និយ័តករបរធនបាលកិច្ច រៀបចំសិក្ខាសាលា ស្តីពី ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា
25-06-2026 11:38
(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលា ស្តីពី «ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា» ក្រោមអធិបតីភាព លោក ណី សាកល អគ្គនាយករងនៃ ន.ប.ធ. នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងមានគោលបំណង ដើម្បីឱ្យមានកិច្ចពិភាក្សាស៊ីជម្រៅក្នុងចំណោមអ្នកជំនាញអំពីទិដ្ឋភាពទូទៅនៃការវិវត្ត កាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយយុទ្ធសាស្រ្តក្នុងវិស័យបរធនបាលកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ក្រុមហ៊ុនផ្ដល់សេវាសវនកម្ម និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងសិក្ខាកាមនៃកម្មវិធីវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៩ ផងដែរ។
កម្មវិធីមានកិច្ចពិភាក្សាសំខាន់ៗចំនួន ២ ដូចខាងក្រោម៖
កិច្ចពិភាក្សាទី១ ស្ដីពី «ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា» ដោយមានការសម្របសម្រួលរបស់ លោក ណង សេរីវុធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការនៃ ន.ប.ធ. និងមានការចូលរួមជាវាគ្មិនកិត្តិយសដែលជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច វិស័យធនាគារ វិស័យច្បាប់ និងវិស័យឯកជន រួមមាន ឧកញ៉ា តាន់ គីម៉េង ប្រធានសមាគមសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក, លោក ផូវ សំភី បរធនបាលរូបវន្តបុគ្គលឯករាជ្យ នៃបរធនបាលកិច្ចហិរញ្ញវត្ថុសីលានិធិ និងជាប្រធាននៃមន្ទីរសារការីខេមរា, លោក ONG TEONG HOON ប្រធានក្រុមហ៊ុន ហ្វីលីព ឡាយហ្វ៍ អាសួរេន (ខេមបូឌា) អ.ក. និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនហ្វីលីព ត្រាសធី (ខេមបូឌា) ឯ.ក, លោក PAUL SHINWOONG YANG អគ្គនាយកគ្រប់គ្រង និងមេធាវីនៃក្រុមហ៊ុន អេសអិម គ្លូប៊ល គ្រុប, លោក ជា ហាង អនុប្រធាននាយកប្រតិបត្តិ និងជាអភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វឺសហ្វាយនែន ភីអិលស៊ី និងលោកស្រី LIN SHERRY JIAXAIO នាយកប្រតិបត្តិនៃក្រុមហ៊ុន កាណា ត្រាស ឯ.ក។
កិច្ចពិភាក្សានេះ បានផ្ដោតជាសំខាន់លើ បច្ចុប្បន្នភាពនៃវិស័យបរធនបាលកិច្ច, អត្ថប្រយោជន៍នៃការប្រើប្រាស់យន្តការបរធនបាលកិច្ចក្នុងធុរកិច្ច, បទពិសោធន៍ក្នុងការអនុវត្ត, គម្លាត និងបញ្ហាប្រឈមក្នុងវិស័យបរធនបាលកិច្ច និងការផ្ដល់នូវអនុសាសន៍។ ជាលទ្ធផលនៃកិច្ចពិភាក្សា អ្នកជំនាញយល់ឃើញថា៖
១៖ វិស័យបរធនបាលកិច្ចនៅកម្ពុជាស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ ប៉ុន្តែវិស័យនេះមានមូលដ្ឋានគ្រឹះផ្នែកច្បាប់និងបទប្បញ្ញត្តិសំខាន់ៗរួចហើយ និងមានសក្តានុពលរឹងមាំក្នុងការរីកចម្រើនបន្ថែម។
២៖ យន្កការបរធនបាលកិច្ច មិនត្រឹមតែជាចំណងឬទំនាក់ទំនងគតិយុត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយន្តការហិរញ្ញវត្ថុ និងស្ថាប័ន ដែលអាចគាំទ្រដល់ការគ្រប់គ្រងទ្រព្យសម្បត្តិ បង្កើនទំនុកចិត្តវិនិយោគ ការរចនាសម្ព័ន្ធអាជីវកម្ម ការធ្វើផែនការបន្តវេនគ្រួសារ អភិបាលកិច្ច និងការធ្វើផែនការរយៈពេលវែង។
៣៖ មានកត្តាពាក់ព័ន្ធជាច្រើនដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យបរធនបាលកិច្ច ដែលក្នុងនោះរួមមាន ការយល់ដឹងកាន់តែស៊ីជម្រៅរបស់សាធារណជន ភាពច្បាស់លាស់ផ្នែកច្បាប់ សមត្ថភាពវិជ្ជាជីវៈរបស់បរធនបាល ភាពច្បាស់លាស់ផ្នែកពន្ធ ទំនុកចិត្តទីផ្សារ និងបទពិសោធន៍ជោគជ័យជាក់ស្តែងក្នុងការអនុវត្ត។
ជាការចែករំលែកអំពីទស្សនវិស័យក្នុងការបន្តអភិវឌ្ឍវិស័យបរធនបាលកិច្ចក្នុងដំណាក់កាលបន្ទាប់អ្នកជំនាញបានផ្ដល់យោបល់ថាមិនគួរផ្តោតត្រឹមតែលើកំណើនចំនួនបរធនបាលកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគួរផ្ដោតទៅលើគុណភាព វិជ្ជាជីវៈ និងការប្រព្រឹត្តប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចពិភាក្សាទី២ ស្ដីពី «បញ្ហាប្រឈមក្នុងការអនុវត្ត៖ ការបង្កើត និងការចុះបញ្ជីបរធនបាលកិច្ច» ដោយមានការសម្របសម្រួលរបស់ លោក រិន រដ្ឋា ប្រធាននាយកដ្ឋាន ចុះបញ្ជីបរធនបាលកិច្ច នៃ ន.ប.ធ. និងមានការចូលរួមជាវាគ្មិនកិត្តិយសដែលជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច រួមមាន ឧកញ៉ា ហួត អៀងតុង ប្រធានក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ វែលហ្ស៊ី, លោក ជា ផល្លារិន បរធនបាលរូបវន្តបុគ្គលឯករាជ្យនៃបរធនបាលកិច្ចហិរញ្ញវត្ថុ អមតៈ, លោក គង់ ប៊ុននរិន្ទ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Lion Trust Cambodia, លោក ព្រឿង សុភាព នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វីលីព ត្រាសធី (ខេមបូឌា) ឯ.ក និងលោក ឌី វ៉ាន់ថាត ប្រធាននៃអគ្គនាយកដ្ឋាននីតិកម្មនៃធនាគារវឌ្ឍនៈអាស៊ីចំកាត់។
កិច្ចពិភាក្សានេះ បានផ្ដោតជាសំខាន់លើការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ពាក់ព័ន្ធនឹងការស្នើសុំបង្កើតនិងចុះបញ្ជីបរធនបាលកិច្ច ការអនុវត្តកាតព្វកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រង ចាត់ចែង និងថែរក្សារក្សាទ្រព្យសម្បត្តិបរធនបាលកិច្ច និងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមនានា របស់ក្រុមហ៊ុននិងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច៕



























