* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើក និងដឹកនាំសិក្ខាសាលា ស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា

24-06-2026 18:03

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញបើក និងដឹកនាំសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល, តំណាងក្រសួងស្ថាប័ននានា, ស្ថាប័នតុលាការ, វិស័យឯកជន, អង្គទូត, អង្គការអន្តរជាតិ និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ ព្រមទាំងអ្នកជំនាញការជាតិ និងអន្តរជាតិ ប្រមាណ ៤០០នាក់។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងថា សិក្ខាសាលាស្តីពី «ការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា» នាថ្ងៃនេះ គឺការបោះជំហានថ្មីមួយទៀត ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាគិតគូរពីការរៀបចំ និងបញ្ចូលច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យពាណិជ្ជកម្ម ទៅជាក្រមពាណិជ្ជកម្មមួយដែលច្បាស់លាស់ មានសមានគតិភាព និងជួយទ្រទ្រង់ប្រសិទ្ធភាពនិងការលូតលាស់នៃធុរៈកិច្ច ដែលនឹងក្លាយជាចំណែកដ៏សំខាន់មួយ នៃការកសាងបូរណភាពនៃប្រព័ន្ធច្បាប់ ក៏ដូចជានីតិរដ្ឋនៅកម្ពុជា។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងអំពីដំណើរវិវត្តសំខាន់ៗនៃការកែទម្រង់ច្បាប់ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចាប់តាំងពីនីតិកាលទី២ រហូតមកដល់នីតិកាលទី៧ នៃរដ្ឋសភា ដោយជារួម ក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមកនេះ កំណែទម្រង់ច្បាប់ បានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនជាសារវន្ត ហើយបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ការដឹកនាំនិងគ្រប់គ្រងប្រទេស ជាពិសេសការធានាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជាចូលទៅក្នុងតំបន់និងសកល។

ឧបនាយករដ្ឋមន្រ្តីប្រចាំការបន្តថា ទន្ទឹមនឹងវឌ្ឍនភាពគន្លឹះៗ បញ្ហាជាសារវន្តមួយចំនួនក៏បានកើតឡើងក្នុងប្រព័ន្ធច្បាប់កម្ពុជាផងដែរ ដូចជាបញ្ហាអត្តសញ្ញាណច្បាប់កម្ពុជាមានលក្ខណៈចម្រុះ អសង្គតិភាពនៃច្បាប់ជាធរមាន គម្លាតរវាងគោលនយោបាយនិងច្បាប់ គម្លាតរវាងច្បាប់និងការអនុវត្តច្បាប់ ច្បាប់មួយចំនួនមិនអាចអនុវត្តបានឬហួសសម័យ ព្រមទាំងបញ្ហាជារចនាសម្ព័ន្ធស្ថាប័ន និងបញ្ហាជាន់សមត្ថកិច្ចគ្នាជាដើម។ល។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់លើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃ“ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច” របស់រាជរដ្ឋាភិបាល។ ហើយក្នុងទិសដៅពន្លឿនល្បឿននៃការងារកែទម្រង់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្នុងឆ្នាំ២០២៤ ជាមួយនឹងការអនុម័តដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល កាលពីឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា គិតមកទល់ពេលនេះ សកម្មភាពកែទម្រង់ជាច្រើនត្រូវបានដាក់ចេញ និងអនុវត្តជាបន្តបន្ទាប់ ដោយរួមទាំងកិច្ចពិភាក្សាលើការរៀបចំក្រមពាណិជ្ជកម្ម កាលពីចុងឆ្នាំ២០២៥ផងដែរ។

លោក វង្សី វិស្សុត បានគូសរំលេចថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់នៃការធ្វើពាណិជ្ជកម្មយ៉ាងលឿនរហ័ស ហើយទំនាក់ទំនងពាណិជ្ជកម្មបានវិវត្តខ្លួនពីបែបប្រពៃណី ទៅជាឌីជីថលូបនីយកម្ម ទៅពាណិជ្ជកម្មបៃតង។ ទំនាក់ទំនងពាណិជ្ជកម្មសកល ពហុភាគី តំបន់ និងទ្វេភាគី កំពុងស្ថិតក្នុងស្ថានភាពប្រែប្រួលដែលបង្កើតបានឡើង នូវវិធាននិងគោលការណ៍នៃការធ្វើពាណិជ្ជកម្មចម្រុះសណ្ឋាន និងស្មុគស្មាញ។ ស្របពេលដែលទម្រង់នៃការធ្វើពាណិជ្ជកម្មមានការវិវត្តកាន់តែច្រើន និងកាន់តែសាំញ៉ាំ និន្នាការផ្លូវច្បាប់ក៏ត្រូវតែវិវឌ្ឍទៅតាមនោះដែរ ហើយកម្ពុជាពិតជាទទួលរងនូវផលប៉ះពាល់នៃការផ្លាស់ប្ដូរទាំងនោះ មិនអាចគេចបានឡើយ។

ទន្ទឹមនេះ សម្រាប់កម្ពុជា តាមការសិក្សាស្រាវជ្រាវ ក៏ដូចជាការលើកឡើងជាហូហែររបស់វិស័យឯកជន វិស័យពាណិជ្ជកម្មនៅកម្ពុជានឹងបន្តមានការប្រឈមមួយចំនួន ដូចជា អសង្គតិភាពរវាងច្បាប់ អសង្គតិភាពរវាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ អនុលោមភាពច្បាប់ក្នុងវិស័យពាណិជ្ជកម្មមានភាពច្រើនពេក ហើយស្មុគស្មាញពេកនៅពេលខ្លះ ដូចជាការចុះបញ្ជី ការសុំលិខិតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជាដើម ក៏ដូចជាភាពស្មុគស្មាញនៃនីតិវិធី វិវាទសមត្ថកិច្ចរវាងស្ថាប័នគ្រប់គ្រង ច្បាប់ខ្លះមិនអាចអនុវត្តបានឬហួសសម័យ។
ក្រៅពីនោះ ការធ្វើឌីជីថលូបនីយកម្មនៃសេវាសាធារណៈក្នុងវិស័យខ្លះ គឺមិនទាន់មានវិធានគតិយុត្តគ្រប់គ្រងច្បាស់លាស់នៅឡើយ ហើយបើមានក៏ពិបាករក ជាពិសេសគឺប្រកាសរបស់ក្រសួងពាក់ព័ន្ធ។ លើសពីនេះ ទំនុកចិត្តលើប្រព័ន្ធតុលាការនិងយន្តការដោះស្រាយវិវាទពាណិជ្ជកម្ម និងបញ្ហាអភិបាលកិច្ចជាដើម។ល។ នៅតែជាបញ្ហាប្រឈម។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ដោយយល់ឃើញថា បញ្ហាទាំងអស់ខាងលើនេះ គឺជារបាំងដ៏ធំមួយនៃប្រសិទ្ធភាពនិងកំណើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជា ទើបក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។

ឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកសំណើឡើងនិងដាក់ចេញនូវគោលគំនិតក្នុងការរៀបចំក្រមពាណិជ្ជកម្ម ជាកិច្ចការស្នូលមួយនៅក្នុងយុទ្ធសាស្ត្រគន្លឹះទាំង៤ នៃក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ត្រីប្រចាំការបន្តថា ការដាក់បញ្ចូលគ្រប់វិធានចាំបាច់ដែលគ្រប់គ្រងវិស័យពាណិជ្ជកម្មនៅក្នុងក្រមតែមួយ នឹងផ្តល់សារប្រយោជន៍ជាច្រើន ដោយក្នុងនោះ ជាពិសេសដើម្បីបង្កើតនូវ Level Playing Field គឺប្រព្រឹត្តិកម្មស្មើភាព និងយុត្តិធម៌ ចំពោះគ្រប់តួអង្គក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងធុរកិច្ច ដែលជាចំណុចមិនអាចខ្វះបាន ក្នុងយន្តការសេដ្ឋកិច្ចទីផ្សារ ដែលនេះជាទិដ្ឋភាពយុទ្ធសាស្ត្រមួយដ៏សំខាន់ ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា ទោះបីយ៉ាងណាក៏ដោយ ការរៀបចំក្រមពាណិជ្ជកម្មរបស់កម្ពុជា គឺជាគម្រោងរយៈពេលវែងមួយ ទាមទារការសិក្សាឱ្យបានស៊ីជម្រៅលើគ្រប់ទិដ្ឋភាពទាំងអស់និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំនិងតាក់តែង។ ជាទស្សនវិស័យ បើយើងគិតថា ពិតជាចង់ដោះស្រាយបញ្ហាដែលកម្ពុជាកំពុងជួបប្រទះ ហើយបើកផ្លូវនិងវែកផ្លូវ សម្រាប់ឱ្យកម្ពុជាងើបឡើងទាំងជាសេដ្ឋកិច្ច វិនិយោគ និងធុរកិច្ច ក៏ដូចជាការដោះស្រាយបញ្ហាជីវភាពប្រជាជនទៅថ្ងៃមុខ យើងមិនអាចរង់ចាំ១០ឆ្នាំ ឬ២០ឆ្នាំទៀត ដើម្បីរៀបចំក្រមពាណិជ្ជកម្មនេះឱ្យរួចរាល់នោះទេ ពោលគឺយើងត្រូវចាត់ទុកកិច្ចការនេះជាអាទិភាពមួយ ដែលត្រូវធ្វើឱ្យបានលឿនបំផុត ប៉ុន្តែធ្វើទៅតាមល្បឿនដែលអាចធ្វើទៅបាន ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព និងអាចអនុវត្តបានពេញលេញ ព្រមទាំងមានប្រយោជន៍។

ក្នុងឱកាសនេះ លោក វង្សី វិស្សុត បានលើកទឹកចិត្តអង្គសិក្ខាសាលាទាំងមូលឱ្យចូលរួមដោយសកម្ម និងស្មោះត្រង់ ក្នុងស្មារតីស្ថាបនា ដើម្បីប្រមូលនូវការចេះដឹង បទពិសោធ និងធាតុចូលសំខាន់ៗ ដោយផ្ដោតជាពិសេសទៅលើ ទី១ វិធីសាស្ត្រនៃការរៀបចំក្រម ដោយត្រូវរៀនសូត្រពីប្រទេសផ្សេងៗផង ហើយក៏រៀនសូត្រពីប្រទេសខ្លួនឯងផង និងទី២ វិសាលភាពនៃក្រមនេះ ដោយត្រូវកំណត់ឱ្យបានសមស្រប តែមានភាពគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិផង និងតាមបរិបទនិងបទពិសោធរបស់កម្ពុជាផ្ទាល់ផងដែរ៕