គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងផ្លាស់ប្តូរជីវភាពពលរដ្ឋនៅស្រុករវៀង ខេត្តព្រះវិហារ

25-06-2026 20:46

(ព្រះវិហារ)៖ ប្រជាពលរដ្ឋរស់នៅតាមតំបន់ជនបទក្នុងឃុំរមទម និងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ កំពុងទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់ពីគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ឱ្យមានភាពប្រសើរឡើងស្របតាមស្តង់ដាររស់នៅសម័យទំនើប។

ជាក់ស្តែងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ទិត្យ សុផា នាយកកម្មវិធី RWSHISDP បានដឹកនាំប្រតិភូក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជនបទ នៅក្នុងឃុំរមទម និងឃុំរមណីយ ស្រុករវៀង។

ក្នុងដំណើរចុះពិនិត្យនេះ គណៈប្រតិភូបានវាយតម្លៃលើសមិទ្ធិផលជាក់ស្តែងដែលកំពុងសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីធានាថាប្រជាពលរដ្ឋនៅតំបន់ជនបទអាចទទួលបានសេវាទឹកស្អាត និងអនាម័យប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។

សមិទ្ធិផលសំខាន់ៗដែលសម្រេចបាន និងកំពុងអនុវត្តរួមមាន ស្ថានីយចែកចាយទឹកស្អាតសហគមន៍ចំនួន១កន្លែង កំពុងសាងសង់ ដោយមានអាងស្តុកទឹកចំណុះ១០ម៉ែត្រគូប និងប៉មទឹកកម្ពស់១៥ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ទន្ទឹមនឹងនេះ គម្រោងក៏បានសាងសង់បង្គន់អនាម័យសាធារណៈ និងអាងត្រងទឹកភ្លៀងសាធារណៈចំណុះ ១០,០០០លីត្រ នៅសាលាបឋមសិក្សាស្រែធ្នង់ ដើម្បីលើកកម្ពស់សុខភាព និងអនាម័យសម្រាប់សិស្សានុសិស្ស និងសហគមន៍។

ជាមួយគ្នានេះដែរ គម្រោងបានផ្តល់អណ្តូងទឹកបំពាក់ម៉ូទ័រប្រើប្រាស់ថាមពលព្រះអាទិត្យ ពាងត្រងទឹកភ្លៀងចំណុះ១ម៉ែត្រគូប និងបង្គន់អនាម័យគ្រួសារ ដែលជួយឱ្យប្រជាពលរដ្ឋមានប្រភពទឹកស្អាតប្រើប្រាស់ និងលើកកម្ពស់ការរស់នៅប្រកបដោយអនាម័យនៅតាមមូលដ្ឋាន។

ការអនុវត្តគម្រោងនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍន៍ ក្នុងការពង្រីកវិសាលភាពសេវាទឹកស្អាត និងអនាម័យទៅកាន់តំបន់ជនបទ ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានសិទ្ធិជាមូលដ្ឋានក្នុងការប្រើប្រាស់ទឹកស្អាត និងអនាម័យប្រកបដោយគុណភាព៕