«ផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹក» ចល័តទៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីបម្រើដល់ការសិក្សារបស់សិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន
25-06-2026 18:48
(ស្ទឹងត្រែង)៖ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចាប់ផ្តើមប្រតិបត្តិការអូសផែចល័ត «ផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹក» ចំនួន១ ពីផែរង់ចាំអូរស្វាយ ឆ្ពោះទៅកាន់ផែរង់ចាំព្រះរំកិល ស្ថិតនៅមុខវត្តដំរីស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
កិច្ចការងារនេះត្រូវបានធ្វើឡើង ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ និងការសម្របសម្រួលពីរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់មន្រ្តីមូលដ្ឋាន, ប្រជាពលរដ្ឋ, និងសិស្សានុសិស្ស ទៅលើភាពងាយស្រួលក្នុងការចល័ត ឬ សំចតទូកចម្លងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទម្លាប់នៃការអានសៀវភៅរបស់សហគមន៍ទាំងមូល។
មិនត្រឹមតែជាផែរង់ចាំសហគមន៍ ប៉ុន្តែថែមទាំងជាបណ្ណាល័យបណ្តែតទឹកសម្រាប់សិក្សា និងការអភិវឌ្ឍន៍។ ផែរង់ចាំព្រះរំកិល បង្កើតឡើងនូវបណ្ណាល័យបណ្តែតទឹក ដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងផែនការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសហគមន៍។ បណ្ណាល័យបណ្តែតទឹក មិនត្រឹមតែបម្រើជាកំពង់ផែចំណតទូកចម្លងសហគមន៍ ប៉ុន្តែថែមទាំងដើរតួជាមជ្ឈមណ្ឌលសម្រាប់ការសិក្សា ការចែករំលែកចំណេះដឹង និងការចូលរួមក្នុងសកម្មភាពសង្គម។
បណ្ណាល័យបណ្ដែតទឹក មានតម្កល់សៀវភៅជាច្រើន ទាក់ទងប្រវត្តិសាស្រ្ត, បរិស្ថាន, ទស្សនវិជ្ជា និងប្រធានបទផ្សេង សម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋមូលដ្ឋានមកអាន និងបង្កើនចំណេះដឹងរបស់ខ្លួន។
វត្តមាន និងសក្ដានុពល ជានិរន្តរភាពនៃផែរង់ចាំព្រះរំកិល នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់សហគមន៍។ សមិទ្ធផលនេះ នឹងជួយសម្រួលដល់ការ ធ្វើដំណើរតាមផ្លូវទឹករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។
លើសពីនេះទៀត ផែរង់ចាំព្រះរំកិល នឹងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិ ដោយហេតុថា សហគមន៍ព្រះរំកិល មានសក្ដានុពលអេកូទេសចរណ៍ ដូចជា អតីតទីតាំងអន្លង់ផ្សោត, ទេសភាពដ៏ស្រស់ត្រកាល, ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងជីវចម្រុះដ៏សម្បូរបែប នៅក្នុងតំបន់រ៉ាមសារ (តំបន់ដីសើម) នៃស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត។
ផែរង់ចាំព្រះរំកិល មិនត្រឹមតែរួមបញ្ចូលគ្នា រវាងវិស័យដឹកជញ្ជូន វិស័យអប់រំ និងសេវាទេសចរណ៍សហគមន៍នៅក្នុងទីតាំងតែមួយនោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែក ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ នៅក្នុងតំបន់ដាច់ស្រយាលឱ្យកាន់តែប្រសើរឡើង។
ឧបសគ្គលើផ្ទៃជលសាទន្លេមេគង្គ ក្នុងប្រតិបត្តិការអូសផែរង់ចាំព្រះរំកិល ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង និងអាជ្ញាធរឃុំព្រះរំកិល យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងគុណភាពផែ ដើម្បីធានាកុំឱ្យមានការខូចខាតកើតឡើងជាយថាហេតុ។
ក្រុមការងារ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង បានជួបប្រទះឧប្បត្តិហេតុបច្ចេកទេសដោយមិនរំពឹងទុកមួយ គឺម៉ាស៊ីនទូកចម្លងនាំមុខ បានខូចនៅកណ្ដាលផ្ទៃទឹកទន្លេ ដែលបណ្ដាលឱ្យក្រុមការងារបាត់បង់លំនឹងក្នុងការគ្រប់គ្រងទូក និងផែរង់ចាំ។ បើទោះជាយ៉ាងណាក៏ដោយ ក្រុមការងារ ស្វែងរកដំណោះស្រាយភ្លាមៗទាន់ពេលវេលា ដោយបានដោះខ្សែពួរ ដែលមានស្រាប់ទៅទាក់អូសទូកនាំផ្លូវខាងមុខចេញ ហើយប្រើប្រាស់ទូកអមខាងក្រោយចំនួន៤គ្រឿង ជាកម្លាំងជួយរុញរំកិលផែររង់ចាំបន្តឆ្ពោះទៅមុខ រហូតទៅដល់គោលដៅកំណត់ ដោយជោគជ័យ និងមានសុវត្ថិភាព។
ទស្សនយល់ឃើញរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាជនជននៅឃុំព្រះរំកិល បន្ទាប់ពីផែរង់ចាំព្រះរំកិលបានមកដល់៖
យ៉ាន់ ស៊ុនតក់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជំទប់ទី១ នៃគណៈឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ បានបង្ហាញអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងថា «យើងទើបតែបានសាងសង់ផ្លូវបេតុងទៅកាន់មាត់ទឹកចំណតទូកចម្លងសហគមន៍ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍សហគមន៍ ហើយនៅពេលនេះ យើងទទួលបានផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹក។
ផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹកនេះ នឹងផ្ដល់សារប្រយោជន៍យ៉ាងច្រើនដល់ប្រជាជននៅមូលដ្ឋាន ដែលអាចដឹកជញ្ចូនសិស្សទៅរៀនសូត្រ, នេសាទត្រី, គ្រឿងបរិភោគ, សម្ភារប្រើប្រាស់ និងទំនិញពីទីរួមខេត្ត ដើម្បីបន្តដឹកជញ្ជូនទៅតាមបណ្តាកោះផ្សេងៗឱ្យកាន់តែមានភាពងាយស្រួល។ កន្លងមក រាល់ពេលដែលចុះទូកចេញដំណើរ និងវិលត្រឡប់មកវិញ យើងតែងតែមានការប្រឡាក់ភក់ទន្លេ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងឃើញក្មេងៗ និងយុវជនយុវនារី មកលេងកម្សាន្ត និងស្រូបយកខ្យល់អាកាស នៅផែរង់ចាំព្រះរំកិល។
ហេតុដូចនេះ បណ្ណាល័យបណ្ដែតទឹក នឹងបើកឱកាសដល់ក្មេងៗ និងយុវជនយុវនារី អាចយកសៀវភៅមកអាន និងបង្កើនចំណេះដឹងនៅទីនេះ។ ផែរង់ចាំព្រះរំកិល នឹងដើម្បីបន្ថែមភាពងាយស្រួល ក្នុងការធ្វើដំណើរតាមផ្លូវទឹករបស់អាជ្ញាធរឃុំ និងប្រជាជនមូលដ្ឋានទៅកាន់ស្រុកបុរីអូរស្វាយសែនជ័យ និងបណ្តាកោះផ្សេងទៀតចំណុះរដ្ឋបាលឃុំ។
ខ្ញុំបាទតំណាងរដ្ឋបាលឃុំ ស្នើសុំមជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ផ្ដល់ទូកចម្លងសហគមន៍មួយគ្រឿង ដើម្បីបម្រើជាមធ្យោបាយសាធារណៈ ពីព្រោះរដ្ឋបាលឃុំ គ្រោងរៀបចំក្រុមការងារមើលថែរក្សាទាំងផែរង់ចាំ និងទូកចម្លងសហគមន៍។
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលស្រុក, មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង និងទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី ហៅកាត់ថា ទីកា ដែលបានផ្ដល់ផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹកនេះមកកាន់សហគមន៍ព្រះរំកិលយើងខ្ញុំ»។
ឡុង ស៊ីណារ៉ុង ប្រជានេសាទ បច្ចុប្បន្នរស់នៅភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ចែករំលែកការយល់ឃើញរបស់ខ្លួនថា៖ «ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង នៅពេលដែលទទួលបានផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹក។ ខ្ញុំ គឺជាប្រជានេសាទតែងតែចេញទូករកត្រី និងវិលត្រឡប់មកវិញ អាចប្រើប្រាស់ផែរង់ចាំសម្រាប់ចំណតទូក និងអាចអង្គុយលេង និងអានសៀវភៅនៅបណ្ដាល័យបណ្ដែតទឹក។ ក្នុងនាមជាអ្នកភូមិម្នាក់ ខ្ញុំនឹងចូលរួមជួយមើលថែរក្សាផែរង់ចាំ និងបណ្ណាល័យបណ្ដែតទឹកឱ្យបានល្អ»។
អ៊ឺង វណ្ណលីដា សិស្សថ្នាក់ទី៥នៃសាលាបឋមសិក្សាព្រះរំកិល ស្ថិតនៅប្រហែល២គីឡូម៉ែត្រពីផែរង់ចាំព្រះរំកិល និយាយទាំងស្នាមញញឹមរំភើបថា៖ «នៅពេលដែលភូមិរបស់ខ្ញុំ មានបណ្ណាល័យបណ្ដែតទឹក ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំង ពីព្រោះផែរង់ចាំ មានបណ្ណាល័យបណ្ដែតទឹក រក្សាទុកសៀវភៅជាច្រើន ដែលអាចឱ្យសិស្សានុសិស្ស មកអង្គុយអានសៀវភៅបាន»។
គួររំលឹកផងដែរថា សមិទ្ធផលដ៏សំខាន់សម្រាប់គាំទ្រការអភិវឌ្ឍន៍សហគមន៍ និងវិស័យអប់រំ អាចកើតមានឡើងចេញពីគំនិតផ្ដួចផ្ដើមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី ហៅកាត់ថា ទីកា តាមរយៈស្ថានទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកយ៉ាងខ្លាំងមកកាន់អាជ្ញាធរមូលដ្ឋាន, ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅក្នុងសហគមន៍ដាច់ស្រយាល ដូចជាសហគមន៍ព្រះរំកិល៕






























