មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជារួមដំណើរជាមួយធនាគារពិភពលោក ចុះពិនិត្យវឌ្ឍនភាពគម្រោងនៅខេត្តកំពង់ចាម និងកំពង់ធំ

25-06-2026 10:14

(កំពង់ធំ)៖ លោកបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារគម្រោង រួមជាមួយមន្ទីរកសិកម្ម ខេត្តពាក់ព័ន្ធ ចូលរួមក្នុងដំណើរទស្សនកិច្ចរបស់ក្រុមការងារបេសកកម្មពិសេសធនាគារពិភពលោក (World Bank) ដែលដឹកនាំដោយលោកបណ្ឌិត Li Guo អ្នកជំនាញជាន់ខ្ពស់ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពគម្រោងនៅខេត្តកំពង់ចាម និងខេត្តកំពង់ធំ។

ក្នុងឱកាសនេះ គណៈប្រតិភូបានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា (CARDEC) ស្ថិតនៅភូមិបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីសិក្សាស្វែងយល់អំពីប្រវត្តិ និងសកម្មភាពរបស់មជ្ឈមណ្ឌល ការអភិរក្សធនធានពូជដំណាំគម្របដី ព្រមទាំងការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ដំណាំគម្របដីនានា សម្រាប់គាំទ្រដល់កសិកម្មអភិរក្សនៅកម្ពុជា និងក្នុងតំបន់។

បន្ទាប់មក ក្រុមការងារបានបន្តចុះពិនិត្យទីតាំងបង្ហាញបច្ចេកទេសដាំដុះបន្លែក្នុងផ្ទះសំណាញ់ (UV Net-house) និងក្រៅទីវាល ព្រមទាំងជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយកសិករជំនាញផ្នែកបន្លែ។

ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានទស្សនាការអនុវត្តបច្ចេកទេសសាបព្រួសស្រូវដោយផ្ទាល់ (Direct Seeded Rice) ភ្ជាប់ជាមួយបច្ចេកទេសស្រោចស្រព និងសម្របសម្រួលការប្រើប្រាស់ទឹកឆ្លាស់វេន (Alternate Wetting and Drying - AWD) នៅស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ ផងដែរ។

បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៣ (3rd Implementation Support Mission - ISM) របស់ធនាគារពិភពលោក (World Bank) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ស្វែងយល់ពីវឌ្ឍនភាពនៃសកម្មភាពគម្រោង ការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ និងកម្រិតនៃការចូលរួមរបស់កសិករគោលដៅ ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព៕