Fresh Exclusive: ហ្វូងដ្រូនក្នុងទម្រង់ Jellyfish ឬវាលមីនលើអាកាស?៖ អ្វីដែលអាកាសយានិក F-15  បានឃើញនៅលើមេឃអ៉ីរ៉ង់ (Video inside)

24-06-2026 15:25

(ភ្នំពេញ)៖ សម្តីអះអាងបញ្ជាក់របស់អ្នកបើកយន្តហោះចម្បាំង F-15 របស់សហរដ្ឋអាមេរិក ថាគាត់ បានឃើញវត្ថុចម្លែកនៅលើផ្ទៃមេឃ អ៊ីរ៉ង់ មុនពេលគាត់លោតចេញពីយន្តហោះដែលត្រូវគេ បាញ់ទម្លាក់កាលពីខែមេសា២០២៦ បានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក នៅក្នុងសហគមន៍ស៊ើបការណ៍អាមេរិក និងក្នុងចំណោមអ្នកវិភាគយោធានានាជុំវិញពិភពលោក។

តើអាកាសយានិកអាមេរិករូបនោះ បានឃើញអ្វីនៅលើមេឃនោះ? Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

តើមានអ្វីកើតឡើង ប្រសិនបើអាកាសយានិកចម្បាំងអាមេរិកម្នាក់ មុនពេលលោតចេញពីយន្តហោះដែលកំពុងធ្លាក់ បានក្រឡេកមើលទៅលើមេឃ ហើយឃើញវត្ថុចម្លែកមួយ ដែលគាត់មិនធ្លាប់ជួបប្រទះពីមុនមក?

តើវាគ្រាន់តែជាការយល់ច្រឡំក្នុងស្ថានភាពតានតឹងខ្លាំង? ឬជាសញ្ញាដំបូងនៃការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងសង្គ្រាមសម័យទំនើប?

អ្នកបើកយន្តហោះចម្បាំង F-15 របស់សហរដ្ឋអាមេរិក ដែលត្រូវបានកងកម្លាំងពិសេសជួយសង្គ្រោះ បន្ទាប់ពីយន្តហោះរបស់គាត់ ត្រូវបានបាញ់ទម្លាក់នៅលើទឹកដីអ៊ីរ៉ង់ កាលពីខែមេសា បានពិពណ៌នាអំពីទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ មុនពេលលោតចេញពីយន្តហោះ៖ នោះគឺដ្រូន របស់អ៊ីរ៉ង់ជាច្រើនគ្រឿង កំពុងហោះហើរជាក្រុមដោយធ្វើចលនាស្របគ្នាដូចជាវត្ថុតែមួយ ក្នុងទម្រង់ដែលគាត់ពិពណ៌នាថា មានរូបរាងស្រដៀងនឹង «សត្វខ្ញែសមុទ្រ» (Jellyfish)។

ប្រសិនបើការរាយការណ៍របស់អាកាសយានិកនោះ ត្រឹមត្រូវ វាអាចមានន័យថា ពិភពលោកកំពុងឈានចូលយុគសម័យថ្មីមួយនៃសង្គ្រាមដ្រូន ដែលអាចផ្លាស់ប្តូរតុល្យភាពយោធាសកលទាំងមូល។

*ពីដ្រូនមួយគ្រឿង ទៅជាហ្វូងដ្រូនឆ្លាតវៃ
យោងតាមការរាយការណ៍របស់ CNN អាកាសយានិក F-15 បានប្រាប់មន្ត្រីស៊ើបការណ៍ថា គាត់បានឃើញ «ដ្រូនជាច្រើនភ្ជាប់ទំនាក់ទំនងគ្នា និងផ្លាស់ទីដូចជាវត្ថុតែមួយ ខណៈដ្រូនតូចៗស្ថិតនៅខាងក្រោមដ្រូនធំៗ ដូចជាជើងរបស់សត្វខ្ញែសមុទ្រ (Jellyfish)»។
ប្រភពមួយដែលដឹងអំពីការរាយការណ៍របស់អាកាសយានិករូបនោះដែរ បានប្រាប់ CNN ថា៖

«ដ្រូនជាច្រើនបានភ្ជាប់ទំនាក់ទំនងគ្នា និងធ្វើចលនារួមគ្នាដូចជាវត្ថុតែមួយ ខណៈដ្រូនតូចៗស្ថិតនៅខាងក្រោមដ្រូនធំៗ ដូចជាជើងរបស់វា។ វាដូចជារឿងក្នុងភាពយន្តវិទ្យាសាស្ត្រពិតមែន»

ប្រភពមួយទៀត បានពិពណ៌នាថា អាកាសយានិករូបនោះ បានឃើញ «minefield of drones» មានន័យថា «វាលមីនដ្រូន» នៅលើអាកាស។

បច្ចេកវិទ្យាដែលអាចពន្យល់បាតុភូតនេះ ត្រូវបានគេហៅថា «ប្រព័ន្ធបណ្តាញទំនាក់ទំនងបែបមួយទៅច្រើន ដែលភ្ជាប់គ្នាជាសំណាញ់» (one-to-many meshed networking)។

បើតាមអ្នកជំនាញ បច្ចេកវិទ្យានេះ អនុញ្ញាតឱ្យដ្រូនជាច្រើនអាចទំនាក់ទំនងគ្នាទៅវិញទៅមក ចែករំលែកទិន្នន័យ និងសម្របសម្រួលសកម្មភាពដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ពឹងផ្អែកលើមជ្ឈមណ្ឌលបញ្ជាការតែមួយឡើយ។

និយាយឱ្យសាមញ្ញ ប្រសិនបើដ្រូនមួយ ត្រូវបានបាញ់ទម្លាក់ ដ្រូនផ្សេងទៀតនៅក្នុងបណ្តាញអាចបន្តបេសកកម្មបានដោយស្វ័យប្រវត្តិ ដោយមិនធ្វើឱ្យប្រព័ន្ធទាំងមូលដួលរលំឡើយ។

*សង្គ្រាមអនាគត៖ ពេលដ្រូនថោកៗ ប្រឈមមុខនឹងយន្តហោះថ្លៃៗ
អស់រយៈពេលជាច្រើនទសវត្សរ៍ សហរដ្ឋអាមេរិកបានវិនិយោគថវិកាយ៉ាងច្រើនក្នុងការអភិវឌ្ឍយន្តហោះចម្បាំងទំនើបៗ ដូចជា F-15, F-22 និង F-35។

ប៉ុន្តែ ការវិវត្តនៃហ្វូងដ្រូន Drone Swarm កំពុងបង្កើតសំណួរថ្មីមួយ៖ តើយន្តហោះដែលមានតម្លៃរាប់រយលានដុល្លារ អាចត្រូវបានគំរាមកំហែងដោយដ្រូនដែលមានតម្លៃត្រឹមរាប់ម៉ឺនដុល្លារដែរឬទេ?

លោកស្រី Emma Bates អ្នកជំនាញផ្នែកសង្គ្រាមដ្រូន និងជាស្ថាបនិកក្រុមហ៊ុន Cachai បានប្រាប់ CNN ថា៖ «យើងនឹងត្រូវចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ ព្រមទាំងលះបង់ធនធាន និងជីវិតមនុស្សជាច្រើន ដើម្បីការពារខ្លួនពីបច្ចេកវិទ្យា ដែលអាចសម្របសម្រួលគ្នាបាន ក្នុងកម្រិតបែបនេះ» (“We will spend huge, huge dollars, like a lot of blood and treasure, protecting ourselves from something that can coordinate like that.”)

លោកស្រីបានបន្តថា៖ «ប្រសិនបើហ្វូងដ្រូន អាចសម្របសម្រួលខ្លួនឯងឱ្យបង្កើត និងរក្សាទម្រង់ជាក់លាក់មួយបាន ហើយប្រសិនបើវាបំពាក់ដោយគ្រឿងផ្ទុះ ព្រមទាំងរក្សាទុកកម្លាំងបម្រុងសម្រាប់វាយប្រហារបន្ថែមលើគោលដៅ ដែលមិនត្រូវបានបំផ្លាញក្នុងការវាយប្រហារលើកដំបូង នោះវាគឺជាវិធីសាស្ត្រប្រយុទ្ធ ដែលមានប្រសិទ្ធភាព និងគ្រោះថ្នាក់ខ្លាំងណាស់»។
“If it can coordinate itself into a recognizable shape and maintain that shape, and if it’s got explosives on board, and if it is holding resources in reserve to attack whatever the first volley didn’t destroy – that’s a very capable approach.”

ការវាយតម្លៃនេះ បង្ហាញថា បើបច្ចេកវិទ្យានេះពិតជាមានមែន នោះវាអាចធ្វើឱ្យប្រព័ន្ធការពារអាកាសបច្ចុប្បន្នជាច្រើន ក្លាយជាឧបករណ៍ដែលមានប្រសិទ្ធភាពកាន់តែតិចជាងមុន។ លើសពីនេះ វាក៏អាចផ្លាស់ប្តូរតុល្យភាពរវាងអាវុធថ្លៃៗ និងប្រព័ន្ធអាវុធ ដែលមានតម្លៃទាប ប៉ុន្តែអាចប្រតិបត្តិការជាក្រុមដោយស្វ័យប្រវត្តិផងដែរ។

*តើអ៊ីរ៉ង់ពិតជាមានសមត្ថភាពនេះឬ?
ចម្លើយនៅពេលនេះ គឺ «មិនទាន់មានអ្នកណា អាចបញ្ជាក់បានទាំងស្រុងនៅឡើយទេ»។
CNN បានរាយការណ៍ថា មន្ត្រីស៊ើបការណ៍អាមេរិកមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង អំពីការបកស្រាយអ្វីដែលអាកាសយានិកបានឃើញនៅលើមេឃអ៊ីរ៉ង់។ មូលហេតុមួយ គឺ អាកាសយានិករូបនោះបានរងរបួសខួរក្បាល (concussion) ក្នុងពេលធ្លាក់យន្តហោះ។ ដូច្នេះ មន្ត្រីស៊ើបការណ៍ខ្លះបានចោទសួរអំពីភាពត្រឹមត្រូវនៃការធ្វើសក្ខីកម្មរបស់គាត់។

ប្រភពមួយ បានប្រាប់ CNN ថា មន្ត្រីដែលធ្វើការសាកសួរ បានសួរអាកាសយានិកថា៖ «តើអ្នកប្រាកដទេថាអ្នកបានឃើញអ្វី ដែលអ្នកកំពុងនិយាយ?» “Are you sure you saw what you are saying you saw?”

មន្ត្រីស៊ើបការណ៍ខ្លះ បានចោទសួរបន្តថា តើអ្វីដែលគាត់ឃើញ គឺជាបច្ចេកវិទ្យាថ្មីមួយដែលសហរដ្ឋអាមេរិកមិនធ្លាប់ដឹងដែរឬទេ? តើវាជាការសាកល្បងបច្ចេកវិទ្យា? ឬគ្រាន់តែជាការមើលឃើញខុស ដោយសារស្ថានភាពតានតឹងខ្លាំង?

យ៉ាងណាក៏ដោយ ប្រភពពីរដែលស្គាល់បញ្ហានេះ បានប្រាប់ CNN ថា មានរបាយការណ៍ជាច្រើនបង្ហាញថា អ៊ីរ៉ង់បានទទួលជំនួយពីចិន និងរុស្ស៊ី ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដ្រូនរបស់ខ្លួន។

រុស្ស៊ី និងចិន ត្រូវបានអ្នកវិភាគយោធាជាច្រើនជឿថា មានសមត្ថភាព Meshed Networking រួចទៅហើយ។ ប្រសិនបើអ៊ីរ៉ង់ពិតជាទទួលបានបច្ចេកវិទ្យាបែបនេះមែន នោះវាអាចបង្ហាញពីការវិវត្តដ៏សំខាន់មួយនៃកម្មវិធីដ្រូនរបស់ទីក្រុងតេអេរ៉ង់។

*ពីសង្គ្រាមដែលផ្អែកលើអាវុធថ្លៃ ទៅជាសង្គ្រាមហ្វូងដ្រូន
សង្គ្រាមក្នុងសតវត្សទី២០ ត្រូវបានកំណត់ដោយគំនិតថា ប្រទេសដែលមានវេទិកាយោធាធំជាង ទំនើបជាង និងមានតម្លៃខ្ពស់ជាង គឺតែងតែមានប្រៀបលើសមរភូមិ។ យន្តហោះចម្បាំង នាវាផ្ទុកយន្តហោះ និងរថក្រោះទំនើបៗ ត្រូវបានចាត់ទុកថាជានិមិត្តរូបនៃអំណាចយោធា។
ប៉ុន្តែ សង្គ្រាមនៅអ៊ុយក្រែន មជ្ឈិមបូព៌ា និងសមរភូមិទំនើបផ្សេងៗ ក្នុងសតវត្សទី២១នេះ កំពុងបង្ហាញថា អនាគតនៃសង្គ្រាមអាចស្ថិតនៅលើបណ្តាញនៃប្រព័ន្ធគ្មានមនុស្សបើក ឬដ្រូន ដែលអាចសហការ សម្របសម្រួល និងធ្វើសេចក្តីសម្រេចរួមគ្នាដោយស្វ័យប្រវត្តិ។

អ្នកវិភាគយោធាជាច្រើនបានកត់សម្គាល់ថា Drone Swarm ឬ «ហ្វូងដ្រូន» អាចផ្លាស់ប្តូរច្បាប់នៃសង្គ្រាម ដូចដែលរថក្រោះ និងយន្តហោះចម្បាំងធ្លាប់បានធ្វើនៅក្នុងសតវត្សមុនដែរ។

អតីតអគ្គមេបញ្ជាការកងទ័ពអាកាសអាមេរិក លោក David Deptula ធ្លាប់បានលើកឡើងថា៖ «អនាគតនៃសង្គ្រាម កាន់តែផ្អែកលើបណ្តាញទំនាក់ទំនង និងការតភ្ជាប់គ្នា ជាជាងការប្រើ សង្គ្រាមដែលផ្អែកលើវេទិកាយោធាធំៗដែលមានអាវុធទំនើបហើយថ្លៃ» (“The future of warfare is increasingly about networks rather than individual platforms.”)

ប្រសិនបើអ៊ីរ៉ង់ពិតជាអាចអភិវឌ្ឍប្រព័ន្ធហ្វូងដ្រូន ដែលប្រើប្រាស់បច្ចេកវិទ្យា Meshed Networking បានមែន នោះការប្រកួតប្រជែងយោធានាពេលអនាគត ប្រហែលមិនមែនជាការប្រកួតរវាងយន្តហោះចម្បាំងទំនើបៗតែម្តងទៀតទេ ប៉ុន្តែជាការប្រកួតរវាងបណ្តាញបញ្ញាសិប្បនិម្មិត (AI) និងហ្វូងដ្រូនស្វ័យប្រវត្តិ ដែលអាចធ្វើប្រតិបត្តិការរួមគ្នាបានដោយគ្មានការបញ្ជាផ្ទាល់ពីមនុស្ស។

សេចក្តីសន្និដ្ឋាន
រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងឯករាជ្យណាមួយ ដែលអាចបញ្ជាក់បានថា អ៊ីរ៉ង់ពិតជាបានអភិវឌ្ឍទម្រង់ហ្វូងដ្រូនស្រដៀងនឹងសត្វ «សត្វខ្ញែសមុទ្រ» (Jellyfish Drone Formation) ដូចការអះអាងរបស់អាកាសយានិក F-15 នោះឡើយ។

ប៉ុន្តែ ប្រវត្តិសាស្ត្រយោធា បានបង្ហាញជាញឹកញាប់ថា ភាពវិវត្តន៍ជាច្រើននៅក្នុងវិស័យយោធា តែងតែត្រូវបានគេមើលរំលង ឬមិនយកចិត្តទុកដាក់នៅដំណាក់កាលដំបូងឡើយ។

ដូច្នេះ សំណួរដែលពិភពលោកគួរសួរនៅពេលនេះ ប្រហែលមិនមែនថា «តើអាកាសយានិករូបនោះ ពិតជាបានឃើញអ្វី?» នោះទេ។

ផ្ទុយទៅវិញ សំណួរធំជាងនេះ គឺ៖ តើពិភពលោក កំពុងឈរនៅមុខការចាប់ផ្តើមនៃយុគសម័យថ្មីមួយ នៃសង្គ្រាមហ្វូងដ្រូន (Drone Swarm Warfare) ដែរឬទេ?

ហើយប្រសិនបើចម្លើយគឺ «Yes» នោះ សមរភូមិនាពេលអនាគតប្រហែលនឹងមិនត្រូវបានកំណត់ដោយចំនួនយន្តហោះចម្បាំង ឬនាវាចម្បាំងដែលប្រទេសមួយមាននោះទៀតទេ ប៉ុន្តែនឹងត្រូវកំណត់ដោយសមត្ថភាពក្នុងការបង្កើត បញ្ជា និងសម្របសម្រួលហ្វូងប្រព័ន្ធដ្រូនដែលអាចគិត និងប្រតិបត្តិការជាក្រុមដោយស្វ័យប្រវត្តិ៕