ប្រធានមន្ទីរដែនដីខេត្តកណ្ដាល ជំរុញមន្ត្រីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព សំដៅសម្រេចឱ្យបានចក្ខុវិស័យរបស់រដ្ឋបាលខេត្ត និងផែនការគោលនយោបាយរបស់ក្រសួងរៀបចំដែនដី

25-06-2026 15:15

(កណ្ដាល)៖ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកណ្ដាល បានណែនាំ និងផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនជូនដល់មន្ត្រីក្រោមឱវាទ ដេីម្បីយកទៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រដ្ឋបាលខេត្ត និងផែនការគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ចេញ។

ស្ថិតនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ, លោក សុក កាន់ណារិទ្ធ បានដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ ប្រធានការិយាល័យ ដនសភ ក្រុង/ស្រុក អនុប្រធានក្រុមវាល និងផ្នែកGIS។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈសំខាន់ដូចជា៖ ជំរុញបញ្ចប់ការងារចែកបណ្ណជូនប្រជាពលរដ្ឋ, ការពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ, ការងារសំណង់ និងបញ្ហាផ្សេងៗ។

នាឱកាសនេះដែរ ប្រធានមន្ទីររៀបចំដែនដី អនុញ្ញាតឱ្យសមាជិក សមាជិកានៃអង្គប្រជុំ លើកឡើងពីបញ្ហាប្រឈម និងសំណូមពរផ្សងៗ ដើម្បីយកមកដោះស្រាយ ។

ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យក្រុមការងារយកបេះដូងមកបម្រើប្រជាពលរដ្ឋឱ្យបានល្អ សំដៅប្រសិទ្ធភាពការងារ លឿនរហ័ស គាប់ចិត្តដល់ពលរដ្ឋទាំងអស់គ្នាដោយស្មើភាព៕