ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិជូនមន្ត្រីនគរបាលខេត្តរតនគិរី

25-06-2026 14:34

(រតតនគិរី)៖ លោកឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ទទួលការងារបុគ្គលិក និងធនធានមនុស្ស តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងប្រតិភូ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
ក្នុងនោះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី, លោក-លោកស្រីស្នងការរង, នាយការិយាល័យ-នាយរងការិយាល័យ ព្រមទាំងមន្ត្រីនគរបាលជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឡើងអានអនុក្រឹត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ទេរសម្រួលភារកិច្ចតែងតាំងមុខតំណែង និងដំឡើងឋានន្តរសក្កិជូនមន្ត្រីនគរបាលជាតិរួចមក, លោកឧត្តមសេនីយ៍ឯក តាន់ សំណាង បានផ្តល់កិត្តិយសឡើងបំពាក់ឋានន្តរសក្តិប្រគល់អនុក្រឹត្យប្រកាស និងត្រាជូនដល់មន្ត្រីនគរបាលដែលទើបប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងនិងបំពាក់សក្តិក្នុងពិធីនេះផងដែរ។

សូមបញ្ជាក់ថា មន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគបាលខេត្តរតនគិរី ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មានចំនួន ១៨រូប ក្នុងនោះថ្នាក់ស្នងការរង ១រូប នាយការិយាល័យ៤រូប មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកចំនួន ១រូប អធិការនគរបាលស្រុកចំនួន ២រូប នាយរងការិយាល័យចំនួន ៩រូប ព្រមទាំងតម្លើងឋានន្តរស័ក្តិជូនស្នងការរងចំនួន ១រូប។

ថ្លែងទៅកាន់អង្គពិធី ក៏ដូចជាទៅកាន់មន្ត្រីនគរបាលដែលទើបទទួលបានមុខតំណែងនិងឋានន្តរស័ក្តិនាពេលនេះ លោកឧត្តមសេនីយ៍ឯក តាន់ សំណាង បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំស្នងការដ្ឋាន និងមន្ត្រីដែលទើបទទួលបានមុខ តំណែងថ្មីនេះ ដោយមានខ្លឹមសារថា រាល់ការស្នើតែងតាំងមន្ត្រីនគរបាលគឺត្រូវមើលទៅលើសម្ថភាព និងមានស្នាដៃ និងមន្ត្រីដែលមានឆន្ទៈបំរើការងារពិប្រាកដ ចំណែកមន្ត្រីដែលមានស្នាដៃនិងមិនទាន់បានទទួលការលើកទឹក ចិត្តសូមបន្តការខិតខំប្រឹងប្រែងបន្តទៀត យ៉ាងណាមិញ ចំពោះមន្រ្តីដែលទើបតែងតាំងថ្មីត្រូវខិតខំបំពេញតួនាទីភារកិច្ចឲ្យបានត្រឹមត្រូវ និងត្រូវចេះគ្រប់គ្រងការងារដើម្បីសម្រេចគោលដៅផែនការរបស់អង្គភាព បន្ថែមលើនេះ ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាន ត្រូវគ្រប់គ្រងត្រួតពិនិត្យកម្លាំង ជាប្រចាំតាមរយៈការផ្សព្វផ្សាយអប់រំ ជៀសវាងការល្មើសវិន័យកម្លាំង។

ឆ្លៀតក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានជំរុញឲ្យបន្តការយកចិត្តទុកដាក់ចំពោះ ការបោសសំអាត បង្រ្កាបទប់ស្កាត់ បទល្មើស (Online Scams) បន្តជាប់ជាប្រចាំ និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី នៃអនុក្រឹត្យលេខ០០៣ និងបានហាមដាច់ខាតដល់មន្រ្តីនគរបាលដែលមានការពាក់ព័ន្ធលើបញ្ហានេះ។

ចុងក្រោយ លោកឧត្តមសេនីយ៍ឯក បានជំរុញអោយថ្នាក់ដឹកនាំស្នងការដ្ឋាន ត្រូវចុះឲ្យដល់មូលដ្ឋានដើម្បីត្រួតពិនិត្យ ស្ថានភាពប៉ុស្តិ៍នគរបាលរដ្ឋបាល និងប៉ុស្តិ៍ការពារព្រំដែន ក្នុងគោលដៅជួយកែលម្អរ និងរៀបចំកន្លែងធ្វើការអោយបានសមរម្យ៕