សាកលវិទ្យាល័យវេស្ទើន បង្ហាញភាពជឿជាក់តាមរយៈការវាយតម្លៃគុណភាពអប់រំកម្រិតពាក់កណ្តាលអាណត្តិ​ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា

25-06-2026 20:49

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវេស្ទើន បានទទួលស្វាគមន៍ប្រតិភូគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ក្នុងដំណើរទស្សនកិច្ចផ្លូវការចុះវាយតម្លៃពាក់កណ្តាលអាណត្តិ​ នៃការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា​ ដែលកម្មវិធីនេះគឺជាការបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សាកលវិទ្យាល័យ ក្នុងការរក្សា និងលើកកម្ពស់ស្តង់ដារអប់រំគុណភាពខ្ពស់។

ពិធីនេះប្រព្រឹត្តទៅនាពេលថ្មីៗនេះ ក្រោមអធិបតីភាពលោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវេស្ទើន និងលោម លី វុទ្ធី ប្រធានក្រុមការងារវាយតម្លៃនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មហាវិទ្យាល័យ និងការិយាល័យពាក់ព័ន្ធនានាជាច្រើនរូប។

បើតាមលោក លីម ខេវិន តំណាងសាកលវិទ្យាល័យបានឲ្យដឹងថា ការវាយតម្លៃនេះ មិនត្រឹមតែជាការបំពេញតាមលក្ខខណ្ឌច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសដ៏ល្អមួយសម្រាប់សាកលវិទ្យាល័យវេស្ទើន ក្នុងការបង្ហាញពីវឌ្ឍនភាពជាក់ស្តែងលើផ្នែកសំខាន់ៗចំនួនបី​មានដូចជា (១)ការអភិវឌ្ឍកម្មវិធីសិក្សា៖ ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល​ (២)​ បរិស្ថានសិក្សា និងបច្ចេកវិទ្យា៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងស្ថាប័នឱ្យកាន់តែទំនើប ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការសិក្សា​ (៣)​ សមិទ្ធផលសិក្សាស្រាវជ្រាវ៖ ការលើកកម្ពស់វប្បធម៌ស្រាវជ្រាវក្នុងចំណោមសាស្ត្រាចារ្យ និងនិស្សិត ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម។

ក្នុងឱកាសនោះ លោម តែ ឡូរិន បានឱ្យដឹងថា​ ការទទួលស្គាល់គុណភាពអប់រំ មិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែវាជាដំណើរការបន្តបន្ទាប់ដែលយើងត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ សាកលវិទ្យាល័យវេស្ទើនកំពុងប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាងមូលដ្ឋានគ្រឹះអប់រំដែលរឹងមាំ ដើម្បីធានាថា​ ធនធានមនុស្សដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរបស់យើង មិនត្រឹមតែមានចំណេះដឹងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណធម៌ និងសមត្ថភាពប្រកួតប្រជែងខ្ពស់ទាំងក្នុងកម្រិតជាតិ និងតំបន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុមការងារគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) នាពេលនេះ នឹងផ្តល់ជូននូវធាតុចូលវិជ្ជមាន និងអនុសាសន៍គន្លឹះ ដើម្បីឱ្យសាកលវិទ្យាល័យវេស្ទើនបន្តកែលម្អគុណភាពឱ្យកាន់តែល្អប្រសើរ។ នេះគឺជាសញ្ញាណដ៏វិជ្ជមានមួយដែលបង្ហាញដល់សាធារណជន មាតាបិតា និងនិស្សិតថា សាកលវិទ្យាល័យវេស្ទើន គឺជាគ្រឹះស្ថានអប់រំដែលមានទំនួលខុសត្រូវខ្ពស់ និងផ្តល់តម្លៃពិតប្រាកដដល់អនាគតរបស់និស្សិត ៕