គ.ជ.ប ទទួលជួបអង្គការខុមហ្វ្រែល ស្ដីពីលទ្ធផលសង្កេត ឃ្លាំមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០២៥

25-06-2026 19:09

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, លោក ហង្ស ពុទ្ធា សមាជិក និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ដែលដឹកនាំដោយលោក សុក សំអឿន ប្រធានគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែល ពាក់ព័ន្ធនឹងរបាយការណ៍សង្ខេបស្ដីពី «លទ្ធផលសង្កេត និងឃ្លាំមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០២៥ និងអនុសាសន៍សម្រាប់ឆ្នាំ២០២៦» នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ លោក ហង្ស ពុទ្ធា បានស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូអង្គការខុមហ្វ្រែល និងបានថ្លែងអំណរគុណចំពោះការចូលរួមក្នុងនាមជាភាគីពាក់ព័ន្ធមួយដ៏សំខាន់ក្នុងការសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោតនាពេលកន្លងមក ព្រមទាំងបានដាក់របាយការណ៍ជូន គ.ជ.ប កាលពីពេលថ្មីៗនេះ។

ជំនួបនេះបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាបន្ថែមលើរបាយការណ៍មុននឹងអង្គការខុមហ្វ្រែល ដាក់បង្ហាញជាសាធារណៈនាពេលឆាប់ៗខាងមុខនេះ។

ភាគីអង្គការខុមហ្វ្រែល បានធ្វើបទបង្ហាញ និងលើកឡើងអំពីរបាយការណ៍ដែលខ្លួនបានរកឃើញក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០២៥ មានជាអាទិ៍៖

*ការអនុវត្តការងាររបស់មន្រ្តីចុះឈ្មោះបោះឆ្នោត (ការបិទផ្សាយប្រតិទិនការងារ បញ្ជីបោះឆ្នោត និង ការរៀបចំសម្ភារ សណ្តាប់ធ្នាប់តាមការិយាល័យចុះឈ្មោះបោះឆ្នោត)
*ការចូលរួមរបស់ភាគីពាក់ព័ន្ធពុំសូវមានច្រើន និងពេញលេញ
*ការប្រឈមដោយកត្តាធម្មជាតិ កត្តាចំណាកស្រុក កត្តាសម្ភារ បរិក្ខារបច្ចេកទេស
*និងការរកឃើញទិន្នន័យសង្ស័យមានឈ្មោះស្ទួន ជាដើម។

ទន្ទឹមនឹងនោះ អង្គការខុមហ្វ្រែល បានផ្ដល់អនុសាសន៍ជូនដល់ គ.ជ.ប សម្រាប់ការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦នាពេលខាងមុខនេះផងដែរ រួមមាន៖

*ការជំរុញ និងលើកកម្ពស់ការយល់ដឹងអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតឱ្យបានកាន់តែប្រសើរ (ទិន្នន័យជីវប្រវត្តិ និងទិន្នន័យជីវមាត្រ)
*ការជំរុញការលុបឈ្មោះស្ទួន ឬ/និងសង្ស័យស្ទួន ប្រសិនបើ គ.ជ.បត្រួតពិនិត្យផ្ទៀងផ្ទាត់តាមលក្ខណៈ បច្ចេកទេសបន្ថែមឃើញថាពិតជាទិន្នន័យស្ទួនប្រាកដមែន
*ការស្នើសុំអន្តរាគមន៍ពី គ.ជ.ប សម្របសម្រួល និងណែនាំដល់ លេខាធិការដ្ឋាន ខេត្តរៀបចំការបោះឆ្នោត (ល.ខ.ប) មួយចំនួនសហការ និងសម្របសម្រួលជូនអ្នកសង្កេតការណ៍ខុមហ្វ្រែល ក្នុងការចុះសិក្សា និងប្រមូលព័ត៌មានក្នុងដំណើរការចុះឈ្មោះបោះឆ្នោតស្របតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃលេខ២០០៦ ស.ជ.ណចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨
*ការដោះស្រាយបញ្ហាប្រឈមផ្នែកសម្ភារ បរិក្ខារបច្ចេកទេស ការរៀបចំនិងការគ្រប់គ្រងសណ្តាប់ធ្នាប់ តាមការិយាល័យចុះឈ្មោះ ព្រមទាំងការកាត់បន្ថយនីតិវិធីបំពេញដោយដៃ
*ការបង្កើនការផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗដូចជា គ្រឹះស្ថានសិក្សា និងវិស័យឯកជនមួយចំនួនដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ និងនិស្សិតឱ្យមានច្បាប់ឈប់សម្រាកមកចុះឈ្មោះបោះឆ្នោត
*ការពង្រឹងវត្តមានរបស់មន្ត្រីចុះឈ្មោះបោះឆ្នោតក្នុងម៉ោងពេលបំពេញការងារ។

លោក ហង្ស ពុទ្ធា បានបន្តថា បន្ទាប់ពីបានទទួលរបាយការណ៍ពីអង្គការខុមហ្វ្រែល នាយកដ្ឋានពាក់ព័ន្ធ បានសិក្សាលើករណីនីមួយៗយ៉ាងយកចិត្តទុកដាក់ ហើយ គ.ជ.ប អាចធ្វើការវាយតម្លៃថា ករណីទាំងនោះមានផលប៉ះពាល់តិចតួចក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំ និងការរៀបចំបញ្ជីបោះឆ្នោត។

លោកបានបញ្ជាក់ថា បញ្ហាប្រឈមខ្លះៗដែលបានរកឃើញ គឺជាកំហុសផ្នែកការអនុវត្តការងាររដ្ឋបាលបោះឆ្នោតខ្លះៗរបស់មន្ត្រីចុះឈ្មោះបោះឆ្នោត កត្តាសម្ភារ បរិក្ខារដែលប្រើប្រាស់យូរឆ្នាំដែលបញ្ហាទាំងនេះ គ.ជ.ប បាននិងកំពុងបន្តខិតខំចាត់វិធានការដោះស្រាយ និងកែលម្អឱ្យបានជាប់ជាប្រចាំសម្រាប់ការអនុវត្តនៅឆ្នាំបន្តបន្ទាប់។ ដោយឡែកចំពោះឈ្មោះស្ទួន និងទិន្នន័យសង្ស័យស្ទួន អង្គភាពជំនាញបានសិក្សាផ្ទៀងផ្ទាត់បន្ថែមតាមរយៈស្នាមម្រាមដៃ រកឃើញថា មានឈ្មោះស្ទួនចំនួន ៣៦ឈ្មោះ ស្មើនឹង១៨រូប ប៉ុន្តែទិន្នន័យចំនួន ២២ទៀត ពុំមែនជាទិន្នន័យស្ទួននោះទេ។

លោក ហង្ស ពុទ្ធា បានបន្ថែមថា អនុសាសន៍ភាគច្រើនដែលអង្គការខុមហ្វ្រែលផ្ដល់ជូនមក គ.ជ.ប តាមរយៈរបាយការណ៍នេះ គឺអាចទទួលយកបាន ហើយក៏ស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប ក្នុងការពិនិត្យ ការចាត់វិធានការដោះស្រាយ និងកែលម្អជាប្រចាំក្នុងដំណើរការអនុវត្តការងារជាក់ស្តែង៕