ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ណែនាំភ្នាក់ងារសន្ដិសុខឯកជន រាយការណ៍ករណីសង្ស័យបទល្មើស Online Scams មកកាន់សមត្ថកិច្ច ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា

25-06-2026 19:51

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ដណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវសហការរាយការណ៍ និងផ្ដល់ព័ត៌មានដល់សមត្ថកិច្ចជំនាញ ឬសមត្ថិច្ចមូលដ្ឋាន ក្នុងករណីមានការសង្ស័យទីតាំងណាមួយលបលួចប្រព្រឹត្តបទល្មើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៨៧ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានប្រាប់ទៅភ្នាក់ងារសន្ដិសុខឯកជន ទីតាំងដែលអាចសង្ស័យ គឺទីតាំងដែលមានជនបរទេសរស់នៅប្រមូលផ្តុំគ្នាច្រើន មានឧបករណ៍សម្ភារៈ បច្ចេកវិទ្យា កុំព្យូទ័រច្រើន ទូរស័ព្ទច្រើន និងធ្វើសកម្មភាពដោយមានការលាក់លាម ដូច្នេះត្រូវកត់សម្គាល់ហើយរាយការណ៍ភ្លាម។

លើសពីនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានក្រើនរំលឹកភ្នាក់ងារសន្ដិសុខឯកជន មិនត្រូវគប់គិតជាមួយឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសនេះ ដូចជាការពារទីតាំង ឬការផ្តល់ទីតាំងដល់ក្រុមឧក្រិដ្ឋជន និងមិនសហការជាមួយសមត្ថកិច្ច មានចេតនាលាក់បាំង ព្រមទាំងឃ្លាំមើលសមត្ថកិច្ច ដើម្បីផ្តល់ដំណឹងដល់ក្រុមឧក្រិដ្ឋជនរត់គេចខ្លួនបាន ហើយត្រូវសហការដាច់ខាត ជាមួយសមត្ថកិច្ចមូលដ្ឋាន ឬជំនាញក្នុងការចុះប្រតិបត្តិការ បង្ក្រាបបទល្មើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

លោកបានគូសបញ្ជាក់ថា បទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ជាបទល្មើសមិនប្រពៃណីមួយ ដែលត្រូវយកចិត្តទុកដាក់បំផុត ហើយរាជរដ្ឋាភិបាល បានចេញបទបញ្ជាលេខ០១ និងអនុក្រឹត្យលេខ០៣ ដើម្បីជាយុទ្ធនាការបង្ក្រាបបទល្មើសបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ ឲ្យអស់ចេញពីកម្ពុជា។ ហេតុនេះហើយយើងទាំងអស់គ្នា ត្រូវរួមគ្នាប្តេជ្ញាប្រឆាំងដាច់ខាត និងបង្ក្រាបឲ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា វិស័យសន្តិសុខឯកជន ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយជូនសង្គមជាតិទាំងមូល និងជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។ មួយវិញទៀត គឺការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

ហេតុនេះ ដើម្បីពង្រឹងនូវវិស័យសន្តិសុខឯកជនឲ្យមានការរីកចម្រើន និងប្រកបដោយគុណភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនៃអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានស្នើអគ្គនាយក/អគ្គនាយិកា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន បន្តចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន មកទទួលការបណ្តុះបណ្តាល ឲ្យមានវិជ្ជាជីវៈច្បាស់លាស់ យល់ដឹងអំពីច្បាប់ យល់ដឹងអំពីវិធីសាស្រ្តការពារគោលដៅ ការពារកន្លែងកើតហេតុ ទប់ស្កាត់បទល្មើស ទប់ស្កាត់អគ្គីភ័យនិងសង្គ្រោះជនរងគ្រោះចេញពីអគ្គីភ័យ ដែលជាកិច្ចការងារចម្បង សម្រាប់ភ្នាក់ងារសន្តិសុខឯកជន៕