បទយកការណ៍៖ អ្នកជំនាញ និងវិស័យឯកជន ចាត់ទុកថា ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានការផលិតក្នុងស្រុកកើនឡើង

24-06-2026 16:20

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ដែលនាំចូល ឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។

សម្រាប់ អ្នកជំនាញ និងវិស័យឯកជន បានចាត់ទុកថា ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មួយម៉ាត់នេះ​ គឺចង់ឲ្យមានការផលិតក្នុងស្រុកកើនឡើង ជាពិសេសវិស័យសហគ្រាសខ្នាតតូច និងមធ្យម (SMEs)។

បើសិនទំនិញថៃ នៅតែហូរចូលមកទីផ្សារកម្ពុជានោះ ការផលិតនៅកម្ពុជានឹងជួបការលំបាក។ ក្នុងន័យនេះ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច​ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានលើកជាគំនិតថា ទំនិញថៃចូលមកកម្ពុជាបាន ច្បាស់ជាមានវិធីចូលមកតាមរូងដីគ្មានអ្នកមិនដឹង និងដោយមិនអាចបំបាំងកាយបានទេ ច្បាស់ជាមានអ្នកដឹង ដែលគួរស្រាវជ្រាវពីរបៀបដែលទំនិញគេអាចចូលមកបាន។

លោកស្រីបណ្ឌិត ព្រុំ ទេវី បានលើកឡើងទៀតថា អ្នកនាំទំនិញថៃចូលមកតាមព្រំដែនគោក គឺខុសហើយ តែបើសិនគ្មានការអនុញ្ញាត គាត់មិនអាចយកចូលកម្ពុជាកើតទេ។ និយាយជារួម កម្ពុជាគួរតែលែងឲ្យមានទំនិញថៃគ្រប់យ៉ាងចូលមក រាប់ចាប់ពីពេលគេឈ្លានពានយើង។

លោកស្រីបានបន្ថែមថា «ឈ្មួយនាំទំនិញថៃចូលមកទីផ្សារនោះ គេនៅតែចំណេញសម្រាប់ជំនួញគេ ប៉ុន្តែតើពួកគេមានគិតទេ ទាំងដែលគេបិទព្រំដែនគោកជាឯកតោភាគី គេថាខ្មែរយើងខុស និងគេមិនឲ្យទំនិញគេចូលមកកម្ពុជា។ បើយើងនាំទំនិញថៃចូលមក មានន័យថា យើងគាំទ្រគំនិតគេ។ ត្រូវគិតថា ដីយើងគេបំពាន ទាហានយើងត្រូវគេសម្លាប់ ជនស៉ីវិលយើងត្រូវគេទម្លាប់គ្រាប់បែកលើ ប្រាសាទយើងត្រូវគេបំផ្លាញ ខណៈជនស៉ីវិលជាច្រើនមិនទាន់ទៅរស់នៅផ្ទះសម្បែងវិញបាន»

ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ៊្វូដ អ៉ិនដាសទ្រី ខូ អិលធីឌី ប្រធានសមាគមសមាធិព្រះធម៌ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងលោកស្រី អ៉ឹង ឈីវលី អគ្គនាយិកា ក្រុមហ៊ុន លីលី ហ៊្វូដ អ៉ិនដាសទ្រី ខូ អិលធីឌី បានគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន។

លោកស្រីបានឲ្យដឹងថា អនុសាសន៍ដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈដ៏មុតមាំរបស់សម្តេច ក្នុងការពង្រឹង នីតិរដ្ឋ ថែរក្សាសណ្តាប់ធ្នាប់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងទប់ស្កាត់រាល់ទំនិញនាំចូលខុសច្បាប់ ដែល អាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សន្តិសុខ ថែមទាំងប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែប៉ុណ្ណោះទង្វើនាំទំនិញរត់ពន្ធខុសច្បាប់របស់ឈ្មួញ និងការឃុបឃិតគ្នាគឺពិតជាធ្វើឲ្យបាត់បង់ចំណូលថវិការដ្ឋ ជាច្រើន និងបំបាក់ទឹកចិត្តវីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនខិតខំការពារបូរណភាពទឹកដី និងប្រជាពល រដ្ឋដែលខំពហិការមិនប្រើប្រាស់ទំនិញសៀមជាពិសេសនាំឱ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសកម្ពុជាទាំងមូល។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា​ អ្នកជំនាញវិទ្យាសាស្ត្រសង្គម បានចាត់ទុកថា សារព្រមានរបស់សម្តេចតេជោ បានចេញជាលទ្ធផលហើយ។ ប្រសាសន៍សម្តេចតេជោខ្ពង់ខ្ពស់ណាស់ ជាបិតានគរ បើមន្ត្រីអនុវត្តច្បាប់ មិនអនុវត្តតាម ស្មើនឹងប្រមាថនគរ។

ប៉ុន្តែ ថ្លែងសារតាមរយៈបណ្តញសង្គម លោកបណ្ឌិត យល់ថា នៅចំណុចសំខាន់ពីរទៀតក្នុងសារព្រមានរបស់សម្តេច សូមឱ្យបងប្អូនតាមដានទាំងអស់គ្នា៖

*១៖ តើមន្ត្រីពុករលួយនិងឈ្មួញទុច្ចរិតដែលគុបគិតនាំចូលទំនិញទាំងនោះ នឹងត្រូវបានផ្តន្ទាទោសដោយរបៀបណា? ហើយត្រូវបានបញ្ជូនឱ្យទៅរែកដីជីកលេណដ្ឋាននៅសមរភូមិមុខដូចប្រសាសន៍សម្តេចតេជោដែរឬទេ?

*២៖ តើទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានរឹបអូសជាទ្រព្យសម្បត្តិជាតិដូចប្រសាសន៍សម្តេចតេជោទេ?

គួរជម្រាបថា ចាប់តាំងពីថៃឈ្លានពានកម្ពុជា កាលពីកណ្តាលឆ្នាំ២០២៥ ចំនួនសហគ្រាសខ្នាតតូច និងមធ្យម(SMEs) នៅកម្ពុជា បានកើនឡើងច្រើនគួរឱ្យកត់សម្គាល់​​ ខណៈចំនួនរោងចក្របានកើនឡើងរហូតដល់ជាង ១០០%។ បើក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កំណើនសហគ្រាសធុនតូច និងមធ្យម ចាប់ពីខែមករា ដល់មីនា ឆ្នាំ២០២៦ មានកំណើន ៥០៥មូលដ្ឋាន។ ដោយឡែកសម្រាប់ឆ្នាំ២០២៥ ចំនួន SMEs មានកំណើន ១ ២៦៨មូលដ្ឋាន និងរោងចក្រធុនធំមានកំណើន ៧០០រោងចក្រ​។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានណែនាំឱ្យមានការចាត់វិធានការ ទៅលើជនដែលលួចនាំទំនិញពីថៃចូលមកលក់នៅកម្ពុជាឱ្យបានម៉ឺងម៉ាត់ និងដកហូតទ្រព្យសម្បត្តិ ព្រមទាំងយកទៅធ្វើការនៅតាមព្រំដែន។ សម្តេចណែនាំបែបនេះ ដោយសម្តេចសង្កេតឃើញថា បើទោះបីជាព្រំដែនកម្ពុជា-ថៃបានបិទតាំងពីពាក់កណ្តាលឆ្នាំ២០២៥ក្តី នៅតែមានជនខិលខូចលួចនាំទំនិញពីថៃមកកម្ពុជា។

សម្តេចតេជោបានបានបញ្ជាក់ថា​ រយៈពេលមួយឆ្នាំ​ដែល កម្ពុជានិងថៃកើតមានជម្លោះជាមួយគ្នារហូតឈានដល់ការបិទព្រំដែនគោកទាំងស្រុង ​កម្ពុជាមិនបានជួបវិបត្តិផ្គត់ផ្គង់ទំនិញនោះទេ ហើយបើទោះបីជាថៃបិទព្រំដែន រហូតដល់១០០ឆ្នាំ ឬ៥០០ឆ្នាំទៀត​ ក៏កម្ពុជាមិនបារម្ភនោះដែរ។