* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកស្រាវជ្រាវច្បាប់អន្ដរជាតិ បង្ហាញពី តម្លៃគតិយុត្តិនៃកំណត់ទូតរបស់កម្ពុជានៅក្នុងច្បាប់អន្តរជាតិ

25-06-2026 18:45

(ភ្នំពេញ)៖ នៅក្នុងបរិបទនៃនយោបាយសកល និងច្បាប់អន្តរជាតិសម័យទំនើប ការការពារអធិបតេយ្យភាពជាតិមិនត្រឹមតែពឹងផ្អែកលើកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់ឧបករណ៍គតិយុត្តឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ការបន្តជំហរតវ៉ា និងការប្រើប្រាស់យន្តការការទូតយ៉ាងសកម្មចំពោះរាល់ការរំលោភបំពាន ឬការឈ្លានពានណាមួយនៅតាមព្រំដែន គឺជាយុទ្ធសាស្ត្រដ៏វៃឆ្លាតបំផុតដែលរាជរដ្ឋាភិបាលបានប្រកាន់យក។

សម្រាប់លោក ទិត ប៉ារូស ក្នុងនាមជាអ្នកស្រាវជ្រាវច្បាប់អន្តរជាតិ មូលដ្ឋានគ្រឹះដ៏សំខាន់ដែលតម្រូវឱ្យកម្ពុជា ត្រូវតែបន្តប្រតិកម្មតាមផ្លូវការទូតយ៉ាងដាច់ខាតនោះ គឺដើម្បីបង្ការនូវគ្រោះថ្នាក់នៃគោលការណ៍ច្បាប់អន្តរជាតិមួយដែលគេហៅថា «ការព្រមព្រៀងដោយស្ងប់ស្ងាត់» ឬ ជាភាសាអង់គ្លេស «Acquiescence»។ គោលការណ៍នេះចែងថា ប្រសិនបើរដ្ឋមួយដឹងថាមានសកម្មភាពរំលោភបំពានលើសិទ្ធិ ឬទឹកដីរបស់ខ្លួនពីសំណាក់រដ្ឋដទៃ ប៉ុន្តែបែរជារក្សាភាពស្ងៀមស្ងាត់ ឬមិនបានបញ្ចេញប្រតិកម្មតវ៉ាក្នុងរយៈពេលសមស្របណាមួយ នោះតុលាការអន្តរជាតិអាចនឹងបកស្រាយថា ភាពស្ងៀមស្ងាត់នោះគឺជាការ «យល់ព្រម» ឬ «ការបោះបង់» សិទ្ធិអធិបតេយ្យភាពរបស់ខ្លួនទៅឱ្យភាគីម្ខាងទៀតដោយស្ម័គ្រចិត្ត។ ហេតុដូច្នេះហើយ ការចេញកំណត់ទូតតវ៉ា (Note of Protest) នីមួយៗរបស់កម្ពុជា គឺជាកិច្ចការចាំបាច់ដើម្បី «បញ្ឈប់នាឡិកា» នៃភាពស្ងៀមស្ងាត់ និងបញ្ជាក់យ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាមិនដែលទទួលស្គាល់ការចូលកាន់កាប់ខុសច្បាប់ណាមួយឡើយ។

មេរៀនប្រវត្តិសាស្ត្រដែលជាតឹកតាងមិនអាចប្រកែកបាន គឺករណីវិវាទប្រាសាទព្រះវិហារដែលត្រូវបានកាត់សេចក្តីដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំ១៩៦២។ ក្នុងសាលក្រមជាប្រវត្តិសាស្ត្រនោះ តុលាការបានផ្តល់តម្លៃខ្ពស់ដល់គោលការណ៍ «Acquiescence» និងគោលការណ៏Estoppel ( មិនអាចបកក្រោយ ឬបដិសេធអ្វីដែលខ្លួនធ្លាប់បានធ្វើ ឬនិយាយ ដើម្បីគេចវេសពីការទទួលខុសត្រូវឡើយ) ដោយសម្រេចឱ្យកម្ពុជាឈ្នះក្តី ដោយសារតែភាគីថៃបានដឹងពីអត្ថិភាពនៃផែនទីដងរែក ដែលបង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅក្នុងដីខ្មែរ ប៉ុន្តែភាគីថៃ មិនបានធ្វើការតវ៉ាផ្លូវការណាមួយអស់រយៈពេលរាប់សិបឆ្នាំ។ តុលាការបានចាត់ទុកថា ភាពស្ងៀមស្ងាត់របស់ថៃនាពេលនោះ គឺជាការយល់ព្រមតាមខ្សែបន្ទាត់ព្រំដែនដែលបារាំងបានគូស។ នេះជាការបញ្ជាក់របស់អ្នកស្រាវជ្រាវច្បាប់អន្តរជាតិខាងលើ។

លោក ទិត ប៉ារូស បានបន្តថា ផ្អែកលើបុព្វហេតុនេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀនសូត្រយ៉ាងច្បាស់ថា ការរក្សាឱ្យបាននូវ «ការតវ៉ា» គឺជាខែលការពារដ៏រឹងមាំបំផុត។ ទោះបីជាក្នុងស្ថានភាពជាក់ស្តែង ការរំលោភបំពានខ្លះមិនទាន់អាចដោះស្រាយបានភ្លាមៗក៏ដោយ ក៏ការតវ៉ាជាប់ជានិច្ចបានធ្វើឱ្យការកាន់កាប់ជាក់ស្តែងទាំងនោះក្លាយជា «សកម្មភាពដែលមានវិវាទ និងខុសច្បាប់» ជានិរន្តរ៍ ដែលមិនអាចវិវត្តទៅជាអធិបតេយ្យភាពស្របច្បាប់បានឡើយ។ នេះគឺជាការការពារអនាគតជាតិ ព្រោះរាល់ឯកសារតវ៉ាទាំងអស់នឹងក្លាយជាភស្តុតាងដ៏មានតម្លៃបំផុត ប្រសិនបើជម្លោះត្រូវឈានដល់ការកាត់សេចក្តីតាមផ្លូវច្បាប់អន្តរជាតិនៅថ្ងៃណាមួយ។ លើសពីនេះទៅទៀត ការបន្តការទូតយ៉ាងសកម្មក៏មានគោលបំណងបន្សាបយុទ្ធសាស្ត្រ «បង្កើតការពិតនៅលើដី» ដែលភាគីម្ខាងទៀតតែងតែព្យាយាមអនុវត្តតាមរយៈការសាងសង់សំណង់ ការដាក់កម្លាំងទ័ព ឬការរៀបចំរដ្ឋបាលខុសច្បាប់លើដែនអធិបតេយ្យភាពរបស់កម្ពុជា។

មួយវិញទៀតនៅក្នុងច្បាប់អន្តរជាតិ ការកាន់កាប់ជាក់ស្តែងអាចក្លាយជាអំណះអំណាងសម្រាប់ទាមទារកម្មសិទ្ធិ លុះត្រាតែម្ចាស់ដីដើមមិនបានតវ៉ា។ ប៉ុន្តែនៅពេលដែលកម្ពុជាបន្តតស៊ូតាមផ្លូវការទូត សកម្មភាពទាំងនោះនឹងបាត់បង់តម្លៃផ្លូវច្បាប់ភ្លាមៗ ព្រោះវាមិនមែនជាការគ្រប់គ្រងដោយសន្តិវិធី និងដោយគ្មានការជំទាស់ឡើយ ការប្រកាន់ខ្ជាប់នូវគោលការណ៍ (រក្សាស្ថានភាពដដែលតាមច្បាប់) និងការការពារសន្ធិសញ្ញាព្រំដែនបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧ បង្ហាញពីភាពចាស់ទុំ និងភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីដោយសន្តិវិធី។ សរុបមក ការដែលកម្ពុជាមិនជ្រើសរើសភាពស្ងៀមស្ងាត់ គឺជាយុទ្ធសាស្ត្រមាសដែលបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះជាតិ និងប្រជាជន ដើម្បីធានាថាទឹកដីដែលជាមរតកដូនតានឹងមិនត្រូវបានបាត់បង់ដោយសារអន្ទាក់នៃគោលការណ៍ច្បាប់អន្តរជាតិមួយដែលគេហៅថា «ការព្រមព្រៀងដោយស្ងប់ស្ងាត់» ឬ ជាភាសាអង់គ្លេស Acquiescence ឡើយ ហើយកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជានឹងត្រូវបានរក្សាដោយជឿជាក់លើកម្លាំងនៃយុត្តិធម៌អន្តរជាតិ។

អ្នកស្រាវជ្រាវច្បាប់អន្តរជាតិរូបនេះ បានបញ្ជាក់ថា បើយើងវិភាគស៊ីជម្រៅលើទិដ្ឋភាពច្បាប់អន្តរជាតិបន្ថែមទៀត យើងត្រូវពិនិត្យទៅលើឥទ្ធិពលនៃ «ការតវ៉ាជាប្រព័ន្ធ» ដែលជាយុទ្ធសាស្ត្រចម្បងរបស់កម្ពុជាក្នុងការបដិសេធសិទ្ធិរបស់ភាគីម្ខាងទៀត។ នៅក្នុងច្បាប់អន្តរជាតិ សកម្មភាពដែលរដ្ឋមួយអនុវត្តលើទឹកដីដែលមានវិវាទ អាចនឹងវិវត្តទៅជាអធិបតេយ្យភាពស្របច្បាប់បាន លុះត្រាតែសកម្មភាពនោះត្រូវបានធ្វើឡើងដោយ «សន្តិវិធី និងគ្មានការជំទាស់» (Peaceable and Uninterrupted)។ ហេតុដូច្នេះហើយ រាល់ពេលដែលរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីថ្លែងការណ៍តវ៉ា ឬផ្ញើកំណត់ទូតទៅកាន់សហគមន៍អន្តរជាតិ គឺជាការដកចេញនូវលក្ខខណ្ឌ «សន្តិវិធី» នេះឯងដែលវាធ្វើឱ្យការកាន់កាប់របស់ភាគីម្ខាងទៀតក្លាយជាការកាន់កាប់ដោយបង្ខំ និងមានវិវាទជាប្រចាំ ដែលមិនអាចយកមកធ្វើជាមូលដ្ឋានគ្រឹះក្នុងការទាមទារកម្មសិទ្ធិនៅចំពោះមុខតុលាការអន្តរជាតិបានឡើយ ទោះបីជាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយ។

លើសពីនេះទៅទៀត ការរក្សាជំហរតវ៉ាជាប់ជានិច្ច ក៏បានជួយការពារកម្ពុជាពីគោលការណ៍ Prescription ឬ «អាជ្ញាយុកាល» ក្នុងច្បាប់អន្តរជាតិ។ គោលការណ៍នេះអនុញ្ញាតឱ្យរដ្ឋមួយទទួលបានសិទ្ធិលើទឹកដី ប្រសិនបើម្ចាស់ដីដើមមិនបានបង្ហាញឆន្ទៈក្នុងការការពារ ឬតវ៉ាដណ្តើមយកមកវិញក្នុងរយៈពេលយូរអង្វែង។ តាមរយៈការប្រើប្រាស់យន្តការការទូតរបស់ កម្ពុជាបានបង្ហាញយ៉ាងច្បាស់នូវ «ឆន្ទៈម្ចាស់ដី» ដែលជាភស្តុតាងដ៏មានឥទ្ធិពលបំផុតក្នុងការបញ្ជាក់ថា យើងមិនដែលបោះបង់ ឬផ្ទេរសិទ្ធិអធិបតេយ្យភាពទៅឱ្យរដ្ឋដទៃឡើយ។ ការណ៍នេះធានាថា ទោះបីជាស្ថានភាពជាក់ស្តែងនៅលើដីមានភាពស្មុគស្មាញ ប៉ុន្តែឋានៈផ្លូវច្បាប់នៃទឹកដីនោះ នៅតែស្ថិតក្រោមអធិបតេយ្យភាពកម្ពុជាជានិច្ចតាមស្មារតីនៃសន្ធិសញ្ញាប្រវត្តិសាស្ត្រ។

ទន្ទឹមនឹងនេះ ការតស៊ូតាមផ្លូវច្បាប់អន្តរជាតិក៏តម្រូវឱ្យមានការផ្សារភ្ជាប់ជាមួយនឹងការចងក្រងឯកសារភស្តុតាងជាប្រព័ន្ធផងដែរ រាល់សកម្មភាពរំលោភបំពានព្រំដែនដែលត្រូវបានកម្ពុជាកត់ត្រា និងតវ៉ាជាផ្លូវការ នឹងក្លាយជា «កំណត់ត្រាប្រវត្តិសាស្ត្រ» ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ វាក៏ជាសារមួយផ្ញើទៅកាន់បណ្តាប្រទេសមហាអំណាច និងអង្គការអន្តរជាតិឱ្យបានជ្រាបថា កម្ពុជាជាប្រទេសតូចតាចមែន ប៉ុន្តែជាប្រទេសដែលគោរពច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ដែលជួយឱ្យកម្ពុជាមានប្រៀបលើឆាកអន្តរជាតិ និងអាចទាញយកការគាំទ្រផ្នែកនយោបាយពីពិភពលោក ដើម្បីដាក់សម្ពាធឱ្យភាគីឈ្លានពានត្រូវតែវិលត្រឡប់មករកការចរចាដោយសន្តិវិធី និងគោរពបូរណភាពទឹកដីគ្នាទៅវិញទៅមកតាមគោលការណ៍នៃសហឆន្ទៈអន្តរជាតិ។

លោក ទិត ប៉ារូស ក្នុងនាមជាអ្នកស្រាវជ្រាវច្បាប់អន្តរជាតិមួយរូប បានសង្កត់ធ្ងន់ថា ក្នុងន័យបច្ចេកទេស ការការពារអធិបតេយ្យភាពតាមរយៈយុទ្ធសាស្ត្រមិនស្ងៀមស្ងាត់ ក៏ជាការត្រៀមលក្ខណៈទុកជាមុនសម្រាប់យុត្តាធិការនៃតុលាការ ICJ នាពេលអនាគត។ តុលាការតែងតែសួររកភស្តុតាងនៃ «ការតវ៉ាទាន់ពេលវេលា»។ ប្រសិនបើកម្ពុជាខកខានមិនបានតវ៉ាចំពោះសកម្មភាពណាមួយនៅថ្ងៃនេះ នោះនៅថ្ងៃអនាគត យើងនឹងបាត់បង់សិទ្ធិក្នុងការលើកយកចំណុចនោះមកជជែកដេញដោល។ ដូច្នេះ ការដែលរាជរដ្ឋាភិបាលបន្តតាមដាន និងប្រតិកម្មចំពោះគ្រប់សកម្មភាពមិនប្រក្រតីនៅតាមព្រំដែន គឺជាការបំពេញនូវកាតព្វកិច្ចផ្លូវច្បាប់ដ៏ហ្មត់ចត់បំផុត ដើម្បីធានាថារាល់ជម្រើសផ្លូវច្បាប់ទាំងអស់របស់កម្ពុជា នៅតែមានសុពលភាពពេញលេញ និងមិនអាចត្រូវភាគីម្ខាងទៀតប្រើប្រាស់បច្ចេកទេសច្បាប់មកបិទផ្លូវតវ៉ារបស់យើងបានឡើយ។ នេះគឺជាការតស៊ូដ៏យូរអង្វែងដែលទាមទារនូវភាពអត់ធ្មត់ ភាពវៃឆ្លាត និងការឯកភាពជាតិជាធ្លុងមួយ ដើម្បីបុព្វហេតុបូរណភាពទឹកដីដ៏វិសុទ្ធរបស់ជាតិយើង៕