មន្ត្រីកម្ពុជាជួបពិភាក្សាការងារជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ SOMRI និង AMRI ឆ្នាំ២០២៧
25-06-2026 10:09
(បានដាសេរីបេហ្គាវ៉ាន់)៖ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មាន អាស៊ានលើកទី២៣ (23rd SOMRI) នៅប្រទេសប្រ៊ុយណេដារូសាឡឹម គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ តំណាងលេខាធិការដ្ឋានអាស៊ាន ដើម្បីពង្រឹងកិច្ចសហការ និងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជានៅក្នុងតំបន់។
ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី២៤ (24th SOMRI) និងសន្និសីទរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៨ (18th AMRI) ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានានៅឆ្នាំ២០២៧។
ក្នុងឱកាសនោះ កម្ពុជាបានស្នើសុំការសម្របសម្រួល និងគាំទ្រពីលេខាធិការដ្ឋានអាស៊ាន ក្នុងការសហការរៀបចំទាំងលើផ្នែកខ្លឹមសារ និងបច្ចេកទេស ដើម្បីធានាថាព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅស្របតាមស្តង់ដារ ពិធីការ និងគោលការណ៍ណែនាំរបស់អាស៊ាន។
ភាគីទាំងពីរបានពិនិត្យ និងពិភាក្សាលើបច្ចុប្បន្នភាពនៃបណ្តាសំណើគម្រោងនានា ដែលកម្ពុជាបានរៀបចំឡើងក្នុងក្របខណ្ឌអាស៊ាន ដើម្បីត្រៀមយកទៅអនុវត្តនាពេលខាងមុខ។ តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធពីលេខាធិការដ្ឋានអាស៊ាន ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហការ និងពិគ្រោះយោបល់បន្ថែមទៀត ដើម្បីពន្លឿនការពិនិត្យ និងជំរុញឱ្យគម្រោងទាំងនោះទទួលបានការអនុម័តជាផ្លូវការក្នុងពេលឆាប់ៗ ស្របតាមបែបបទ និងនីតិវិធីជាធរមានរបស់អាស៊ាន។
ក្នុងនាមតំណាងក្រសួងព័ត៌មានកម្ពុជា, លោក ប្រាក់ ថាវអមិដា បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងតួនាទីសម្របសម្រួលដ៏មានប្រសិទ្ធភាពរបស់លេខាធិការដ្ឋានអាស៊ាននាពេលកន្លងមក ព្រមទាំងការប្តេជ្ញាចិត្តក្នុងការចូលរួមសហការរៀបចំកិច្ចប្រជុំធំៗនាពេលខាងមុខ។
ជាការឆ្លើយតប តំណាងលេខាធិការដ្ឋានអាស៊ាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានប្រសិទ្ធពរជ័យជូនដល់កម្ពុជា ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ SOMRI និង AMRI នៅឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវជំហរត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាលើគ្រប់កិច្ចការងារព័ត៌មាន និងបច្ចេកទេស៕





