អភិបាលខេត្តពោធិ៍សាត់ ចុះលើកទឹកចិត្តកសិករឃុំអូរសោម ដែលកំពុងសម្រុកប្រមូលផលឆៃថាវ និងឪឡឹក ព្រមទាំងដឹកនាំដាំកូនឈើ ដើម្បីលើកកម្ពស់សោភ័ណភាពតំបន់ទេសចរណ៍
25-06-2026 17:42
(ពោធិ៍សាត់)៖ ក្រោយពីបានបញ្ចប់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកវាលវែង ប្រកបដោយជោគជ័យ, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តបេសកកម្មចុះពិនិត្យដោយផ្ទាល់ និងផ្តល់ការគាំទ្រដល់បងប្អូនប្រជាកសិករនៅក្នុងឃុំអូរសោម ដែលកំពុងមមាញឹកក្នុងការប្រមូលផលដំណាំមើមឆៃថាវ និងឪឡឹក។
គួរជម្រាបជូនថា ឃុំអូរសោម ត្រូវបានគេស្គាល់ថាជាតំបន់ដែលមានអំណោយផលពីធម្មជាតិយ៉ាងពិសេស មានអាកាសធាតុត្រជាក់គ្រប់រដូវកាល និងមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល។
ក្រៅពីដំណាំកសិឧស្សាហកម្មល្បីៗដូចជា៖ ទុរេន សាវម៉ាវ និងបឺរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទីផ្សារ ប្រជាពលរដ្ឋនៅតំបន់នេះក៏បានខិតខំប្រឹងប្រែងដាំដុះដំណាំកសិកម្មចម្រុះជាច្រើនប្រភេទទៀត រួមមាន៖ មើមឆៃថាវ, ឪឡឹក, ចេក, ខ្ញី, ល្បៀត និងម្តេញ…ជាដើម។
នាឱកាសនោះ លោក ខូយ រីដា បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាកសិករ និងបានដាក់ចេញនូវសារអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រ និងលើកកម្ពស់ផលិតផលកសិកម្មដែលផលិតបាននៅក្នុងស្រុកយើង។ លោកអះអាងថា ការគាំទ្ររបស់បងប្អូន គឺជាកម្លាំងចិត្តដ៏ធំធេង សម្រាប់កសិករក្នុងការបង្កើនផលិតភាព។
ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ក៏បានបន្តដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តសកម្មភាពដាំដើមចាន់គិរី និងដើមក្ងោក តាមបណ្តោយផ្លូវ, ជួស និងតែងដើមក្ងោក ដែលមានស្រាប់ ចាប់ពីចំណុចស្ពានតេជោសន្តិភាពឬស្សីជ្រុំ រហូតដល់ទីប្រជុំជនឃុំអូរសោម ក្នុងគោលបំណង ដើម្បីពង្រីកគម្របបៃតង និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ បង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ ដែលធ្វើដំណើរមកកាន់ឃុំអូរសោម ស្របតាមទិសដៅអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់ខេត្ត។
ទន្ទឹមនឹងនេះ លោកសូមបងប្អូនជួយថែរក្សាដើមឈើដែលយើងបានដាំ ដើម្បីឱ្យឃុំអូរសោមរបស់យើងកាន់តែស្រស់ស្អាត មានបរិយាកាសល្អ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង៕








































