៅទៀត EU នៅតែពឹងផ្អែកយ៉ាងខ្លាំងលើអង្គការណាតូ និងសហរដ្ឋអាមេរិកសម្រាប់សន្តិសុខយោធា ដែលធ្វើឱ្យសមត្ថភាពរបស់ខ្លួនក្នុងការដើរតួនាទីជាមហាអំណាចយោធានៅមានកម្រិត។
តាមរយៈសង្គ្រាមអ៊ុយក្រែនចាប់ពីឆ្នាំ២០២២មក ហាក់បានជំរុញឱ្យសហភាពអឺរ៉ុបពិនិត្យឡើងវិញអំពីតួនាទីសន្តិសុខរបស់ខ្លួន។ ប្រទេសជាច្រើនបានបង្កើនថវិកាការពារជាតិ និងពិភាក្សាអំពីការពង្រឹង «យុទ្ធសាស្ត្រស្វ័យភាពអឺរ៉ុប» (Strategic Autonomy) ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។ បាតុភូតនេះបានធ្វើឱ្យសហភាពអឺរ៉ុបកាន់តែយល់ឃើញថា សេដ្ឋកិច្ច និងបទដ្ឋានតែមួយមុខ មិនគ្រប់គ្រាន់សម្រាប់ការរក្សាឋានៈជាមជ្ឈមណ្ឌលអំណាចក្នុងបរិបទពហុប៉ូលនោះទេ។ ម្យ៉ាងវិញទៀត ការចូលជាសមាជិក NATO របស់ហ្វាំងឡង់ និងការស្នើសុំចូលរួមរបស់ស៊ុយអែត ក៏បានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៃបរិយាកាសសន្តិសុខអឺរ៉ុបក្រោយឆ្នាំ២០២២ផងដែរ។
ហេតុនេះ សហភាពអឺរ៉ុបគឺជាមជ្ឈមណ្ឌលអំណាចដែលមានលក្ខណៈពិសេសបំផុតមួយនៅក្នុងប្រព័ន្ធអន្តរជាតិ។ ទោះបីជាមិនមានអំណាចយោធាស្មើនឹងសហរដ្ឋអាមេរិក ឬរុស្ស៊ីក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចដ៏ធំ សមត្ថភាពបង្កើតបទដ្ឋាន និងឥទ្ធិពលការទូត បានធ្វើឱ្យ EU ក្លាយជាតួអង្គដែលមានសារៈសំខាន់ក្នុងការកំណត់សណ្តាប់ធ្នាប់ពិភពលោក។ ក្នុងសតវត្សទី២១ អំណាចរបស់សហភាពអឺរ៉ុបបានបង្ហាញថា ការជះឥទ្ធិពលលើពិភពលោក មិនចាំបាច់ពឹងផ្អែកតែលើកម្លាំងយោធានោះទេ តែអាចកើតឡើងតាមរយៈសេដ្ឋកិច្ច ច្បាប់ និងបទដ្ឋានអន្តរជាតិផងដែរ។ យើងអាចហៅអឺរ៉ុបបានថា ជាខ្លាមួយដែលអាចរក្សាបាននូឫទ្ធិអំណាចក៏ដូចជាឥទ្ធិពលខ្លួនបានរាប់សតវត្សរ៍។
២.៥. ឥណ្ឌា មហាអំណាចកំពុងលេចធ្លោ
ជាយក្សមួយនៅតំបន់អាស៊ីខាងត្បូងនាក្នុងសតវត្សទី២១ ឥណ្ឌាត្រូវបានចាត់ទុកថាជាមហាអំណាចកំពុងលេចធ្លោដ៏សំខាន់មួយនៅក្នុងប្រព័ន្ធអន្តរជាតិ។ ពិតហើយ ជាមួយនឹងចំនួនប្រជាជនច្រើនជាងគេលើពិភពលោក សេដ្ឋកិច្ចកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស សមត្ថភាពបច្ចេកវិទ្យាកាន់តែខ្ពស់ និងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រនៅកណ្តាលមហាសមុទ្រឥណ្ឌា ឥណ្ឌាបានក្លាយជាតួអង្គមួយដែលមិនអាចរំលងបានក្នុងការគណនាតុល្យភាពអំណាចសកល។
កត្តាសំខាន់មួយដែលធ្វើឱ្យឥណ្ឌាមានសក្តានុពលខ្លាំង គឺប្រជាសាស្ត្រ។ ឥណ្ឌាមានកម្លាំងពលកម្មវ័យក្មេង និងទីផ្សារផ្ទៃក្នុងដ៏ធំ ដែលអាចជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។ បើប្រៀបធៀបនឹងប្រទេសមហាអំណាចមួយចំនួនដែលកំពុងប្រឈមនឹងបញ្ហាប្រជាជនវ័យចំណាស់ ឥណ្ឌាមានអត្ថប្រយោជន៍ផ្នែក «demographic dividend» ដែលអាចក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការកើនឡើងនៃអំណាចជាតិ។
រីឯផ្នែកសេដ្ឋកិច្ច ឥណ្ឌាបានក្លាយជាសេដ្ឋកិច្ចធំមួយរបស់ពិភពលោក និងជាមជ្ឈមណ្ឌលសំខាន់នៃសេវាកម្មបច្ចេកវិទ្យាព័ត៌មាន ឱសថ ឧស្សាហកម្មឌីជីថល និងការផលិត។ កម្មវិធី «Make in India» និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បានបង្ហាញពីមហិច្ឆតារបស់ទីក្រុងញូវដេលីក្នុងការបម្លែងឥណ្ឌាពីសេដ្ឋកិច្ចផ្អែកលើសេវាកម្ម ទៅជាមូលដ្ឋានផលិតកម្ម និងបច្ចេកវិទ្យាដ៏សំខាន់មួយនៅអាស៊ី។
ផ្នែកយោធា ឥណ្ឌាមានកងទ័ពធំបំផុតមួយនៅលើពិភពលោក និងមានអាវុធនុយក្លេអ៊ែរ។ ទីតាំងភូមិសាស្ត្ររបស់ឥណ្ឌានៅជាប់មហាសមុទ្រឥណ្ឌា ធ្វើឱ្យប្រទេសនេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសន្តិសុខផ្លូវសមុទ្រ ពាណិជ្ជកម្មថាមពល និងការប្រកួតប្រជែងរវាងមហាអំណាច។ ម្យ៉ាងវិញទៀត មហាសមុទ្រឥណ្ឌាគឺជាច្រកសំខាន់សម្រាប់ការដឹកជញ្ជូនប្រេង ឧស្ម័ន និងទំនិញរវាងមជ្ឈិមបូព៌ា អាហ្វ្រិក អាស៊ី និងអឺរ៉ុប។ ដូច្នេះ អ្នកវិភាគជាច្រើនចាត់ទុកឥណ្ឌាថាជាតួអង្គសំខាន់ក្នុងការរក្សាតុល្យភាពអំណាចនៅតំបន់ Indo-Pacific។
ក្រៅពីអំណាចសេដ្ឋកិច្ច និងយោធា ឥណ្ឌាក៏មានឥទ្ធិពលផ្នែកវប្បធម៌យ៉ាងសំខាន់ផងដែរ។ ភាពល្បីល្បាញនៃខ្សែភាពយន្ត Bollywood ប្រពៃណីយូហ្គា (Yoga) ម្ហូបអាហារឥណ្ឌា និងសហគមន៍ជនជាតិឥណ្ឌានៅទូទាំងពិភពលោក បានធ្វើឱ្យឥណ្ឌាមានអំណាចទន់ (Soft Power) កាន់តែខ្លាំង។ ឥទ្ធិពលវប្បធម៌នេះបានជួយពង្រឹងរូបភាព និងឋានៈអន្តរជាតិរបស់ឥណ្ឌាក្នុងសតវត្សទី២១។
ដោយឡែកក្នុងទំនាក់ទំនងអន្តរជាតិវិញ គេមើលឃើញថា ឥណ្ឌាអនុវត្តនយោបាយការបរទេសដែលមានលក្ខណៈឯករាជ្យ និងពហុទិសដៅ។ ឥណ្ឌាជាសមាជិក BRICS និង Shanghai Cooperation Organization ជាមួយចិន និងរុស្ស៊ី ប៉ុន្តែជាមួយគ្នានោះ ឥណ្ឌាក៏ជាសមាជិក Quad ជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីផងដែរ។ នយោបាយបែបនេះបង្ហាញថា ឥណ្ឌាមិនចង់ចូលជាប់ក្នុងប្លុកណាមួយទាំងស្រុងទេ ប៉ុន្តែព្យាយាមរក្សាស្វ័យភាពយុទ្ធសាស្ត្រ ដើម្បីបង្កើនផលប្រយោជន៍ជាតិរបស់ខ្លួន។ ពិសេស ការធ្វើជាប្រធានក្រុម G20 នៅឆ្នាំ២០២៣ ក៏បានបង្ហាញពីការកើនឡើងនៃឥទ្ធិពលការទូតរបស់ឥណ្ឌាផងដែរ។ ឥណ្ឌាបានព្យាយាមបង្ហាញខ្លួនជាស្ពានតភ្ជាប់រវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងជាតំណាងដ៏សំខាន់មួយរបស់ Global South នៅលើឆាកអន្តរជាតិ។
អ្វីៗជាច្រើនរៀបរាប់ខាងលើជាចំណុចវិជ្ជមានៃប្រទេសឥណ្ឌា ប៉ុន្តែនៅចំពោះមុខឥណ្ឌាក៏ប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនផងដែរ។ បញ្ហាភាពក្រីក្រ ភាពមិនស្មើគ្នា ហេដ្ឋារចនាសម្ព័ន្ធមិនទាន់គ្រប់គ្រាន់ ជម្លោះព្រំដែនជាមួយចិននិងប៉ាគីស្ថាន ព្រមទាំងបញ្ហាផ្ទៃក្នុងខ្លះៗ អាចបន្ថយល្បឿននៃការកើនឡើងរបស់ឥណ្ឌា។ លើសពីនេះ ការប្រកួតប្រជែងជាមួយចិននៅតំបន់ហិម៉ាឡ័យ និងមហាសមុទ្រឥណ្ឌា ក៏ជាបញ្ហាសន្តិសុខធំមួយសម្រាប់ទីក្រុងញូវដេលីផងដែរ។
ដូច្នេះយើងអាចសន្និដ្ឋានបានថា ឥណ្ឌាគឺជាមជ្ឈមណ្ឌលអំណាចកំពុងលេចធ្លោ ដែលមានសក្តានុពលក្លាយជាតួអង្គសំខាន់បំផុតមួយក្នុងពិភពលោកសម័យពហុប៉ូល។ ឥណ្ឌាមិនមែនជា មហាអំណាចដែលចង់ជំនួសអាមេរិក ឬចិនដោយផ្ទាល់នោះទេ ប៉ុន្តែជាមហាអំណាចដែលអាចដើរតួនាទីជាអ្នកបង្កើតតុល្យភាព (Balancing Power) និងជាតួអង្គសំខាន់ក្នុងការកំណត់ទិសដៅនៃសណ្តាប់ធ្នាប់អន្តរជាតិថ្មី។
២.៦ BRICS និង Global South៖ កម្លាំងថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក
បើរបស់ចាស់មិនបាត់ឬប្រែប្រួលទេ នោះរបស់ថ្មីក៏មិនកើតឡើងដែរ។ ស្រដៀងគ្នានេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្រោយសង្គ្រាមត្រជាក់ ប្រព័ន្ធអន្តរជាតិត្រូវបានគ្រប់គ្រងជាចម្បងដោយស្ថាប័ន និងមហាអំណាចលោកខាងលិច។ តែចាប់ពីដើមសតវត្សទី២១ ការកើនឡើងនៃប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បានធ្វើឱ្យតុល្យភាពអំណាចសកលចាប់ផ្តើមផ្លាស់ប្តូរ។ នៅក្នុងបរិបទនេះ ក្រុម BRICS និងបណ្តាប្រទេស Global South បានក្លាយជាកម្លាំងថ្មីមួយ ដែលកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងនយោបាយ សេដ្ឋកិច្ច និងអភិបាលកិច្ចពិភពលោក។
ពាក្យថា BRIC ដើមឡើយសំដៅលើប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូងចូលឆ្នាំ២០១០។ ដើមឡើយក្រុមនេះត្រូវបានគេស្គាល់ថា BRIC មុនពេលអាហ្វ្រិកខាងត្បូងចូលរួមនៅឆ្នាំ២០១០ ហើយក្លាយជាBRICS។ ក្រុមប្រទេសទាំងនេះបានកើតឡើងដោយផ្អែកលើការយល់ឃើញថា ប្រទេសកំពុងអភិវឌ្ឍន៍ធំៗទាំងនេះ កំពុងក្លាយជាកម្លាំងសេដ្ឋកិច្ចសំខាន់របស់ពិភពលោក។ ក្រោយមក BRICS បានពង្រីកសមាជិកភាព ដោយបញ្ចូលប្រទេសដូចជា អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមជាដើម។ ការពង្រីកនេះបានធ្វើឱ្យ BRICS កាន់តែមានទម្ងន់ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រព័ន្ធអន្តរជាតិ។
សារៈសំខាន់របស់ BRICS មិនស្ថិតនៅត្រឹមចំនួនសមាជិកប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើទំហំប្រជាជន ធនធានធម្មជាតិ និងសក្តានុពលសេដ្ឋកិច្ច។ ប្រទេសសមាជិក BRICS តំណាងឱ្យប្រជាជនជាងពាក់កណ្តាលនៃពិភពលោក និងមានចំណែកយ៉ាងសំខាន់ក្នុងផលិតផលសេដ្ឋកិច្ចសកល។ លើសពីនេះទៀត ប្រទេសជាច្រើនក្នុងក្រុមនេះ គឺជាអ្នកផលិតថាមពល អាហារ និងវត្ថុធាតុដើមដ៏សំខាន់ ដែលមានឥទ្ធិពលលើសន្តិសុខសេដ្ឋកិច្ចពិភពលោក។
កត្តាសំខាន់មួយដែលជំរុញការរីកចម្រើនរបស់ BRICS គឺការមិនពេញចិត្តចំពោះរចនាសម្ព័ន្ធអភិបាលកិច្ចសកលដែលមានស្រាប់។ ប្រទេសជាច្រើននៅក្នុងក្រុមនេះយល់ថា ស្ថាប័នអន្តរជាតិដូចជា IMF ធនាគារពិភពលោក និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនទាន់ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរតុល្យភាពអំណាចនៅក្នុងសតវត្សទី២១នោះទេ។ ដូច្នេះ BRICS បានអំពាវនាវឱ្យមានការកែទម្រង់ស្ថាប័នទាំងនេះ ដើម្បីផ្តល់សំឡេង និងតួនាទីកាន់តែធំដល់ប្រទេសកំពុងអភិវឌ្ឍន៍។
ទន្ទឹមនឹងនោះការបង្កើត ធនាគារអភិវឌ្ឍន៍ថ្មី (New Development Bank - NDB) និង Contingent Reserve Arrangement (CRA) ក៏ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការកសាងស្ថាប័នជំនួស ឬបំពេញបន្ថែមដល់រចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលមានស្រាប់។ ទោះបីជាស្ថាប័នទាំងនេះមិនទាន់អាចជំនួស IMF ឬធនាគារពិភពលោកបានក៏ដោយ ប៉ុន្តែវាបានបង្ហាញពីមហិច្ឆតារបស់ប្រទេស BRICS ក្នុងការចូលរួមកំណត់ទិសដៅនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។
ស្របពេលជាមួយគ្នានេះ ពាក្យ Global South បានក្លាយជាពាក្យនយោបាយ និងភូមិសាស្ត្រនយោបាយដ៏សំខាន់មួយនៅក្នុងសតវត្សទី២១។ Global South មិនមែនជាពាក្យសំដៅលើទីតាំងភូមិសាស្ត្រតែមួយមុខនោះទេ ប៉ុន្តែសំដៅលើក្រុមប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី អាហ្វ្រិក អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ដែលមានបទពិសោធន៍ប្រវត្តិសាស្ត្រ និងបញ្ហាអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នា។ ប្រទេសទាំងនេះកំពុងស្វែងរកតួនាទីកាន់តែធំក្នុងការកំណត់របៀបវារៈអន្តរជាតិ និងកាត់បន្ថយការពឹងផ្អែកលើមហាអំណាចប្រពៃណី។ អ្នកវិភាគជាច្រើនបានចាត់ទុកថា ការពង្រីក BRICS និងការកើនឡើងនៃ Global South គឺជាសញ្ញាបង្ហាញថា ការសម្រេចចិត្តលើបញ្ហាពិភពលោក មិនអាចពឹងផ្អែកលើលោកខាងលិចតែមួយបានទៀតឡើយ ប៉ុន្តែត្រូវការការចូលរួមពីមជ្ឈមណ្ឌលអំណាចចម្រុះកាន់តែច្រើន។
តាមរយៈសង្គ្រាមអ៊ុយក្រែន ការប្រកួតប្រជែងរវាងអាមេរិក និងចិន និងវិបត្តិសេដ្ឋកិច្ចសកល បានបង្ហាញឱ្យឃើញថា ប្រទេសជាច្រើននៅក្នុង Global South មិនចង់ជ្រើសរើសឈរនៅខាងមហាអំណាចណាមួយទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ពួកគេចង់រក្សាស្វ័យភាពយុទ្ធសាស្ត្រ និងអនុវត្តនយោបាយការបរទេសដែលផ្អែកលើផលប្រយោជន៍ជាតិរបស់ខ្លួន។ បាតុភូតនេះបានធ្វើឱ្យប្រព័ន្ធអន្តរជាតិកាន់តែមានភាពពហុប៉ូល និងពិបាកគ្រប់គ្រងជាងមុន។ ត្រង់នេះបើយោងតាមសន្ទានុក្រមបច្ចេកសព្ទនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា ពិភពលោក/ប៉ូល/ក្រុមប្រទេសខាងត្បូង (Global South) សំដៅដល់ក្រុមប្រទេសដែលត្រូវបានគេកំណត់លក្ខណៈដោយផ្អែកលើលក្ខខណ្ឌសេដ្ឋកិច្ច សង្គម និងនយោបាយ។ យោងតាមអង្គការពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNCTAD) ពិភពលោកខាងត្បូង រួមមាន បណ្តាប្រទេសនៅទ្វីបអាហ្រ្វ៊ិក អាមេរិកឡាទីន និងការ៉ាអ៊ីប អាស៊ី (មិនរាប់បញ្ចូលអ៊ីស្រាអែល ជប៉ុន និងកូរ៉េខាងត្បូង) និងអូសេអានី (មិនរាប់ បញ្ចូលអូស្ត្រាលី និងនូវែលសេឡង់)។ ភាគច្រើននៃបណ្តាប្រទេសពិភពលោកខាងត្បូងត្រូវបានគេកំណត់ ជាទូទៅថា ស្តង់ដារនៃការរស់នៅរបស់ពួកគេនៅមានកម្រិតទាប រួមមាន ប្រាក់ចំណូលទាប អត្រានៃភាពក្រីក្រខ្ពស់ អត្រាកំណើនប្រជាជនខ្ពស់ លំនៅឋានមិនគ្រប់គ្រាន់ ឱកាសសិក្សាមានកម្រិត និងប្រព័ន្ធសុខភាពខ្វះខាត ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ បន្ថែមពីលើនេះ ទីក្រុងរបស់ប្រទេស ទាំងនេះត្រូវបានកំណត់ដោយហេដ្ឋារចនាសម្ព័ន្ធមិនសូវល្អ។
ជារួម BRICS និង Global South គឺជានិមិត្តរូបនៃការផ្លាស់ប្តូរតុល្យភាពអំណាចនៅក្នុងសតវត្សទី២១។ ទោះបីជាពួកគេមិនទាន់អាចជំនួសឥទ្ធិពលរបស់លោកខាងលិចបានក៏ដោយ ប៉ុន្តែការកើនឡើងរបស់ពួកគេបានបង្ហាញយ៉ាងច្បាស់ថា សណ្តាប់ធ្នាប់ពិភពលោកលែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលអំណាចតែមួយទៀតហើយ។ ផ្ទុយទៅវិញពិភពលោកកំពុងឆ្ពោះទៅរកប្រព័ន្ធដែលមានតួអង្គច្រើន និងការចែកចាយអំណាចកាន់តែទូលំទូលាយ ដែលជាលក្ខណៈសំខាន់នៃពិភពលោកពហុប៉ូល។
២.៧ តុល្យភាពអំណាចថ្មីក្នុងសតវត្សទី២១
ការកើនឡើងនៃមជ្ឈមណ្ឌលអំណាចថ្មីៗនៅក្នុងសតវត្សទី២១ បានធ្វើឱ្យតុល្យភាពអំណាចពិភពលោកផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។ ប្រសិនបើនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ សហរដ្ឋអាមេរិកអាចដឹកនាំប្រព័ន្ធអន្តរជាតិបានដោយឥទ្ធិពលដ៏លេចធ្លោ នោះនៅក្នុងបច្ចុប្បន្នភាព អំណាចកំពុងត្រូវបានចែកចាយទៅកាន់តួអង្គជាច្រើន ដូចជា ចិន រុស្ស៊ី ឥណ្ឌា សហភាពអឺរ៉ុប និងក្រុមប្រទេស Global South។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យប្រព័ន្ធអន្តរជាតិកាន់តែមានភាពស្មុគស្មាញ និងមិនអាចពន្យល់តាមគំរូឯកប៉ូលដូចអតីតកាលបានទៀតឡើយ។
នៅក្នុងបរិបទថ្មីនេះ សហរដ្ឋអាមេរិកនៅតែជាមហាអំណាចនាំមុខ ប៉ុន្តែមិនអាចគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោកដោយឯកតោភាគីបានដូចក្រោយសង្គ្រាមត្រជាក់ទៀតឡើយ។ ការកើនឡើងរបស់ចិន បានបង្កើតការប្រកួតប្រជែងដ៏ធំបំផុតមួយនៅក្នុងប្រព័ន្ធអន្តរជាតិ ខណៈរុស្ស៊ីបានប្រើប្រាស់អំណាចយោធា និងថាមពលដើម្បីរក្សាឥទ្ធិពលរបស់ខ្លួន។ ទន្ទឹមនឹងនេះ ឥណ្ឌាកំពុងលេចធ្លោជាតួអង្គដ៏សំខាន់មួយនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈសហភាពអឺរ៉ុបបន្តប្រើប្រាស់អំណាចសេដ្ឋកិច្ច និងបទដ្ឋានអន្តរជាតិដើម្បីជះឥទ្ធិពលលើពិភពលោក។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺពិភពលោកពហុប៉ូលមិនមែនជាការវិលត្រឡប់ទៅរកប្រព័ន្ធពហុប៉ូលបែបសតវត្សទី១៩ ឬមុនសង្គ្រាមលោកលើកទី១នោះទេ។ ផ្ទុយទៅវិញ វាគឺជាប្រព័ន្ធដែលអំណាចត្រូវបានចែកចាយនៅក្នុងវិស័យផ្សេងៗគ្នា។ សហរដ្ឋអាមេរិកអាចនាំមុខផ្នែកយោធា ចិនអាចនាំមុខផ្នែកផលិតកម្ម និងពាណិជ្ជកម្ម សហភាពអឺរ៉ុបអាចនាំមុខផ្នែកបទដ្ឋាន និងបរិស្ថាន ខណៈឥណ្ឌា និង Global South កំពុងកើនឥទ្ធិពលផ្នែកប្រជាសាស្ត្រ និងទីផ្សារ។ នេះមានន័យថា អំណាចនៅក្នុងសតវត្សទី២១ មានលក្ខណៈពហុវិមាត្រ (Multi-dimensional Power) ជាងសម័យកាលពីអតីតកាល។
លើសពីនេះ ការកើនឡើងនៃបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត ថាមពលស្អាត និងរ៉ែយុទ្ធសាស្ត្រ បានធ្វើឱ្យការប្រកួតប្រជែងអំណាចលែងកំណត់ត្រឹមដែនដី ឬកម្លាំងយោធាទៀតហើយ។ បច្ចុប្បន្ន មហាអំណាចកំពុងប្រកួតប្រជែងគ្នាលើបច្ចេកវិទ្យា ខ្សែច្រវាក់ផ្គត់ផ្គង់ទិន្នន័យឧស្សាហកម្មបន្ទះឈីប (Semiconductors) និងធនធានសំខាន់ៗសម្រាប់បដិវត្តន៍ថាមពលបៃតង។ ដូច្នេះ តុល្យភាពអំណាចសម័យថ្មី គឺជាការប្រកួតប្រជែងដែលកើតឡើងទាំងលើដីគោក សមុទ្រ អវកាស និងលំហឌីជីថលក្នុងពេលតែមួយ។
ទន្ទឹមនឹងនេះ ប្រទេសមធ្យម និងប្រទេសតូចៗក៏កំពុងមានតួនាទីកាន់តែសំខាន់ផងដែរ។ នៅក្នុងពិភពលោកពហុប៉ូល ប្រទេសទាំងនេះអាចប្រើប្រាស់យុទ្ធ សាស្ត្រតុល្យភាព (Balancing) ការបត់បែន (Hedging) ឬនយោបាយពហុទិសដៅ (Multi-vector Diplomacy) ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ ជាក់ស្តែង ប្រទេសជាច្រើននៅអាស៊ាន មជ្ឈិមបូព៌ា និងអាហ្វ្រិក កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចជាច្រើនក្នុងពេលតែមួយ ដោយមិនចង់ជ្រើសរើសឈរនៅខាងភាគីណាមួយទាំងស្រុង។
ហេតុនេះ តុល្យភាពអំណាចថ្មីក្នុងសតវត្សទី២១ គឺជាលទ្ធផលនៃការផ្លាស់ ប្តូរពីពិភពលោកឯកប៉ូល ទៅកាន់ពិភពលោកពហុប៉ូល ដែលមានមជ្ឈមណ្ឌលអំណាចជាច្រើនកំពុងប្រកួតប្រជែង និងសហការគ្នាក្នុងពេលតែមួយ។ ការផ្លាស់ប្តូរនេះមិនត្រឹមតែបង្ហាញពីការកើនឡើងរបស់មហាអំណាចថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៃរបៀបដំណើរការរបស់ប្រព័ន្ធអន្តរជាតិទាំងមូល។ ការយល់ដឹងអំពីតុល្យភាពអំណាចថ្មីនេះ គឺជាគន្លឹះសម្រាប់ការយល់ដឹងអំពីនយោបាយអន្តរជាតិ និងភូមិសាស្ត្រនយោបាយក្នុងសតវត្សទី២១។ ម្យ៉ាងអម្រែកអាមេរិក ក៏ត្រូវបានប្រទេសមណ្ឌលអំណាចថ្មីចូលខ្លួនមកបណ្តើរ ដើម្បីសម្រួលបន្ទុកនេះផងដែរ។ បានសេចក្តីថា ការកើនឡើងនៃមជ្ឈមណ្ឌលអំណាចថ្មីៗ មិនមែនមានន័យថាពួកគេចូលមកជួយសម្រាលអម្រែកអាមេរិកដោយផ្ទាល់នោះទេ ប៉ុន្តែបង្ហាញថា ការគ្រប់គ្រងកិច្ចការពិភពលោកកំពុងក្លាយជាការចែករំលែក និងការប្រកួតប្រជែងរវាងតួអង្គជាច្រើន។
ពិតហើយ ការកើនឡើងនៃចិន ការវិលត្រឡប់របស់រុស្ស៊ី ការលេចធ្លោរបស់ឥណ្ឌា និងការកើនឥទ្ធិពលរបស់ BRICS និង Global South បានជំរុញឱ្យមានការជជែកវែកញែកយ៉ាងទូលំទូលាយនៅក្នុងវិស័យទំនាក់ទំនងអន្តរជាតិ និងភូមិសាស្ត្រនយោបាយ អំពីអនាគតនៃសណ្តាប់ធ្នាប់ពិភពលោក។ សំណួរសំខាន់មួយដែលតែងតែត្រូវបានលើកឡើង គឺថា តើពិភពលោកបានឈានចូលសម័យពហុប៉ូល (Multipolarity) ពេញលេញហើយឬនៅ ឬក៏កំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលពីប្រព័ន្ធឯកប៉ូលទៅកាន់ប្រព័ន្ធថ្មីមួយ? ការឆ្លើយសំណួរនេះ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះទស្សនៈរបស់អ្នកវិភាគ និងអ្នកប្រាជ្ញមានភាពខុសគ្នាយ៉ាងច្រើន។
ក. ទស្សនៈដែលថាពិភពលោកកំពុងក្លាយជាពហុប៉ូល
អ្នកវិភាគមួយក្រុមយល់ថា ពិភពលោកបាននិងកំពុងឈានចូលសម័យពហុប៉ូល (Multipolar World) រួចទៅហើយ។ ពួកគេចង្អុលបង្ហាញថា ដោយបានលើកហេតុផលថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះជាសមាមាត្រ (Relative Decline) រីឯមជ្ឈមណ្ឌលអំណាចថ្មីៗកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ពិសេសចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចធំទី២ របស់ពិភពលោក រុស្ស៊ីបានបង្ហាញសមត្ថភាពប្រឈមជាមួយលោកខាងលិចតាមរយៈអំណាចយោធា និងថាមពល ឥណ្ឌាកំពុងលេចធ្លោជាមហាអំណាចប្រជាសាស្ត្រ និងបច្ចេកវិទ្យា ខណៈក្រុម BRICS និងបណ្តាប្រទេស Global South ក៏កំពុងទាមទារតួនាទីកាន់តែធំក្នុងការគ្រប់គ្រងកិច្ចការអន្តរជាតិផងដែរ។
ស្ថានភាពនេះអាចបកស្រាយបានថា ពិភពលោកលែងស្ថិតក្រោមការគ្រប់គ្រងរបស់មហាអំណាចតែមួយដូចនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ទៀតហើយ។ បញ្ហាសំខាន់ៗជាច្រើន ដូចជា សង្គ្រាមអ៊ុយក្រែន វិបត្តិនៅមជ្ឈិមបូព៌ា ការប្រកួតប្រជែងបច្ចេកវិទ្យា ការផ្លាស់ប្តូរអាកាសធាតុ និងសន្តិសុខថាមពលពិភពលោក មិនអាចដោះស្រាយបានដោយប្រទេសណាមួយតែម្នាក់ឯងនោះទេ។ ផ្ទុយទៅវិញ ការសម្រេចចិត្តលើបញ្ហាទាំងនេះតម្រូវឱ្យមានការចូលរួមពីមជ្ឈមណ្ឌលអំណាចជាច្រើន និងស្ថាប័នអន្តរជាតិជាច្រើនផងដែរ។
ក្រៅពីនេះ នៅមានអ្នកគាំទ្រទស្សនៈនេះក៏លើកឡើងថា ការពង្រីកក្រុម BRICS ការកើនឡើងនៃឥទ្ធិពលសេដ្ឋកិច្ចអាស៊ី និងការកើនតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ បានបង្ហាញយ៉ាងច្បាស់ថា អំណាចសកលកំពុងត្រូវបានចែកចាយកាន់តែទូលំទូលាយ។ ដូច្នេះ ពួកគេជឿជាក់ថា ពិភពលោកពហុប៉ូលមិនមែនជាបាតុភូតនាពេលអនាគតទៀតទេ ប៉ុន្តែជាការពិតដែលកំពុងកើតមានរួចទៅហើយនៅក្នុងសតវត្សទី២១។
ខ. ទស្សនៈដែលថាអាមេរិកនៅតែជាមហាអំណាចលេចធ្លោ
ផ្ទុយទៅវិញ អ្នកវិភាគមួយក្រុមទៀតយល់ថា បើទោះបីជាមានការកើនឡើងនៃមជ្ឈមណ្ឌលអំណាចថ្មីៗក៏ដោយ សហរដ្ឋអាមេរិកនៅតែជាមហាអំណាចលេចធ្លោបំផុតនៅក្នុងប្រព័ន្ធអន្តរជាតិ។ ពួកគេបានលើកអំណះអំណាងមកបញ្ជាក់ថា អាមេរិកនៅតែមានថវិកាការពារជាតិធំបំផុតនៅលើពិភពលោក បណ្តាញសម្ព័ន្ធមិត្តទូលំទូលាយបំផុត រូបិយប័ណ្ណអន្តរជាតិសំខាន់បំផុត និងឧត្តមភាពផ្នែកបច្ចេកវិទ្យាដែលប្រទេសផ្សេងៗពិបាកប្រជែងបានក្នុងរយៈពេលខ្លី។
ការពិតមួយដែលពិបាកប្រកែកបាននោះគឺ ប្រាក់ដុល្លារអាមេរិកនៅតែជារូបិយប័ណ្ណបម្រុងសកល និងជាមធ្យោបាយទូទាត់ដ៏សំខាន់បំផុតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ និងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខជាច្រើនរបស់ពិភពលោក នៅតែស្ថិតនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនដូចជា Apple, Microsoft, Google, Amazon, NVIDIA និង OpenAI បានដើរតួនាទីសំខាន់ក្នុងការដឹកនាំបដិវត្តន៍ឌីជីថល បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចចំណេះដឹងសម័យថ្មី។
បន្ថែមពីនេះ សហរដ្ឋអាមេរិកនៅតែមានអត្ថប្រយោជន៍មួយដែលមហាអំណាចផ្សេងៗពិបាកប្រៀបផ្ទឹមបាន គឺបណ្តាញសម្ព័ន្ធភាពសន្តិសុខសកល។ អង្គការណាតូ (NATO) កិច្ចសហប្រតិបត្តិការជាមួយជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងដៃគូសន្តិសុខផ្សេងៗទៀត បានផ្តល់ឱ្យអាមេរិកនូវសមត្ថភាពជះឥទ្ធិពលនៅគ្រប់តំបន់សំខាន់ៗនៃពិភពលោក។ ផ្ទុយទៅវិញ ចិន និងរុស្ស៊ី បើទោះបីជាមានអំណាចកើនឡើងក៏ដោយ ក៏មិនទាន់មានបណ្តាញសម្ព័ន្ធមិត្តទូលំទូលាយ និងរឹងមាំដូចសហរដ្ឋអាមេរិកនៅឡើយ។
អ្នកវិភាគក្នុងក្រុមនេះក៏បានលើកឡើងថា ការកើនឡើងរបស់ចិន រុស្ស៊ី ឥណ្ឌា ឬ BRICS មិនទាន់មានន័យថា ពួកគេអាចជំនួសតួនាទីរបស់អាមេរិកនៅក្នុងការគ្រប់គ្រងកិច្ចការពិភពលោកបាននោះទេ។ ផ្ទុយទៅវិញ នៅក្នុងវិបត្តិអន្តរជាតិសំខាន់ៗជាច្រើន មិនថាវិបត្តិសន្តិសុខ ហិរញ្ញវត្ថុ ឬបច្ចេកវិទ្យានោះទេ សហរដ្ឋអាមេរិកនៅតែជាតួអង្គកណ្តាលដែលពិភពលោកត្រូវគិតគូរ និងពិគ្រោះយោបល់ជាមុន។
ដូច្នេះ អ្នកវិភាគក្រុមនេះយល់ថា ប្រព័ន្ធអន្តរជាតិបច្ចុប្បន្ន មិនទាន់ឈានដល់សភាពពហុប៉ូលពេញលេញនៅឡើយទេ។ ផ្ទុយទៅវិញ វាមានលក្ខណៈជា «ឯកប៉ូលកែប្រែ» (Modified Unipolarity) «ឯកប៉ូលបូក» (Unipolarity Plus) ឬ «ពហុប៉ូលមានមហាអំណាចលេចធ្លោ» (Multipolarity with a Predominant Power) ដែលក្នុងនោះ សហរដ្ឋអាមេរិកនៅតែជាតួអង្គមានឥទ្ធិពលខ្លាំងជាងគេ បើទោះបីជាត្រូវប្រឈមមុខនឹងការកើនឡើងនៃមជ្ឈមណ្ឌលអំណាចថ្មីៗក៏ដោយ។
គ.ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល
បើយើងពិនិត្យតាមការវិវត្តជាក់ស្តែងនៃនយោបាយអន្តរជាតិ ទស្សនៈដែលហាក់មានភាពសមស្របជាងគេ ប្រហែលមិនមែនជាការជ្រើសរើសថា ពិភពលោកជាឯកប៉ូល ឬពហុប៉ូលនោះទេ ប៉ុន្តែជាការទទួលស្គាល់ថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល (Transition Period) រវាងប្រព័ន្ធទាំងពីរ។ ជាក់ស្តែង សហរដ្ឋអាមេរិកនៅតែជាមហាអំណាចនាំមុខ និងនៅតែមានឧត្តមភាពលើវិស័យសំខាន់ៗជាច្រើន ដូចជា យោធា បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងបណ្តាញសម្ព័ន្ធមិត្តសកល។ បើទោះជាយ៉ាងណាក៏ដោយ អាមេរិកមិនអាចគ្រប់គ្រង ឬកំណត់ទិសដៅប្រព័ន្ធអន្តរជាតិបានដោយឯកតោភាគីដូចក្នុងទសវត្សរ៍ឆ្នាំ១៩៩០ទៀតឡើយ។
ទន្ទឹមនឹងនេះ ចិន រុស្ស៊ី ឥណ្ឌា សហភាពអឺរ៉ុប និងបណ្តាប្រទេស Global South ក៏បានបង្កើនឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់។ ក៏ប៉ុន្តែ មជ្ឈមណ្ឌលអំណាចទាំងនេះនៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជំនួសតួនាទីរបស់សហរដ្ឋអាមេរិកទាំងស្រុង ឬបង្កើតសណ្តាប់ធ្នាប់អន្តរជាតិថ្មីដែលមានស្ថិរភាពបាននៅឡើយទេ។ ហេតុនេះ ប្រព័ន្ធអន្តរជាតិបច្ចុប្បន្ន គឺជាប្រព័ន្ធដែលអំណាចកំពុងត្រូវបានចែកចាយកាន់តែទូលំទូលាយ ប៉ុន្តែមិនទាន់ឈានដល់ស្ថានភាពពហុប៉ូលពេញលេញនៅឡើយ។
ហេតុនេះសតវត្សទី២១ អាចត្រូវបានមើលឃើញថា ជាយុគសម័យនៃការផ្លាស់ប្តូរតុល្យភាពអំណាច ដែលមជ្ឈមណ្ឌលអំណាចជាច្រើនកំពុងប្រជែង និងសហការគ្នាក្នុងពេលតែមួយ ដើម្បីកំណត់ច្បាប់ បទដ្ឋាន និងទិសដៅនៃសណ្តាប់ធ្នាប់ពិភពលោកថ្មី។ ដូច្នេះ សំណួរសំខាន់មិនមែនថា តើពិភពលោកជាឯកប៉ូល ឬពហុប៉ូលនោះទេ ប៉ុន្តែថាតើដំណើរអន្តរកាលនេះនឹងនាំទៅរកសណ្តាប់ធ្នាប់ពិភពលោកបែបណា និងតើមជ្ឈមណ្ឌលអំណាចណាខ្លះនឹងក្លាយជាតួអង្គសំខាន់បំផុតក្នុងការកំណត់អនាគតនៃប្រព័ន្ធអន្តរជាតិ។
ឃ. អនាគតនៃពហុប៉ូល
បើយើងមើលទៅថ្ងៃខាងមុខវិញ យើងនឹងរំពឹងឃើញងាអនាគតនៃពហុប៉ូលនឹងអាស្រ័យលើកត្តាសំខាន់ៗជាច្រើន។ ក្នុងនោះ កត្តាទីមួយ គឺលទ្ធភាពរបស់ចិនក្នុងការបន្តកំណើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ កត្តាទីពីរ គឺសមត្ថភាពរបស់សហរដ្ឋ អាមេរិកក្នុងការរក្សាភាពជាអ្នកដឹកនាំសកល។ កត្តាទីបី គឺតួនាទីរបស់ឥណ្ឌា BRICS និង Global South ក្នុងការកំណត់ស្ថាបត្យកម្មអន្តរជាតិថ្មី។ កត្តាទីបួន បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ថាមពលបៃតង និងធនធានរ៉ែយុទ្ធសាស្ត្រ ក៏នឹងក្លាយជាកត្តាកំណត់សំខាន់នៃតុល្យភាពអំណាចនាពេលអនាគតផងដែរ។
ម្យ៉ាងវិញទៀត អ្នកវិភាគជាច្រើនយល់ថា សតវត្សទី២១ នឹងមិនត្រូវបានកំណត់ដោយការគ្រប់គ្រងរបស់មហាអំណាចតែមួយនោះទេ ប៉ុន្តែដោយការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលអំណាចជាច្រើន។ ដូច្នេះយុគសម័យពហុប៉ូលមិនមែនជាស្ថានភាពថេរមួយទេ ប៉ុន្តែជាដំណើរការដែលកំពុងវិវត្ត និងបន្តផ្លាស់ប្តូរជានិច្ច។ អាស្រ័យហេតុនេះ ពិភពលោកបច្ចុប្បន្នមិនមែនជាប្រព័ន្ធឯកប៉ូលពេញលេញដូចក្រោយសង្គ្រាមត្រជាក់ ហើយក៏មិនទាន់ក្លាយជាពហុប៉ូលពេញលេញដែរ។ ផ្ទុយទៅវិញ វាគឺជាប្រព័ន្ធអន្តរកាល ដែលអំណាចកំពុងត្រូវបានបែកចែកឡើងវិញក្នុងចំណោមមជ្ឈមណ្ឌលអំណាចជាច្រើន។ ការកើនឡើងរបស់ចិន ការវិលត្រឡប់របស់រុស្ស៊ី ការលេចធ្លោរបស់ឥណ្ឌា និងការកើនឥទ្ធិពលរបស់ BRICS និង Global South បានបង្ហាញថា សណ្តាប់ធ្នាប់ពិភពលោកកំពុងឈានចូលសម័យថ្មីមួយ ដែលមានភាពស្មុគស្មាញ និងពិបាកព្យាករណ៍ជាងអតីតកាល។ សម្រាប់អ្នកសិក្សាភូមិសាស្ត្រនយោបាយ ការយល់ដឹងអំពីការផ្លាស់ប្តូរនេះ គឺជាគន្លឹះសំខាន់ក្នុងការយល់ដឹងអំពីអនាគតនៃនយោបាយពិភពលោក។
សេចក្តីសន្និដ្ឋាន៖ យើងអាចវាយតម្លៃសភាពការណ៍ពិភពលោកនាពេលបច្ចុប្បន្ននេះបានថា ការផ្លាស់ប្តូរពីពិភពលោកឯកប៉ូលទៅកាន់ពិភពលោកពហុប៉ូល គឺជាដំណើរការមួយដែលកំពុងកើតឡើងជាបន្តបន្ទាប់។ សហរដ្ឋអាមេរិកនៅតែជាមហាអំណាចនាំមុខ ប៉ុន្តែមជ្ឈមណ្ឌលអំណាចថ្មីៗដូចជា ចិន ឥណ្ឌា សហភាពអឺរ៉ុប BRICS និង Global South កំពុងទទួលបានឥទ្ធិពលកាន់តែធំ។ ក្នុងបរិបទនេះ អំណាចលែងត្រូវបានកំណត់ត្រឹមកម្លាំងយោធាទៀតទេ ប៉ុន្តែរួមបញ្ចូលសេដ្ឋកិច្ច បច្ចេកវិទ្យា បទដ្ឋាន និងសមត្ថភាពក្នុងការបង្កើតសម្ព័ន្ធភាពផងដែរ។
ហេតុនេះការកើនឡើងនៃមជ្ឈមណ្ឌលអំណាចថ្មីៗ មិនបានបង្ហាញថាពួកគេកំពុងចូលមកសម្រាលបន្ទុកការដឹកនាំពិភពលោកជំនួសសហរដ្ឋអាមេរិកនោះទេ។ ផ្ទុយទៅវិញ ភាគច្រើននៃតួអង្គទាំងនេះកំពុងស្វែងរកការពង្រឹងឥទ្ធិពល និងការពារផលប្រយោជន៍ជាតិរបស់ខ្លួន តាមរយៈការប្រកួតប្រជែង និងការចរចាជាមួយមហាអំណាចដែលមានស្រាប់។ ក្នុងន័យនេះ ការលេចឡើងនៃពិភពលោកពហុប៉ូល គឺមិនមែនជាការផ្ទេរបន្ទុកពីមហាអំណាចមួយទៅមហាអំណាចមួយទៀតនោះទេ ប៉ុន្តែជាការរៀបចំឡើងវិញនៃតុល្យភាពអំណាច ដែលមានទាំងការសហការ និងការប្រកួតប្រជែងក្នុងពេលតែមួយ៕







