ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត៖ ក្រមពាណិជ្ជកម្មកម្ពុជា ផ្តល់គុណប្រយោជន៍ជាច្រើន ក្នុងវិស័យពាណិជ្ជកម្ម និងធុរកិច្ច (Video inside)

24-06-2026 17:11

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងក្រសួង ស្ថាប័ន អង្គភាព និងតួអង្គពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងនាឱកាសនោះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់ និងវិធាននៃការធ្វើពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ហើយទំនាក់ទំនងពាណិជ្ជកម្ម បានវិវឌ្ឍន៍ខ្លួនពីបែបប្រពៃណី ទៅជាបែបឌីជីថល ទៅជាពាណិជ្ជកម្មបៃតង ទំនាក់ទំនងពាណិជ្ជកម្មសកល ពហុភាគី តំបន់ និងទ្វេរភាគី កំពុងស្ថិតក្នុងស្ថានភាពប្រែប្រួល ដែលបានបង្កើតឡើងនូវវិធាន និងគោលការនៃការធ្វើពាណិជ្ជកម្មចម្រុះសណ្ឋាន និងស្មុគស្មាញ, ស្របពេលទម្រង់នៃការធ្វើពាណិជ្ជកម្ម មានការវិវឌ្ឍន៍កាន់តែច្រើន និងកាន់តែស៉ាំញ៉ាំ និន្នាការផ្លូវច្បាប់ ក៏ត្រូវតែវិវឌ្ឍន៍ទៅតាមនោះផងដែរ ហើយកម្ពុជាពិតជាទទួលរងនូវការផ្លាស់ប្តូរទាំងនោះ មិនអាចគេចបានឡើយ។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្ថែមថា សម្រាប់កម្ពុជា តាមការសិក្សាស្រាវជ្រាវ និងការលើកឡើងរបស់វិស័យឯកជន ឃើញថាវិស័យពាណិជ្ជកម្មនៅកម្ពុជា នៅតែបន្តមានការប្រឈមមួយចំនួនដូចជា អសង្គតិភាពរវាងច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធក្រោមច្បាប់ អនុលោមភាពច្បាប់ក្នុងវិស័យពាណិជ្ជកម្មមានភាពច្រើនពេក ហើយស្មុញស្មាញពេកនៅពេលខ្លះ ដូចជាការចុះបញ្ជី ការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតជាដើម រួមទាំងមានភាពស្មុគស្មាញនៃនិតិវិធី រួមនឹងច្បាប់មួយចំនួនទៀត នៅតែជាបញ្ហាប្រឈម។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្លែមថា បញ្ហាទាំងអស់នេះតែជាបញ្ហាប្រឈមមួយនៃប្រសិទ្ធភាព និងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមដោះស្រាយ ដោយមានការប្តេជ្ញាចិត្តពិតប្រាកដ ជាមួយនឹងសកម្មភាព និងវិធានការជាក់ស្តែង។ ដើម្បីចូលរួមដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយលោកបានរៀបចំជាក្រមពាណិជ្ជកម្មកម្ពុជា ដែលក្រមនេះនឹងមានគុណប្រយោជន៍យ៉ាងច្រើន សម្រាប់វិស័យពាណិជ្ជកម្ម។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្ថែមថា​ ក្រមពាណិជ្ជកម្មកម្ពុជា ផ្តល់គុណប្រយោជន៍មានជាអាទិ៍ដូចជា៖ (១). ធ្វើឱ្យមានឯកសណ្ឋានូបនីយកម្មនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្មទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងវិធានថ្មីៗតម្រូវបន្ថែមទៀត (២).ធ្វើឱ្យមានភាពច្បាស់លាស់ របៀបរៀបរយ សណ្តាប់ធ្នាប់ សន្តិសុខគតិយុត្ត លើការតាក់តែង ការប្រឹក្សា ការអនុម័ត ការអនុវត្ត ការបកស្រាយ និងការដោះស្រាយវិវាទ ក្នុងវិស័យពាណិជ្ជកម្ម និងធុរកិច្ច (៣).ធ្វើឱ្យសាមញ្ញ ងាយស្វែងរក ងាយយល់ ងាយអនុវត្ត តែស្របតាមតក្កវិទ្យាគតិយុត្តជាស្តង់ដាអន្តរជាតិ (៤). ចូលរួមកាត់បន្ថយការជាន់សមត្ថកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យពាណិជ្ជក​ម្ម និងធុរកិច្ច (៥) ពង្រឹង និងពង្រីកក្របខ័ណ្ឌគតិយុត្តក្នុងវិស័យពាណិជ្ជកម្ម និងបង្កើតបាននូវបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុខរបររបស់ប្រជាពលរដ្ឋ និង (៦).កសាងធនធានមនុស្សក្នុងវិស័យច្បាប់ ទាំងចៅក្រម មេធាវី អ្នកជំនាញច្បាប់ និស្សិតច្បាប់ ពាក់ព័ន្ធនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្ម។

គួរបញ្ជាក់ដែរថា ការរៀបចំក្រមពាណិជ្ជកម្មនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្ម រក្សាបាននូវគុណតម្លៃកម្ពុជា ក្នុងសកលភាវូបនីយកម្ម ប្រកបដោយរចនាសម្ព័ន្ធជាក់លាក់ តាមតក្កវិទ្យាគតិយុត្តមួយច្បាស់លាស់ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងលុបបំបាត់ផលប៉ះពាល់អវិជ្ជមាន លើវិស័យពាណិជ្ជកម្ម ក៏ដូចជាធានានូវស្តង់ដារ ភាពទាន់ពេលវេលា គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តពីសំណាក់ពាណិជ្ជករ វិនិយោគិន និងធុរជន ជាពិសេសអ្នកទទួលផលចុងក្រោយ គឺប្រជាជនកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល៕