កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាន លើគម្រោងចំនួន២ ក្នុងទំហំទឹកប្រាក់ជាង១៧១លានដុល្លារ
25-06-2026 17:23
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយទទួលបានបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាជាមួយ លោក SANUI Kazuma, ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំកម្ពុជា (Chief Representative of JICA Cambodia Office) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន០២ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២៥,៤២៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ១៧១.៣លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងដូច ខាងក្រោម៖
១៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់ «គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម (Establishment of the Teacher Education College in Kampong Cham Province) មានទឹកប្រាក់ ចំនួន ១ ១៨៩ លានយ៉េនជប៉ុន (ត្រូវជាប្រមាណ ៧,៥ លានដុល្លារអាម៉េរិក)»។
គម្រោងនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព របស់គ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាល នៅវិទ្យាស្ថានគរុកោសល្យ នៅក្នុងខេត្តកំពង់ចាម តាមរយៈការផ្តល់សម្ភារៈបរិក្ខារ និងឧបករណ៍អប់រំចាំបាច់នានា និងដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានស្រាប់ទៅជាវិទ្យាស្ថានគរុកោសល្យ ដោយធ្វើការសាងសង់ អគារថ្មីចំនួន២ខ្នង រួមមាន អគារស្ទែម (STEM) សម្រាប់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងអគារសាលប្រជុំ ព្រមទាំងបំពាក់ធនធានសំខាន់ៗនៅក្នុងអគារថ្មី និងនៅក្នុងអគារដែលមានស្រាប់។
២៖ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់ «គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣) [Southwest Phnom Penh Irrigation and Drainage Rehabilitation and Improvement Project (III)]» មានទឹកប្រាក់ចំនួន ២៤,២៣៧ លានយ៉េនជប៉ុន (ត្រូវជាប្រមាណ ១៦៣.៨ លានដុល្លារអាម៉េរិក)។
គម្រោងនេះ មានគោលបំណងបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការខូចខាតដោយសារទឹកជំនន់នៅតាមតំបន់ជនបទ និងតំបន់ដែលខ្វះខាត តាមរយៈការកែលម្អ និង ស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលមានអនុវគម្រោងចំនួន ២ រួមមាន អនុគម្រោងរលាំងជ្រៃ និងអនុ គម្រោង កណ្តាលស្ទឹង-បាទី ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, និងខេត្តកណ្តាល ដែលនឹងចូលរួម ចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅផងដែរ៕

















