គយខេត្តតាកែវ ស្ទាក់ចាប់ប្រហិតសាច់ក្ដាមទម្ងន់ជាង៤តោន មានផ្ទុកសារធាតុគីមីប៉ូរ៉ាក់ លួចនាំចូលពីប្រទេសវៀតណាម

25-06-2026 14:57

(តាកែវ)៖ កម្លាំងមន្ត្រីជំនាញសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះបង្រ្កាប និងឃាត់រថយន្តដឹកទំនិញគ្មានច្បាប់អនុញ្ញាតមួយគ្រឿង លួចដឹកប្រហិតសាច់ក្ដាមខុសច្បាប់ពីប្រទេសវៀតណាម តាមភូមិជ្រោយពេន ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។

តាមសេចក្តីរាយការណ៍នៅថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០២៦ រថយន្តនោះមានដឹកសាច់ក្ដាមចំនួន ៤១៦កេស ស្មើនឹង ៤១៦០គីឡូក្រាម ហើយមន្រ្តីជំនាញបានពិនិត្យរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ (ប៉ូរ៉ាក់) ដែលអាចបង្កជំងឺជាច្រើនមុខ ជាពិសេសធ្វើឱ្យខូចតម្រង់នោមចំពោះអ្នកទិញយកទៅហូប។

បើតាមមន្រ្តីគយ, ក្រោយឃាត់បាន ប្រហិតសាច់ក្តាមទាំងអស់ត្រូវយកទៅដុតបំផ្លាញចោល នៅទីលានចាក់សំរាម ក្នុងក្រុងដូនកែវ ខេត្តតាកែវ៕