គ្រួសាររងគ្រោះធម្មជាតិដោយខ្យល់កន្ទ្រាក់ និងគ្រួសារអតីតយុទ្ធជន ១២៧គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកបាទក្រហមខេត្តកំពង់ស្ពឺ
25-06-2026 14:42
(កំពង់ស្ពឺ)៖ គ្រួសាររងគ្រោះដោយធម្មជាតិខ្យល់កន្ទ្រាក់ និងគ្រួសារអតីតយុទ្ធជនចំនួន ១២៧គ្រួសារ មកពី៤ភូមិ ក្នុងសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានទទួលអំណោយមនុស្សធម៌ពីសាខាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានថ្លែងថា ក្នុងនាមជាអ្នកជំនាន់ក្រោយស្ងើចសសើរ ចំពោះបងៗជាអតីតយុទ្ធជន ដែលធ្លាប់បូជាអាយុជីវិតដើម្បីការពារជាតិ ការពារទឹកដី និងប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ស្ទើពេញមួយជីវិត ក្នុងបំណងតែមួយគត់ គឺផ្តល់សេចក្តីដល់ប្រជាពលរដ្ឋគ្រប់រូប ។
លោកបណ្ឌិតបានបន្តថា យើងដាច់ខាតត្រូវតែដឹងនៅគុណបំណាច់ពួកគាត់ ហើយមិនបោះបង់ចោលគាត់គ្រប់កាលៈទេសៈ នៅពេលដែលប្រទេសជាតិមានសុខ សន្តិភាព បើគ្មានពួកគាត់ទេ យើងទាំងគ្នាដែលកំពុងអង្គុយ នៅទីនេះច្បាស់មិនមានសេចក្តីសុខសាន្តដូចរាល់ថ្ងៃនេះឡើយ។
លោកបណ្ឌិតបានបង្ហាញអំពីភាពសោកស្តាយចំពោះគ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន ៧៧គ្រួសារ បើទោះបីគ្រោះធម្មជាតិមិនបានបណ្តាលឱ្យមានការបាត់ដល់អាយុជីវិតក្តី តែនេះជាគ្រោះធម្មជាតិកើតមានស្ទើតែរាល់ឆ្នាំ ទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងរដូវវស្សា។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ប្រាប់ពលរដ្ឋឱ្យដឹងថា បច្ចុប្បន្នបងប្អូនដែលកសិករ ប្រកបកសិកម្មទទួលបានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល លើការងារបង្កបង្កើនផលស្រូវដោយឱ្យមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ពង្រាយមន្ត្រីកសិកម្ម ដើម្បីជួយដល់កសិករទាំងអស់ ចំនួន ១ ៣០០ភូមិ នៅទូទាំងខេត្តកំពង់ស្ពឺ កត្តានេះជំរុញឱ្យកសិករទទួលបានការប្រឹក្សាយោបល់មន្ត្រីជំនាញបានគ្រប់ពេលចំពោះបច្ចេកទេស ដាំដុះផលស្រូវ៕



























