អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យ និងស្វែងយល់អំពីដំណើរការចិញ្ចឹមត្រីទីឡាព្យា ដោយលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានអនុវត្តការចិញ្ចឹមត្រីទៅតាមស្តង់ដារបច្ចេកទេស
25-06-2026 21:40
(កណ្តាល)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការចិញ្ចឹមត្រីទីឡាព្យានៅកសិដ្ឋានបន្លែសុវត្ថិភាពកោះធំស្ថិតនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
នៅក្នុងដំណើរការអញ្ជើញចុះពិនិត្យ និងជួបម្ចាស់កសិដ្ឋានខាងលើរបស់បណ្ឌិត កៅ ថាច ក៏មានការចូលរួមអមដំណើរដោយលោក បាន លឹម អគ្គនាយករងធនាគារ ARDB លោក ប៉ិច សានី អគ្គនាយករងធនាគារ ARDB និងលោក ចាន់ សីហា អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី និងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោផងដែរ។
ក្នុងឱកាសនោះលោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះការវិនិយោគលើការចិញ្ចឹមត្រីទីឡាព្យាដែលកំពុងតែមានតម្រូវការខ្ពស់នៅក្នុងស្រុកហើយការវិនិយោគនេះជាការបង្កើនផលិតផលត្រីសម្រាប់ការផ្គត់ផ្គង់លើទីផ្សារនឹងឈាន ដល់ការកាត់បន្ថយនាំចូលពីប្រទេសជិតខាង។
ទន្ទឹមនោះលោកបណ្ឌិតប្រតិភូ ក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានខាងលើត្រូវបង្កើតផលិតភាព ដោយបន្តអនុវត្តការចិញ្ចឹមត្រីក្នុងស្រុកទៅតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវព្រមទាំងជួយជំរុញផ្នែកបច្ចេកទេស និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅកាន់កសិករផងដែរជាពិសេស ត្រូវជំរុញការអភិវឌ្ឍលើការចិញ្ចឹមត្រីទៅជាលក្ខណៈពាណិជ្ជកម្ម។
សូមជម្រាបថា កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យាខាងលើគឺកំពុងតែពង្រីកអាជីវកម្មបន្ថែមទៀត ដោយទទួលបានការគាំទ្រឥណទានពីធនាគារ ARDB ដើម្បីយកទៅពង្រីកអាជីវកម្មហើយកសិដ្ឋានក៏កំពុងចិញ្ចឹមកូនត្រីទីឡាព្យាជាង ១លានក្បាលនៅក្នុងស្រះចំនួន១៨ ហើយនៅក្នុងដំណាក់កាលដំបូង មានស្រះសរុបជាង ២៦ស្រះផងដែរ៕






















